អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ពិភាក្សាលេីគម្រោងអភិវឌ្ឍន៍សមត្ថភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់លើកទី៣ ខណៈលេីកទី២ បញ្ចប់ទៅដោយជោគជ័យ
ភ្នំពេញ៖ ការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ លើកទី២ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ បានអនុវត្តបញ្ចប់ទៅដោយជោគជ័យ កាលពីឆ្នាំ២០២៤ ហើយពេលនេះបានបន្តកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម លើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពគ្រប់គ្រងប្រព័ន្ធ ទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ជំហានទី២បន្តទៀត។
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម លើកទី៣ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ជំហានទី២ បានធ្វើឡើងនារសៀលថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០២៦ ក្រោមអធីបតីភាព លោក ឯក ឃុនដឿនអភិបាលរងរាជធានីភ្នំពេញ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា។
លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ពាក់ព័ន្ធនឹងទឹកកខ្វក់នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានខិតខំធ្វើជាពង្រៀងគ្រប់គ្រងរហូតសម្រេចបានជាច្បាប់នៅឆ្នាំ២០២៤។ ការគ្រប់គ្រងទឹកកខ្វក់ជារឿងសំខាន់ ទើបរាជរដ្ឋាភិបាលសុខចិត្តខ្ចីជាកញ្ចប់ថវិកាពីគេដើម្បីយកមកកសាងហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់។ បើមិនមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទេ ប្រជាពលរដ្ឋនឹងរស់នៅដោយគ្មានអនាម័យ នាំឱ្យប្រឈមនឹងជំងឺយាយី ខាតបង់ពេលវេលា និងថវិកា។តែបើមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រៅពីកាត់បន្ថយជំងឺយាយីហើយធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុងមានអនាម័យ បរិស្ថានល្អ ទាក់ទាញ់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគផងដែរ។
ក្នុងឱកាសនោះ លោក ឯក ឃុនដឿន ក៏បានលើកឡើងថាកិច្ចប្រជុំជំហានទី២នេះ បានជជែកពិភាក្សាយ៉ាងលំអិតពីវឌ្ឍនភាពនៃគម្រោង ដោយមានការចូលរួមពីក្រសួងសាធារណការ និងដឹកជញ្ជូន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា មន្ត្រីជំនាញ់ពាក់ព័ន្ធនៃរដ្ឋបាលរាជធានី និងក្រុមនិស្សិតមកពីសាលាតិចណូ។
ក្រសួងសាធារណការ និងដឹកជញ្ជូន និង(JICA) មានផែនការគ្រប់គ្រងទឹកកខ្វក់ ដែលជាចំណុចល្អដើម្បីរួមគ្នាធ្វើឱ្យប្រសើរឡើង អនាម័យ បរិស្ថាននៅរាជធានីភ្នំពេញ។
លោក ឯក ឃុនដឿន បានបន្តថា នៅភ្នំពេញមានផ្ទៃរងទឹកភ្លៀង២៧តំបន់ ហើយត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ ដើម្បីធ្វើឱ្យតំបន់ទាំងនោះប្រសើរឡើង។ សម្រាប់សមត្ថភាពក្នុងការផលិតទឹកស្អាតក្នុងមួយថ្ងៃផលិតបាន ១លានម៉ែត្រកូប។ ដូច្នេះទឹកកខ្វក់ដែលត្រូវហូរទៅតាមប្រព័ន្ធលូក៏មានកម្រិតប្រហាក់ប្រហែលគ្នានេះដែរ ដែលទាមទាឱ្យរួមគ្នាគ្រប់គ្រងឱ្យបានល្អ។
លោក ឯក ឃុនដឿន បានបញ្ជាក់ថា គោលបំណងសំខាន់ៗនៃគម្រោងនេះ ដើម្បីបង្កើតគណៈកម្មការសម្របសម្រួលរួម និងគណៈកម្មការបច្ចេកទេស បញ្ជាក់ និងអនុម័តលើការរចនាគម្រោងលម្អិត និងដើម្បីអនុម័តលើផែនការអនុវត្ត។ កិច្ចប្រជុំនេះដែរ ក៏បានធ្វើឡើងដើម្បីឱ្យក្រុមការងារគម្រោងចូលរួមជាមតិយោបល់ បានជាធាតុចូល និងចំណេះដឹង ដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួង សាធារណការ និងដឹកជញ្ជូន ក្នុងការអនុវត្តគម្រោងឱ្យបានកាន់តែប្រសើរ និងទទួលបានផ្លែផ្កា៕