លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាអ្នកច្បាប់ និងលើកទិសដៅការងារបន្ត
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តរបស់ក្រុមប្រឹក្សាអ្នកច្បាប់។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលការងារគួរឱ្យកត់សម្គាល់ដែលក្រុមប្រឹក្សាអ្នកច្បាប់សម្រេចបានក្នុងរយៈពេល ៣ឆ្នាំមកនេះ ជូនរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាការបំពេញភារកិច្ចក្នុងការពិនិត្យនិងផ្តល់យោបល់ជូនរាជរដ្ឋាភិបាល ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ រហូតមក។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការបានបន្តថា ទោះបីយើងសម្រេចបាននូវបរិមាណគួរឱ្យកត់សម្គាល់ និងមានល្បឿនការងារលឿនជាងមុន ខណៈដែលទំហំការងារកាន់តែមមាញឹកជាងមុនក្តី ក៏ប៉ុន្តែគុណភាពការងារនៅពុំទាន់ឈានឡើងដល់កម្រិតដែលចង់បាននៅឡើយ ពិសេសសមត្ថភាពពិនិត្យនិងផ្តល់យោបល់ក្រៅពីទិដ្ឋភាពទម្រង់ច្បាប់ ដូចជាពាក់ព័ន្ធនឹងការងារតាក់តែងខ្លឹមសារ ការប្រឹក្សាច្បាប់ និងការវិភាគបែបស៊ីជម្រៅលើអត្ថបទនៃលិខិតបទដ្ឋានគតិយុត្តនានាជាដើម។
ដូច្នេះ កិច្ចប្រជុំពិភាក្សារបស់យើងនាថ្ងៃនេះ នឹងផ្តោតលើការពង្រឹងសមត្ថភាព និងគុណភាពការងារ ពាក់ព័ន្ធនឹងការប្រឹក្សាច្បាប់ និងការតាក់តែងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការបន្តកែលម្អរបៀបរបបការងារ បេសកកម្ម រចនាសម្ព័ន្ធ និងឡូជីស្ទិក ដើម្បីផ្តល់ការគាំទ្រដល់គោលដៅនេះ សំដៅធ្វើឱ្យក្រុមប្រឹក្សាអ្នកច្បាប់ស័ក្តិសមជាសេនាធិការច្បាប់ប្រកបដោយជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់នូវដំណោះស្រាយ និងអនុសាសន៍មួយចំនួនចំពោះបញ្ហាប្រឈម និងសំណូមពរនានារបស់គណៈប្រតិបត្តិ ក្រុមពិនិត្យ ស្រាវជ្រាវ និងផ្តល់យោបល់ទាំង៤ និងក្រុមការងារជំនាញទាំង៣ ព្រមទាំងបានផ្តល់នូវការតម្រង់ទិស ចំពោះទិសដៅការងារដែលក្រុមប្រឹក្សាអ្នកច្បាប់ត្រូវអនុវត្តបន្ត។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការក៏បានផ្តល់ការណែនាំដល់គណៈប្រតិបត្តិនៃក្រុមប្រឹក្សាអ្នកច្បាប់ត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ការតាមដានវឌ្ឍនភាពការងារ និងការពង្រឹងវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមបទបញ្ជាផ្ទៃក្នុង ក៏ដូចជាគុណតម្លៃស្នូល និងអភិក្រមការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី។ ទន្ទឹមនេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ត្រូវបញ្ចប់នូវផែនការយុទ្ធសាស្រ្ត និងត្រូវរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ ដើម្បីតម្រង់ទិសការអភិវឌ្ឍស្ថាប័ន។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់ការណែនាំឱ្យបង្កើនការសម្របសម្រួល សហថាមភាព និងភាពប្រឡាក់ក្រឡាគ្នាជាអង្គតែមួយ លើការងារកែទម្រង់ច្បាប់ ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទ ដ្ឋា ន គតិយុត្ត (RIA) និងការតាមដានត្រួតពិនិត្យ (M&E) រវាងក្រុមប្រឹក្សាអ្នកច្បាប់ជាមួយនឹងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងអង្គភាពពាក់ព័ន្ធផ្សេងទៀតចំណុះទីស្តីការគណៈរដ្ឋមន្រ្តី។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុតក៏បានផ្តល់ការណែនាំ និងលើកទឹកចិត្តឱ្យបន្តបង្កើនសមត្ថភាពជាប់ជាប្រចាំ តាមរយៈការខិតខំស្រាវជ្រាវ និងការចូលរួមវគ្គបណ្តុះបណ្តាលនានា ក៏ដូចជាតាមរយៈការបង្កើនការពិភាក្សាផ្លាស់ប្តូរ យោបល់ ចែករំលែកចំណេះដឹងនិងបទពិសោធ តាមក្រុមការងារនីមួយៗ និងរវាងក្រុមការងារនីមួយៗ ផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីបង្កើនសមត្ថភាពក្នុងការតាក់តែង និងការពិនិត្យផ្តល់យោបល់ប្រឹក្សាច្បាប់ ដោយភាពម៉ត់ចត់ ច្បាស់លាស់ និងឈរលើមូលដ្ឋានច្បាប់ត្រឹមត្រូវ មិនមែនតាមការយល់ឃើញផ្ទាល់ខ្លួន៕