អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សាអំពីវឌ្ឍនភាព និងប្រតិបត្តិការរបស់កំពង់ផែស្វយ័តភ្នំពេញ
កណ្ដាល៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សាអំពីវឌ្ឍនភាព និងប្រតិបត្តិការរបស់កំពង់ផែស្វយ័តភ្នំពេញ។
ក្នុងឱកាសដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ាប្រធាន និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ ឯកឧត្តម ម៉ម រិទ្ធី សមាជិកក្រុមប្រឹក្សាភិបាលនៃកំពង់ផែស្វយ័តភ្នំពេញ និងជាទីប្រឹក្សាសម្តេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា តំណាង ឯកឧត្តម អ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃកំពង់ផែស្វយ័តភ្នំពេញ។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីវឌ្ឍនភាព សមត្ថភាព និងសក្តានុពលរបស់កំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងតួនាទីដ៏សំខាន់របស់កំពង់ផែ ក្នុងការគាំទ្រដល់ការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
តាមរយៈដំណើរទស្សនកិច្ចនេះ សភាពាណិជ្ជកម្មកម្ពុជាក៏បានស្វែងយល់បន្ថែមអំពីឱកាសនានា ក្នុងការពង្រឹងកិច្ចសហការរវាងវិស័យឯកជន និងកំពង់ផែស្វយ័តភ្នំពេញ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពប្រព័ន្ធដឹកជញ្ជូន និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងតំបន់ និងលើឆាកអន្តរជាតិ។
ក្នុងឱកាសនោះ អ្នកឧកញ៉ាប្រធានបានលើកឡើងអំពីតួនាទី និងបណ្តាញរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការគាំទ្រ និងតំណាងឱ្យវិស័យឯកជន។ បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជាមាននៅតាមបណ្តាខេត្តនានា ព្រមទាំងបានពង្រឹង និងពង្រីកបណ្តាញអន្តរជាតិ តាមរយៈការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ចំនួន ៨ ការិយាល័យ រួមមាន៖ ប្រទេសជប៉ុន (សេនដាយ) ប្រទេសកាណាដា (តូរ៉ុនតូ និងម៉ុងរ៉េអាល់) សហរដ្ឋអាមេរិក (កាលីហ្វ័រញ៉ា) ប្រទេសអូស្ត្រាលី (មែលប៊ន ស៊ីដនី និងអាដេឡែត) និងប្រទេសនូវែលសេឡង់ (អូក្លង់)។ ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជាគ្រោងនឹងបង្កើតការិយាល័យតំណាងនៅប្រទេសបារាំងនាពេលខាងមុខ។
ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជាក៏មានតួនាទីសំខាន់ក្នុងក្រុមការងារនៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលជាយន្តការដ៏សំខាន់សម្រាប់ប្រមូល និងលើកយកបញ្ហាប្រឈមរបស់វិស័យឯកជន ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយជាមួយរាជរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការស្វែងយល់ពីតម្រូវការ និងសក្តានុពលនៃវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ព្រមទាំងបន្តជំរុញកិច្ចសហការរវាងវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យកាន់តែប្រសើរឡើង៕
អត្ថបទ ចេង ឆហួត រូបភាព លឹម មុនី និងអ៊ុន ផាន់ណាត់