ក្រសួងអធិការកិច្ច បង្ហាញសមិទ្ធផលចុះធ្វើអធិការកិច្ច ២,៨០៧ អង្គភាព និងដោះស្រាយបណ្តឹងបញ្ចប់ ១៨៨ករណី
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមប្រជុំជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា ដឹកនាំដោយលោក សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា អំពី “វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តនៃវិស័យអធិការកិច្ច ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន និងសមាជិកសមាជិកា នៃគណៈកម្មការទី១ និងតំណាងនៃគណៈកម្មការទាំង៩ នៃរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ នៃក្រសួងអធិការកិច្ច។
លោករដ្ឋមន្រ្តី បានរំលឹកនូវការគោរពដឹងគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាលនាពេលកន្លងមក ក្នុងការអនុវត្តដោយជោគជ័យនូវយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំងបួនដំណាក់កាល ដោយបានកសាងគ្រឹះយ៉ាងរឹងមាំ និងនាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងការបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការគោរពអរគុណជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើការងារនៃវិស័យអធិការកិច្ច។
លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំនូវវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗក្នុងនីតិកាលទី៧ នៃរដ្ឋសភា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ជាក់ស្ដែង ក្រសួងសម្រេចបានការចុះធ្វើអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន និងអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប ២.៨០៧ អង្គភាព (ណែនាំឱ្យកែលម្អ ១.២១៦ អង្គភាព), ទទួលពិនិត្យ និងដោះស្រាយបណ្តឹងបានចំនួន ៤៣៥ បណ្តឹង (ដោះស្រាយបញ្ចប់ ១៨៨ បណ្តឹង), ចុះតាមដានការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងអនុសាសន៍ផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាលបាន ៣.៨៥៣ មុខសញ្ញា, ព្រមទាំងបានចុះអប់រំផ្សព្វផ្សាយច្បាប់ចំនួន ៦០០ លើក (អ្នកចូលរួម ១៣៥.៦១១ អង្គ/នាក់), រៀបចំវេទិកាសាធារណៈ ៤០ លើក (អ្នកចូលរួម ៣០.៣៣២ អង្គ/នាក់) និងចុះស្ទង់មតិចំនួន ១៦៨ លើក។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីទិសដៅការងារ និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ ជាពិសេសការជំរុញបញ្ចប់ការរៀបចំឯកសារទស្សនាទាន ដើម្បីសម្រេចបានការរៀបចំ «សេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច» ឱ្យបានឆាប់ក្នុងពេលខាងមុខ។
អង្គប្រជុំទាំងមូល ក៏បានជជែកពិភាក្សា ដោយបានផ្តល់មតិយោបល់យ៉ាងផុសផុស និងស៊ីជម្រៅទៅលើការងារសំខាន់ៗរបស់ក្រសួង ក៏ដូចជាវិស័យអធិការកិច្ចទាំងមូល ព្រមទាំងកិច្ចសហការរវាងអង្គការនីតិប្រតិបត្តិ និងនីតិបញ្ញត្តិឱ្យកាន់តែពេញលេញបន្ថែមទៀត ដើម្បីចូលរួមពង្រឹងវិស័យអធិការកិច្ចនៅកម្ពុជា ក៏ដូចជាការចូលរួមបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕