សង្គម

កម្មវិធីបង្ហាញពីសក្តានុពល វប្បធម៌ និងឱកាសកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សាធារណរដ្ឋឆែក ចាប់ផ្តើមនៅខេត្តកែប

image


កែប៖ កម្មវិធីដែលបង្ហាញពីចំណុចគួរឱ្យចាប់អារម្មណ៍របស់សាធារណរដ្ឋឆែក រួមមានជំនាញ ប្រពៃណី សោភ័ណភាព និងវប្បធម៌ ព្រមទាំងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋឆែក បានចាប់ផ្តើមនៅខេត្តកែប កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

កម្មវិធីនេះមានគោលបំណងនាំស្ថានទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ដែលដឹកនាំដោយលោកស្រីឯកអគ្គរដ្ឋទូត Markéta Kolc Hájková ឱ្យកាន់តែខិតជិតទៅកាន់បណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្កើតទំនាក់ទំនងដោយផ្ទាល់ជាមួយសហគមន៍មូលដ្ឋាន។

បន្ទាប់ពីខេត្តកែប កម្មវិធីនេះគ្រោងនឹងបន្តទៅកាន់ខេត្តបាត់ដំបង និងខេត្តសៀមរាប រហូតដល់ចុងឆ្នាំ២០២៦ ហើយនឹងពង្រីកទៅកាន់ខេត្តផ្សេងៗទៀតនៅឆ្នាំ២០២៧។
កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងដោយលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិករដ្ឋសភានីតិកាលទី៧ តំណាងរាស្ត្រមណ្ឌលខេត្តកែប និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-សាធារណរដ្ឋឆែក និងរៀបចំឡើងដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលខេត្តកែប ដឹកនាំដោយលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងស្ថានទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា។

ក្នុងកម្មវិធីនេះ មានការរៀបចំបបទបង្ហាញជាបន្តបន្ទាប់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋឆែក ទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងជាពិសេស កិច្ចសហប្រតិបត្តិការនាពេលអនាគត។ ប្រធានបទសំខាន់ៗរួមមាន កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ វិស័យអប់រំ និងកម្មវិធីអាហារូបករណ៍ វិស័យធុរកិច្ច ព្រមទាំងវប្បធម៌។

លោកស្រីឯកអគ្គរដ្ឋទូត Markéta Kolc Hájková បានមានប្រសាសន៍ថា សាធារណរដ្ឋឆែក គឺជាប្រទេសមួយក្នុងចំណោមប្រទេសអឺរ៉ុបតែ៤ប៉ុណ្ណោះ ដែលមានស្ថានទូតប្រចាំនៅរាជធានីភ្នំពេញ។ លោកស្រីបានចាត់ទុកថា វត្តមានស្ថានទូតនេះបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងមិត្តភាព ការចាប់អារម្មណ៍របស់សាធារណរដ្ឋឆែកចំពោះកម្ពុជា និងការជឿទុកចិត្តលើអនាគត និងវិបុលភាពរបស់កម្ពុជា។

លោកស្រីឯកអគ្គរដ្ឋទូតបានបន្តថា ទោះបីជាកិច្ចពិភាក្សាកម្រិតខ្ពស់ និងការសម្រេចចិត្តជាយុទ្ធសាស្ត្រដែលធ្វើឡើងនៅរាជធានីភ្នំពេញ មានសារៈសំខាន់យ៉ាងណាក៏ដោយ ក៏កិច្ចការទាំងនេះត្រូវការបង្ហាញឱ្យក្លាយជាលទ្ធផលជាក់ស្តែង តាមរយៈការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការប្រចាំថ្ងៃ ដែលផ្អែកលើទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

លោកស្រី បានបញ្ជាក់ថា នេះជាមូលហេតុដែលស្ថានទូតសាធារណរដ្ឋឆែកមកកាន់ខេត្តកែប ដើម្បីនាំប្រជាជនកម្ពុជា និងប្រជាជនឆែកឱ្យកាន់តែខិតជិតគ្នា ព្រមទាំងស្វែងរកវិស័យដែលមានសក្តានុពលសម្រាប់សកម្មភាពរួមគ្នានាពេលអនាគត។

កម្មវិធីនេះមានការចូលរួម និងដឹកនាំរួមដោយថ្នាក់ដឹកនាំខេត្តកែប ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋក្នុងខេត្តមកពីមជ្ឈដ្ឋានផ្សេងៗ រួមមាន និស្សិត អ្នកជំនួញ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។

បន្ថែមពីលើការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ កម្មវិធីនេះក៏ត្រូវបានបង្កើនភាពទាក់ទាញតាមរយៈការតាំងពិព័រណ៍រូបថតបង្ហាញពីទេសភាព និងប្រពៃណីរបស់សាធារណរដ្ឋឆែក ព្រមទាំងការតាំងបង្ហាញស្នាដៃសិល្បៈកញ្ចក់ និងការរចនា (Glass Art and Design) ដែលជាផ្នែកដ៏ល្បីល្បាញមួយនៃវប្បធម៌ និងសិល្បៈរបស់សាធារណរដ្ឋឆែក។

ការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយជនជាតិឆែកដែលរស់នៅកម្ពុជា និងអ្នកដែលមានចំណាប់អារម្មណ៍ចំពោះវប្បធម៌ឆែក ដោយស្ម័គ្រចិត្តរួមគ្នាក្រោមគំនិតផ្តួចផ្តើមក្នុងតំបន់របស់ Bohemindo។ ការតាំងពិព័រណ៍នេះធ្លាប់ត្រូវបានរៀបចំ និងបង្ហាញដោយជោគជ័យនៅរាជធានីភ្នំពេញកាលពីខែធ្នូ ឆ្នាំ២០២៥។

ការនាំយកការតាំងពិព័រណ៍មកកាន់ខេត្តកែបលើកនេះ បានផ្តល់ឱកាសពិសេសដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមក្នុងខេត្ត ដើម្បីស្វែងយល់អំពីប្រទេសឆែក ទាំងក្នុងផ្នែកវប្បធម៌ ប្រពៃណី សិល្បៈ និងសោភ័ណភាព ព្រមទាំងទទួលបានបទពិសោធន៍មួយផ្នែកនៃបរិយាកាស និងអត្តសញ្ញាណវប្បធម៌ឆែកនៅក្នុងខេត្តកែបផ្ទាល់។

កម្មវិធីនេះត្រូវបានចាត់ទុកថា ជាវេទិកាមួយសម្រាប់ពង្រឹងទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនឆែក និងបើកឱកាសសម្រាប់ការស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗក្នុងវិស័យអប់រំ អភិវឌ្ឍន៍ ធុរកិច្ច វប្បធម៌ និងវិស័យមានសក្តានុពលផ្សេងទៀតនាពេលអនាគត៕