សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៦ ដើម្បីស្វែងរកកាលានុវត្តភាពថ្មីក្នុងវិស័យនាំចេញ-នាំចូល ក្នុងបរិការណ៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកលកំពុងវិវត្តយ៉ាងឆាប់រហ័ស
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំ «វេទិកាធុរកិច្ច និងនវានុវត្តន៍ឆ្នាំ២០២៦» ក្រោមប្រធានបទ «កាលានុវត្តភាពវិស័យនាំចេញ-នាំចូលរបស់កម្ពុជា» ក្នុងគោលបំណងចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពាក់ព័ន្ធនឹងការវិវត្តនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ព្រមទាំងស្វែងរកកាលានុវត្តភាព និងដំណោះស្រាយថ្មីៗ ដើម្បីជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ធុរជន និងវិស័យឯកជនកម្ពុជា។
វេទិកានេះ ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត OCIC ដែលប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងឯកឧត្តមអ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធាន អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ។
វេទិកានេះ ក៏មានការចូលរួមពី វាគ្មិន និងអ្នកជំនាញពីវិស័យសាធារណៈ និងឯកជន ព្រមទាំងធុរជន និងវិនិយោគិនក្នុងស្រុក និងបរទេសប្រមាណ ៥០០នាក់។
ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការរៀបចំវេទិកាឆ្នាំ២០២៦ គឺបន្តពីលទ្ធផល និងបទពិសោធន៍ដែលទទួលបានពីវេទិកាកាលពីឆ្នាំ២០២៥ ដើម្បីផ្តល់ឱកាសដល់ម្ចាស់អាជីវកម្ម និងវិនិយោគិន ក្នុងការទទួលបានព័ត៌មានថ្មីៗ និងស្វែងយល់អំពីការប្រែប្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចសកល ដែលអាចជួយឱ្យអាជីវកម្មកាត់បន្ថយហានិភ័យ និងសម្របខ្លួនទៅនឹងការវិវត្តនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
ឧកញ៉ាបានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ន ស្ថានភាពភូមិសាស្ត្រនយោបាយ និងភាពតានតឹងនៅតាមតំបន់នានា រួមទាំងសង្គ្រាមនៅមជ្ឈិមបូព៌ា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងស្ថានការណ៍ដ៏តានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បាន និងកំពុងបង្កការលំបាកដល់សកម្មភាពពាណិជ្ជកម្ម និងអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា។
តាមរយៈវេទិកានេះ សភាពាណិជ្ជកម្មកម្ពុជា មានគោលបំណងបង្កើតលំហសម្រាប់ការផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍រវាងវិស័យសាធារណៈ និងឯកជន ជាពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើនប្រសិទ្ធភាពក្នុងការនាំចេញ-នាំចូល។
ក្នុងកម្មវិធីនេះ ឯកឧត្តមអ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធាន អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានធ្វើបទបាឋកថាស្តីពី «កាលានុវត្តភាពភស្តុភារកម្មកម្ពុជា» ដោយផ្តោតលើតួនាទី និងសក្តានុពលរបស់វិស័យនេះ ក្នុងការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។
ជាមួយគ្នានេះ វេទិកាក៏មានកិច្ចពិភាក្សាក្រោមប្រធានបទ «ការបង្កើនប្រសិទ្ធភាពវិស័យដឹកជញ្ជូន និងភស្តុភារកម្មសម្រាប់ភាពប្រកួតប្រជែងក្នុងពាណិជ្ជកម្មសកល» ដោយមានការចូលរួមពីវាគ្មិន និងអ្នកជំនាញមកពីវិស័យពាក់ព័ន្ធ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈអំពីការកែលម្អប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជា។
ឧកញ៉ា លឹម សុជាតិ បានបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា នឹងបន្តសហការជាមួយដៃគូជាតិ និងអន្តរជាតិ ក្នុងការបង្កើតវេទិកា និងឱកាសធុរកិច្ច ដើម្បីពង្រឹងការតភ្ជាប់ទីផ្សារ លើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្ម ព្រមទាំងជំរុញឱកាសនាំចេញ-នាំចូល និងការវិនិយោគរបស់កម្ពុជា។
នៅក្នុងឱកាសនេះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានមានប្រសាសន៍ថា ក្នុងបរិការណ៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកលកំពុងវិវត្តយ៉ាងឆាប់រហ័ស ដែលនាំមកទាំងបញ្ហាប្រឈម និងកាលានុវត្តភាពថ្មីៗសម្រាប់វិស័យនាំចេញ-នាំចូលរបស់កម្ពុជា។
អ្នកឧកញ៉ា បានគូសបញ្ជាក់ថា ភាពតានតឹងផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងមហាអំណាច ការវិវត្តនៃគោលនយោបាយពន្ធគយសកល និងជម្លោះនៅតំបន់ជម្ឈិមបូព៌ា ព្រមទាំងការរំខានដល់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ បានបង្ហាញយ៉ាងច្បាស់ពីភាពចាំបាច់ដែលកម្ពុជាត្រូវធ្វើពិពិធកម្មទីផ្សារ លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងស្វែងរកកាលានុវត្តភាពនាំចេញទៅកាន់ទីផ្សារថ្មីៗ។
អ្នកឧកញ៉ាប្រធាន សង្ឃឹមថា វេទិកាធុរកិច្ច និងនវានុវត្តន៍២០២៦ នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ធុរជន វិនិយោគិន និងភាគីពាក់ព័ន្ធ រួមគ្នាពិភាក្សា កំណត់ និងស្វែងរកកាលានុវត្តភាពថ្មីៗ ព្រមទាំងចែករំលែកគំនិត និងបទពិសោធន៍ ដើម្បីពង្រឹងវិស័យនាំចេញ-នាំចូល បង្កើនសមត្ថភាពប្រកួតប្រជែង និងជំរុញការវិនិយោគនៅកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួបរួមគ្នារបស់វិស័យឯកជនជាសំឡេងតែមួយ ធ្វើការកាន់តែជិតស្និទជាមួយរាជរដ្ឋាភិបាល ក្នុងការកែទម្រង់ និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបង្កើតបរិយាកាសធុរកិច្ចកាន់តែប្រសើរ បង្កើតការងារ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងឈានទៅសម្រេចចក្ខុវិស័យរបស់កម្ពុជាក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សូមជម្រាបថា ការរៀបចំវេទិកានេះ ក៏មានគោលដៅជួយឱ្យវិស័យឯកជនត្រៀមខ្លួនកាន់តែល្អប្រសើរ សម្រាប់ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីការពឹងផ្អែកលើកម្លាំងពលកម្ម ឆ្ពោះទៅកាន់សេដ្ឋកិច្ចដែលផ្តោតលើចំណេះដឹងបច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថល ខណៈកម្ពុជាក៏កំពុងត្រៀមខ្លួនសម្រាប់ការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុតនៅចុងឆ្នាំ២០២៩៕
រូបភាព៖ អេង សុគុណ, លឹម មុនី និងអ៊ុន ផាន់ណាត់