ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន និងសមាគមសិល្បករខ្មែរ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីនាំមកនូវការផ្តល់សេវាធានារ៉ាប់រងអាយុជីវិតដល់សិល្បករខ្មែរ
ភ្នំពេញ៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អុីនសួរេន ម.ក និងសមាគមសិល្បករខ្មែរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការលើកិច្ចព្រមព្រៀងដៃគូជាផ្លូវការ ដើម្បីនាំយកសេវាធានារ៉ាប់រងអាយុជីវិតធ្វើជាខែលការពារដល់ផែនការហិរញ្ញវត្ថុ ជូនដល់សមាគមសិល្បករខ្មែរ។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពង់ពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ, ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមសិល្បករខ្មែរ និងលោក អ៊ុត សឿង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អុីនសួរេន ម.ក, ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អុីនសួរេន ព្រមទាំងភ្ញៀវកិត្តិយស សិល្បករ សិល្បការិនី ដៃគូអាជីវកម្ម និងតំណាងសារព័ត៌មាន ដើម្បីអបអរសាទរសមិទ្ធផលដ៏សំខាន់នេះ។
កិច្ចសហប្រតិបត្តិការនេះ ស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រដល់សិល្បករខ្មែរ ដោយការពង្រីកវិសាលភាពនៃការទទួលបានកិច្ចការពារធានារ៉ាប់រងអាយុជីវិត ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការលើកទឹកចិត្តឱ្យមានការរៀបចំផែនការហិរញ្ញវត្ថុក្នុងរយៈពេលវែង។ តាមរយៈកិច្ចសហការនេះ ស្ថាប័នទាំងពីរមានគោលបំណងជួយសិល្បករ និងគ្រួសាររបស់ពួកគាត់ក្នុងការពង្រឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំ ខណៈពេលដែលពួកគាត់បន្តចូលរួមចំណែកដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
ក្នុងនាមជាក្រុមហ៊ុនដែលបង្កើតឡើងដោយជនជាតិខ្មែរ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អុីនសួរេន ប្តេជ្ញាចិត្តក្នុងការបង្កើតដំណោះស្រាយការពារផ្នែកហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិតដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អុីនសួរេន និងសមាគមសិល្បករខ្មែរ នឹងសហការរួមគ្នាដើម្បីបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃសេវាធានារ៉ាប់រងអាយុជីវិត និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីជួយសិល្បករ និងក្រុមគ្រួសាររបស់ពួកគាត់, ផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិត ប្រកបដោយភាពងាយស្រួល និងសមស្របតាមតម្រូវការរបស់សមាជិកសមាគមសិល្បករខ្មែរ, អភិវឌ្ឍគំនិតផ្តួចផ្តើមផ្តាច់មុខ សម្រាប់សមាជិកនៃសមាគមសិល្បករខ្មែរ តាមរយៈកម្មវិធីណែនាំបន្ត (Referral Program) ដែលបង្កើតឡើងដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អុីនសួរេន និងសមាគមសិល្បករខ្មែរ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរួមគ្នា ក្នុងការការពារផែនការហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារកម្ពុជា។
នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រនេះ លោក អ៊ុត សឿង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អុីនសួរេន ម.ក បានមានប្រសាសន៍ថា សិល្បករ គឺជាបេះដូងនៃវប្បធម៌កម្ពុជា។ តាមរយៈគំនិតច្នៃប្រឌិត និងការលះបង់របស់ពួកគាត់ដែលបានថែរក្សាប្រពៃណី បំផុសគំនិតល្អៗ និងបង្កើតអត្តសញ្ញាណជាតិរបស់យើង។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អុីនសួរេន យើងជឿជាក់ថា ពួកគាត់គឺសក្តិសមទទួលបានការការពារផ្នែកហិរញ្ញវត្ថុ ក៏ដូចជាភាពកក់ក្តៅក្នុងចិត្ត។ កិច្ចព្រមព្រៀងដៃគូនេះ ស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើឱ្យសេវាធានារ៉ាប់រងអាយុជីវិតកាន់តែងាយស្រួល ព្រមទាំងគាំទ្រដល់សុខុមាលភាពរយៈពេលវែងជូនសិល្បករខ្មែរ និងគ្រួសាររបស់ពួកគាត់។
លោកបានបន្តថា ចក្ខុវិស័យរបស់យើងគឺសាមញ្ញ ការពារ និងលើកកម្ពស់សហគមន៍ ជួយកម្ពុជាឱ្យរីកចម្រើន និងកាត់បន្ថយគម្លាតនៃការការពារធានារ៉ាប់រងអាយុជីវិត។ បេសកកម្មរបស់យើង គឺធ្វើឱ្យផលិតផល និងសេវាធានារ៉ាប់រងអាយុជីវិតមានភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដើម្បីជាខែលដ៏រឹងមាំការពារសុវត្ថិភាពហិរញ្ញវត្ថុគ្រប់ក្រុមគ្រួសារ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឡាយហ្វ៍ អុីនសួរេន និងសមាគមសិល្បករខ្មែរ នាពេលនេះមិនមែនគ្រាន់តែជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពីរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញអំពីឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការចូលរួមថែរក្សា ការពារ និងលើកកម្ពស់សុខុមាលភាពសិល្បករខ្មែរ ដែលជាផ្នែកមួយដ៏សំខាន់នៃកម្លាំងវប្បធម៌ និងជាអ្នកតំណាងអត្តសញ្ញាណជាតិខ្មែរ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាត្រូវចងចាំថា ការថែរក្សាសិល្បករ គឺជាការថែរក្សាវប្បធម៌។ ដូច្នេះការការពារសិល្បករ គឺជាការការពារអត្តសញ្ញាណជាតិ។ ហើយការវិនិយោគលើសុខុមាលភាពរបស់សិល្បករ គឺជាការវិនិយោគលើអនាគតនៃសិល្បៈ វប្បធម៌ និងព្រលឹងជាតិខ្មែរផងដែរ។
សមាគមសិល្បករខ្មែរ មានបេសកកម្មគាំទ្រ លើកកម្ពស់ និងអភិរក្សសិល្បៈវប្បធម៌កម្ពុជា ព្រមទាំងការពារផលប្រយោជន៍ និងលើកកម្ពស់ការអភិវឌ្ឍវិជ្ជាជីវៈរបស់សិល្បករ សិល្បការិនីទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អុីនសួរេន ម.ក (RGI) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ក្រោមឈ្មោះថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិតទទួលបានអាជ្ញាប័ណ្ណដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយសម្ព័ន្ធគ្រឹះស្ថានហិរញ្ញវត្ថុក្នុងតំបន់។
នៅក្នុងឆ្នាំ២០១៥ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានក្លាយជាម្ចាស់ភាគហ៊ុនទាំងស្រុង ដោយនាំមកនូវការគាំទ្រផ្នែកស្ថាប័ន និងការគ្របដណ្តប់លើអាជីវកម្មនៃក្រុមហ៊ុនធំជាងគេមួយ ក្នុងចំណោមក្រុមហ៊ុនដែលបង្កើតឡើងយូរជាងគេនៅកម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់មក រ៉ូយ៉ាល់គ្រុប អុីនសួរេន បានកសាងគ្រឹះប្រតិបត្តិការរបស់ខ្លួនដោយការអភិវឌ្ឍបណ្តាញចែកចាយ ពង្រឹងកំណត់ត្រានៃការអនុវត្តតាមបទប្បញ្ញត្តិ និងយល់ដឹងកាន់តែស៊ីជម្រៅអំពីអ្វីដែលអតិថិជនកម្ពុជា ត្រូវការពីក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រង។
លើសពីនេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អុីនសួរេន ត្រូវបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងជីវិតកំពូលទាំងប្រាំ បើនិយាយអំពីប្រាក់ចំណេញ និងខាតសុទ្ធក្នុងឆ្នាំ២០២៥ ដែលជាសក្ខីភាពបញ្ជាក់ពីកម្លាំងនៃប្រតិបត្តិការ និងគុណភាពនៃសេវាកម្ម និងផលិតផលសម្រាប់អតិថិជនរបស់យើង។
សូមបញ្ជាក់ថា នៅខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អុីនសួរេន បានទទួលអាជ្ញាប័ណ្ណធានារ៉ាប់រងជីវិតពេញលេញ និងបានប្តូរឈ្មោះទៅជា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អុីនសួរេន ម.ក។ ក្រុមហ៊ុនបានឈានចូលដល់ទំព័រថ្មីនេះ ជាមួយនឹងផលិតផលចំនួន ៤ ដែលទទួលបានការអនុម័តពីនិយ័តករធានារ៉ាប់រងកម្ពុជា និង កិច្ចព្រមព្រៀងដៃគូប៊េងកាសួរេនផ្តាច់មុខរយៈពេល ១០ឆ្នាំ ជាមួយធនាគារ វីង៕
អត្ថបទ៖ចេង ឆហួត រូបភាព៖ អេង សុគុណ, លឹម មុនី, អ៊ុន ផាន់ណាត់