ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អ៊ុន ផាន់ណាត
--------
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ដឹកនាំដោយលោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធានសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (ACBC)។
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ធ្វើនៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦។
សូមជម្រាបថា គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា មកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី៤-១៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីស្វែងរកឱកាសក្នុងការតភ្ជាប់ និងពង្រឹងធុរកិច្ច និងវិនិយោគនៅកម្ពុជា និងសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចអាមេរិកនាពេលនេះ នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ភាពជាដៃគូវិនិយោគយូរអង្វែង និងនាំមក នូវផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក សម្រាប់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ៕