ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភា
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ បានយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភា។
ក្នុងបរិយាកាសដ៏អធិកអធម ប្រកបដោយក្តីសោមនស្សរីករាយ និងមោទនភាពជាតិយ៉ាងជ្រាលជ្រៅ ព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «វិមានសាមគ្គីភាព»របស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានក្លាយជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាបំផុតមួយ ដែលត្រូវបានចារឹកទុកយ៉ាងវិសេសវិសាលក្នុងទំព័រប្រវត្តិសាស្ត្រទំនើបនៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការបើកទំព័រថ្មីនៃសមិទ្ធផលផ្នែកហេដ្ឋារចនាសម្ព័ន្ធស្ថាប័ននីតិប្បញ្ញត្តិនោះទេ ប៉ុន្តែគឺជាការរំលេចឡើងនូវស្មារតីជាតិដ៏រឹងមាំ ការបង្រួបបង្រួម និងភាពសុខដុមរមនារបស់ប្រជាជាតិខ្មែរទាំងមូល ក្រោមមគ្គុទ្ទេសក៍ដ៏ត្រជាក់ត្រជុំនៃអង្គព្រះមហាក្សត្រ។
ព្រះរាជពិធីសម្ពោធនាព្រឹកនេះ មានវត្ដមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ព្រមទាំងមន្ត្រីរាជការ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សមាជិក សមាជិកា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងវត្ដរបស់សប្បុរសជនជាច្រេីនរូប។
ព្រះរាជពិធីសម្ពោធនាព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្វាយសៀវភៅវិមានសាមគ្គីភាព : អគារកេរដំណែល និងប្រវត្តិសាស្ត្រ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ហេីយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងប្រោស ព្រះរាជទានក្រាំងមាស ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិញផងដែរ។
ព្រះរាជពិធីដ៏វិសេសវិសាល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងទត សាលភគវន្ត និងសាលសហមេត្រីយ ជាន់ទី២ នៃវិមានសាមគ្គីភាពទុកជាអនុស្សាវរីយ៍ នៅសាលពន្លាធិបតី ជាន់ទី១ នៃវិមានសាមគ្គីភាព នេះឱកាសនេះ។
ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់មានព្រះរាជបន្ទូលថា “វិមានសាមគ្គីភាព” បង្ហាញ ឱ្យឃើញពីគុណតម្លៃ និងទស្សនវិជ្ជាដឹកនាំស្នូលរបស់ថ្នាក់ដឹកនាំខ្មែរ ដែលយល់យ៉ាងច្បាស់ ថាការបង្រួបបង្រួមជាតិ និងសាមគ្គីភាពជាតិ គឺជាសសរទ្រូងដ៏រឹងមាំនៃ សន្តិភាព ស្ថិរភាព និងភាពរីក៏ចម្រើនដ៏យូរអង្វែងរបស់កម្ពុជា ។
ទ្រង់កោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលផ្តួចផ្តើមគំនិតបង្កើតទស្សនទាន និងដឹកនាំការកសាង “វិមានសាមគ្គីភាព”នៅលើទីតាំងជ័យភូមិជាញជ័យដ៏ពិសិដ្ឋនេះឡើង សម្រាប់ទុកជាបេតិកភណ្ឌ ជាតិដ៏វិសេសវិសាលមួយទៀតរបស់ជាតិ។
យោងតាមរបាយការណ៍របស់ឯកឧត្ដមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាការសាងសង់ បានឲ្យដឹងថា«វិមានសាមគ្គីភាព» បានបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៦ ហេីយមុនពេលប្រារព្ធព្រះរាជពិធីសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពលី និងសូត្រមន្តឡើងអគារ «វិមានសាមគ្គីភាព»នេះ។
«វិមានសាមគ្គីភាព» នេះមានបណ្តោយប្រវែង ៧៩ម៉ែត្រ ទទឹងប្រវែង ៤៧ម៉ែត្រ និងកម្ពស់ ៤ជាន់, មានសាលសំខាន់ៗដូចជា
-សាលពលាធិបតី ជាទីតាំងសម្រាប់ប្រាស់ទទួលបដិសណ្ឋារកិច្ចផ្លូវការចំពោះប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសជាមិត្ដ
-សាលសហមេត្រី មានន័យថាជាទីសម្រាប់ចងសម្ព័នភាព និងមន្ដ្រីភាព ត្រូវបានរៀបចំឡេីងសម្រាប់ជំនូបទ្វេរភាគីតវាងសម្ដេខប្រធានព្រឹទ្ធសភា ជាមួយថ្នាល់ដឹកនាំបណ្ដាប្រទេសជាមិត្ដ
-សាលភគវន្ដ ជាទីតាំងដែលមានយសសក្ដិនិងជោគជ័យខ្ពង់ខ្ពស់ប្រេីសម្រាប់ទទួលសារតាំង។ ក្នុងករណីអចវត្ដមានព្រះមហាក្សត្រ ប្រធានព្រឹទ្ធ សភានឹងបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីដេីម្បីទទួលសារតាំងពីរឯកអគ្គរាជទូត ឬរដ្ឋទូតនៃបណ្ដាប្រទេសជាមិត្ដ។
-សាលទេសមន្ដ ជាមណ្ឌលផ្ដល់ព័ត៌មានជាក់ លាក់ ត្រឹមត្រូវ ពិតប្រាកដ
-សាលតេជោធិបតី មានន័យ ថាជាភាពឧត្ដុងឧត្ដម ជាមិត្ដរូបនៃយសក្ដិ ស្ដែងចេញនូវតេជះ និងអនុភាពខ្លាំងក្លា សាលនេះជាការិយាល័យការងាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែសែនប្រធានព្រឹទ្ធសភា។
-សាលអាហាភិរម្យ សម្រាប់រៀបចពិធីលៀងសាយភោជនផ្លូវការជូនដល់ឥស្សរជនជាន់ខ្ពស់និងគណៈប្រតិភូបរទេស និងមានបណ្ណាល័យព្រឹទ្ធសភា ដែលជាឃ្លាំងចំណេះដឹង និងបញ្ញាញាណ ដើម្បីបម្រើដល់ការកសាងជាតិជាបណ្ណាល័យឯកទេសមួយដែលគាំទ្រដល់ព្រឹទ្ធសភា អ្នកស្រាវជ្រាវ និងសាធារណជន ដោយផ្តល់ឯកសារផ្នែកច្បាប់ និងអប់រំផ្សេងៗ ដែលជាកន្លែងអាន និងសិក្សា សៀវភៅ និងឯកសារព្រឹទ្ធសភា និងបេីកឱ្យចូលមកបណ្ណាល័យនេះរាល់ ថ្ងៃចន្ទ-សុក្រ៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ អេង សុគុណ, ង៉ាន់សំណាង, អ៊ុន ផាណាត់