ព័ត៌មានជាតិ

លោកបណ្ឌិត សុខ ទូច ចាត់ទុកការគ្រប់គ្រងទឹកភ្លៀង ជាកិច្ចការរបស់អ្នកទាំងអស់គ្នា និងទាមទារឱ្យមានសកម្មភាពរួម ដើម្បីប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព

image

ភ្នំពេញ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានលើកឡើងថា ការប្រមូល និងការគ្រប់គ្រងទឹកភ្លៀង គឺជាកិច្ចការរួមរបស់មនុស្សគ្រប់រូប ដែលទាមទារឱ្យមានការចូលរួម និងសកម្មភាពពីគ្រប់ភាគី ដើម្បីធានាឱ្យធនធានទឹកភ្លៀងអាចប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងចីរភាព។

លោកបណ្ឌិត សុខ ទូច បានលើកឡើងដូចនេះ ក្នុងសន្និសីទអន្តរជាតិនៃសមាគមទឹកអន្ដរជាតិ (IWA) លើកទី៤ ឆ្នាំ២០២៦ ស្ដីពីការប្រមូល និងការគ្រប់គ្រងទឹកភ្លៀង ក្រោមប្រធានបទ «ទឹកភ្លៀងសម្រាប់ថ្ងៃស្អែក៖ ទឹក អាកាសធាតុ និងវប្បធម៌» ដែលសហការរៀបចំឡើង ដោយរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញមកពីសាកលវិទ្យាល័យជាតិសេអ៊ូល (SNU)។ លោកបានថ្លែងអំណរគុណ ស្វាគមន៍ចំពោះការរួមចំណែក បទពិសោធន៍ ចំណេះដឹង និងទស្សនៈជាច្រើនយ៉ាងសំបូរបែប តាមរយៈពិធីបើកកម្មវិធីជាផ្លូវការ និងវេទិកាថ្នាក់រដ្ឋមន្ត្រី ក្នុងរយៈពេល ២ ក្រោមប្រធានបទ ទឹកភ្លៀង សម្រាប់អ្នកចូលរួមទាំងអស់គ្នា រួមសកម្មភាព ដោយអ្នកទាំងអស់គ្នា ក៏ដូចជាសិក្ខាសាលា និងវេទិកាបច្ចេកទេសជាច្រើនផ្នែក ដែលពិភាក្សាស៊ីជម្រៅអំពីការប្រមូល និងការគ្រប់គ្រងទឹកភ្លៀង តួនាទីរបស់យុវជន និងគោលនយោបាយពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹក។ លោកបានចាត់ទុករាល់ការចូលរួមចែករំលែក និងពិភាក្សាទាំងនេះ សុទ្ធសឹងតែជាការឆ្លុះបញ្ចាំងអំពីស្មារតីរួមគ្នាថា ទឹកភ្លៀងជាកិច្ចការរបស់ អ្នកទាំងអស់គ្នា និងទាមទារឲ្យមានសកម្មភាពពីអ្នកទាំងអស់គ្នា។

លោក លោក សុខ ទូច បានចាត់ទុកថា សេចក្តីប្រកាសអំពីទីក្រុងភ្នំពេញស្ដីអំពីទឹកភ្លៀង ជាផ្លែផ្កាដ៏មានតម្លៃបំផុតមួយ និងជាការខិតខំប្រឹងប្រែងរបស់អ្នកចូលរួមក្នុងសន្និសីទ ហើយអាចក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់ការណែនាំទិសដៅសហប្រតិបត្តិការទឹកភ្លៀងទាំងអស់នៅកម្ពុជា និងនៅក្នុងតំបន់មូសុងទាំងមូលផងដែរ៕