ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមពិសាអាហារពេលល្ងាច និងពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយឯកអគ្គរាជទូតថ្មីអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា

image

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា (ASEAN-BAC Cambodia) នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមពិសាអាហារពេលល្ងាច និងពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី (Thamer Mohammed A. Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា។

ជំនួបនេះ ត្រូវបានរៀបចំឡើងដោយស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងតំណាងវិស័យឯកជនមួយចំនួនទៀត។

ជំនួបនេះធ្វើឡើងក្នុងគោលបំណង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ ភាគីពាក់ព័ន្ធបានផ្លាស់ប្តូរយោបល់អំពីសក្តានុពល និងឱកាសសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារមជ្ឈិមបូព៌ា ជាពិសេសទីផ្សារអារ៉ាប៊ីសាអូឌីត៕