គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បំពេញទស្សនកិច្ចពាណិជ្ជកម្មនៅអូស្ត្រាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យម្ហូបអាហារ និងកសិឧស្សាហកម្ម
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានអញ្ជើញបំពេញទស្សនកិច្ចពាណិជ្ជកម្មនៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច និងស្វែងរកឱកាសវិនិយោគថ្មីៗក្នុងវិស័យម្ហូបអាហារ និងកសិឧស្សាហកម្ម។
ដំណើរទស្សនកិច្ចនេះ មានការចូលរួមពី លោក វឿង ប្រយុទ្ធ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី ព្រមទាំងសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តបាត់ដំបង សភាពាណិជ្ជកម្មខេត្តរតនគិរី និងក្រុមការងារនៃនាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង សរុបចំនួន ១៤រូប។
ក្នុងអំឡុងពេលទស្សនកិច្ច គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងចូលរួមព្រឹត្តិការណ៍ និងសកម្មភាពសំខាន់ៗមួយចំនួន រួមមាន ការចូលរួមពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអូស្ត្រាលី Fine Food Australia 2026 ការជួបពិភាក្សាការងារជាមួយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ការទស្សនាស្តង់ពិព័រណ៍ដែលផ្តោតលើវិស័យម្ហូបអាហារ និងកសិឧស្សាហកម្ម ព្រមទាំងការទស្សនកិច្ចរោងចក្រផលិតគ្រឿងបរិក្ខារចម្អិនម្ហូបអាហារ។
សកម្មភាពទាំងនេះ មានគោលបំណងពង្រីកបណ្តាញកិច្ចសហប្រតិបត្តិការ ស្វែងរកដៃគូធុរកិច្ច និងឱកាសវិនិយោគថ្មីៗ ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងរវាងវិស័យឯកជននៃប្រទេសកម្ពុជា និងអូស្ត្រាលី។
សូមជម្រាបថា ដំណើរទស្សនកិច្ចពាណិជ្ជកម្មនេះ គឺជាការឆ្លុះបញ្ចាំងពីទស្សនវិស័យ និងការយកចិត្តទុកដាក់របស់ អ្នកឧកញ៉ា គិត ម៉េង ក្នុងការជំរុញកិច្ចសហការយ៉ាងសកម្មជាមួយដៃគូ និងអង្គភាពអន្តរជាតិនានា លើគ្រប់វិស័យ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និងបណ្តាប្រទេសជាដៃគូ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ៕