ព័ត៌មានជាតិ

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ផ្សាភ្ជាប់ទីតាំងឧក្រិដ្ឋកម្មប្រវត្តិសាស្ត្រ​ ជាមួយការស្វែងរកយុត្តិធម៌ តាមរយៈទេសចរណ៍ប្រវត្តិសាស្ត្រ

image

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសទេសចរណ៍ប្រវត្តិសាស្ត្រ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) សហការជាមួយសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានរៀបចំសិក្ខាសាលាស្តីពី «យុត្តិធម៌អន្តរកាល៖ កេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងបូជនីយដ្ឋានចងចាំនៃកម្ពុជា»។ ការណ៍នេះ ដើម្បីផ្សាភ្ជាប់ការទស្សនកិច្ចរបស់ភ្ញៀវទេសចរណ៍នៅតាមទីតាំងប្រវត្តិសាស្ត្រ ជាពិសេសសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាមួយការទស្សនាមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដើម្បីផ្តល់ឱ្យអ្នកទស្សនា បានយល់ដឹងកាន់តែស៊ីជម្រៅអំពីសច្ចភាពប្រវត្តិសាស្ត្រ បរិបទនៃរបបខ្មែរក្រហម និងដំណើរការស្វែងរកយុត្តិធម៌តាមរយៈប្រព័ន្ធតុលាការ។
លោក ហែម ក្រាញ់តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. បានឱ្យដឹងថា សិក្ខាសាលានេះដើម្បីពង្រឹងចំណេះដឹងវិជ្ជាជីវៈរបស់មគ្គុទ្ទេសក៍ទេសចរណ៍ និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការពន្យល់អំពីប្រវត្តិសាស្ត្ររបបខ្មែរក្រហម យុត្តិធម៌អន្តរកាល ដំណើរការជំនុំជម្រះ និងកេរដំណែលរបស់ អ.វ.ត.ក. ព្រមទាំងបូជនីយដ្ឋានចងចាំនានានៅកម្ពុជា ប្រកបដោយភាពត្រឹមត្រូវ ការទទួលខុសត្រូវ និងផ្អែកលើភស្តុតាង។ ក្នុងកម្មវិធីនេះ សិក្ខាកាមបានសិក្សាអំពីបរិបទប្រវត្តិសាស្ត្រ និងផលប៉ះពាល់នៃរបបខ្មែរក្រហម អាណត្តិ និងសំណុំរឿងរបស់ អ.វ.ត.ក. ការចូលរួមរបស់ជនរងគ្រោះ ក្របខ័ណ្ឌសំណង ការអនុវត្តមុខងារសេសសល់ និងការថែរក្សាកេរដំណែលរបស់ អ.វ.ត.ក.។
ជាមួយគ្នានេះ លោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានលើកឡើងដែរថា សិក្ខាសាលាក៏បានផ្សាភ្ជាប់មាតិកាផ្នែកយុត្តិធម៌ជាមួយទីតាំងប្រវត្តិសាស្ត្រដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ដោយផ្តោតលើភស្តុតាងពាក់ព័ន្ធនឹងមន្ទីរសន្តិសុខ ស-២១ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និង ម-១៣ ព្រមទាំងការណែនាំអំពីការបកស្រាយទីតាំងប្រវត្តិសាស្ត្រ និងសារៈសំខាន់របស់ទីតាំងទាំងនេះក្នុងនាមជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
លោកថា ផ្នែកពិភាក្សាអន្តរកម្មបានផ្តោតលើការយល់ច្រឡំដែលជួបប្រទះជាញឹកញាប់ក្នុងការបកស្រាយប្រវត្តិសាស្ត្រ បញ្ហាប្រឈមរបស់មគ្គុទ្ទេសក៍ទេសចរណ៍ ក្រមសីលធម៌វិជ្ជាជីវៈ និងវិធីគ្រប់គ្រងប្រតិកម្មផ្លូវអារម្មណ៍របស់អ្នកទស្សនាប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ។ តាមរយៈគំនិតផ្តួចផ្តើមនេះ អ.វ.ត.ក. និងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការថែរក្សាការពិតប្រវត្តិសាស្ត្រ ពង្រឹងការអប់រំសាធារណៈ និងលើកកម្ពស់ការយល់ដឹងអំពីយុត្តិធម៌អន្តរកាល។
លោក ជិន ប្រសិដ្ឋ តំណាងសមាគមន៍មគ្គទេសក៍ទេសចរណ៍ រាជធានីភ្នំពេញ បានឱ្យដឹងថា កន្លងមកលោកតែងតែពន្យល់ប្រាប់ទៅភ្ញៀវទេសចរអន្តរជាតិអំពីភាពយង់ឃ្នងរបស់ខ្មែរក្រហមមកលើជាតិសាន៍ខ្លួនឯង ប៉ុន្តែចំណុចមួយចំនួននៅមិនទាន់មានភាពស៊ីជម្រៅនៅឡើយ។ ការបើកឱ្យមានជាសិក្ខាសាលានៅពេលនេះ គឺជាការទទួលបាននូវចំណេះដឹងទូលំទូលាយជាងមុន ដើម្បីពន្យល់ប្រាប់ទៅភ្ញៀវទេសចរអន្តរជាតិ ដែលភាគច្រើនពួកគាត់ចង់ដឹងអំពីព្រឹត្តិការណ៍ក្នុងសម័យខ្មែរក្រហម ហើយភ្ញៀវមួយចំនួនក្រោយពីបានស្តាប់ហើយក៏មានការន្ធត់ក្នុងចិត្តយ៉ាងខ្លាំង។
សូមបញ្ជាក់ថា ការផ្សាភ្ជាប់រវាងទីតាំងឧក្រិដ្ឋកម្មប្រវត្តិសាស្ត្រ សារមន្ទីរ មជ្ឈមណ្ឌលធនធាន និងកេរដំណែលនៃដំណើរការយុត្តិធម៌ ក៏អាចរួមចំណែកបង្កើតទម្រង់ទេសចរណ៍ប្រវត្តិសាស្ត្រដែលមានគុណតម្លៃផ្នែកអប់រំ និងការចងចាំ។ តាមរយៈការបកស្រាយប្រកបដោយភាពត្រឹមត្រូវ និងការទទួលខុសត្រូវ ប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់កម្ពុជានឹងអាចត្រូវបានបន្តផ្សព្វផ្សាយទៅកាន់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ ដើម្បីជំរុញការយល់ដឹង និងការចងចាំថា សោកនាដកម្មក្នុងអតីតកាលមិនគួរត្រូវបានបំភ្លេចឡើយ៕