សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រដល់កិច្ចព្រមព្រៀងនយោបាយ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងការទូតសភា
ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃកម្ពុជា កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោក មីន អោងឡាំង ប្រធានាធិបតីនៃសាធា រណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានរដ្ឋសភា ក្នុងឱកាសដែលលោក ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។
សម្ដេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ ស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួបលើកទី៧១ នៃទំនាក់ ទំនងការទូតផ្លូវការ(១៩៥៥-២០២៦)។
សម្ដេចរដ្ឋសភាធិបតីបានគូសរំលេចថា ចំណងមិត្តភាពកម្ពុជា-មីយ៉ាន់ម៉ា មានឫសគល់យ៉ាងជ្រៅតាមរយៈប្រវត្តិសាស្ត្រ វប្បធម៌ និងជំនឿព្រះពុទ្ធសាសនាដូចគ្នា ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងទំ នុកចិត្ត ការគោរពឯករាជ្យ អធិបតេយ្យ និងមិនមានការជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងគ្នាទៅវិញទៅមក ក្នុងនាមជាគ្រួសារអាស៊ានតែមួយ។
ក្នុងតួនាទីជាស្ថាប័នតំណាងឱ្យសំឡេងរបស់ប្រជាពលរដ្ឋ សម្ដេចប្រធានរដ្ឋសភា បានលើកឡើងស៊ីជម្រៅអំពីតួនាទីស្នូលនៃ «ការទូតសភា» ដែលដើរតួជាកម្លាំងចលករដ៏សំខាន់ ក្នុងការបំពេញ បន្ថែមឱ្យការទូតនីតិប្រតិបត្តិ ពោលគឺនៅពេលដែលទំនាក់ទំនងកម្រិតនីតិប្រតិបត្តិ ជួបប្រទះភាពស្មុគស្មាញ ឬរាំងស្ទះ ការទូតសភាអាចបើកច្រកសន្ទនា ដើម្បីស្វែងរកដំណោះស្រាយរួម ប្រកបដោយភាពបត់បែន។
ក្នុងន័យនេះ សម្ដេចបានស្នើឱ្យរដ្ឋសភា នៃប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង ឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងគណៈកម្មការជំនាញនានារបស់សភា ការបង្កើនសកម្មភាពរបស់ក្រុមមិត្ត ភាពសភាកម្ពុជា-មីយ៉ាន់ម៉ា ការលើកកម្ពស់តួនាទីរបស់សមាជិកសភាវ័យក្មេង និងសមាជិកសភាជាស្ត្រី ព្រមទាំងការពង្រឹងសមត្ថភាព និងផ្លាស់ប្ដូរបទ ពិសោធ រវាងអគ្គលេខាធិការដ្ឋាននៃរដ្ឋសភាទាំងពីរ។
ទន្ទឹមនឹងនេះ សម្ដេចមហារដ្ឋសភាធិការធិបតី បានចែករំលែកទស្សនទានដ៏មាន តម្លៃអំពី «គុណតម្លៃនៃសន្តិភាព» ដោយផ្អែកលើមេរៀន និងបទពិសោធន៍ជាក់ ស្ដែងដែលកម្ពុជាធ្លាប់បានឆ្លងកាត់។ សម្ដេចបានគូសបញ្ជាក់យ៉ាងច្បាស់ថា «សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានឡើយ» ហើយសង្គ្រាមកើតឡើងមាន តែអ្នកចាញ់និងអ្នកចាញ់ប៉ុណ្ណោះ ដោយក្នុងនោះស្ត្រី និងកុមារគឺជាជន រងគ្រោះធ្ងន់ធ្ងរជាងគេ។ បើគ្មានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញ លេញទេ នោះការអភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អជីវភាពរស់នៅ ការអប់រំ និងការការពារសម្បត្តិបេតិកភណ្ឌជាតិ ក៏មិនអាចសម្រេចទៅបានដែរ។
ដូច្នេះ មានតែការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិប៉ុណ្ណោះ ទើបអាចនាំមកនូវសុខសន្តិភាព និងការបង្រួបបង្រួមជាតិពិតប្រាកដ។ លើសពីនេះ សម្ដេចបានសម្ដែងនូវសេចក្ដីសង្ឃឹមថា មីយ៉ាន់ម៉ា នឹងអាចដើរតួនាទីកាន់តែសកម្មនៅក្នុងសហគមន៍អាស៊ាន ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពទូទាំងតំបន់។
នៅក្នុងឱកាសនោះ សម្ដេចក៏បានថ្លែងអំណរគុណដល់មីយ៉ាន់ម៉ា ចំពោះការគាំទ្រ និងការបញ្ជូនថ្នាក់ដឹកនាំសភាមកចូលរួម កិច្ចប្រជុំអន្តរសភានានាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងមក ព្រមទាំងការគាំ ទ្រដល់ដំណោះស្រាយបញ្ហាព្រំដែនដោយ សន្តិវិធីស្របតាមច្បាប់អន្តរជាតិ។
ជាការឆ្លើយតប លោក មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា បានសម្ដែងការអបអរសាទរចំពោះ សម្ដេចមហារដ្ឋសភាធិការធិបតី ដែលជាស្ត្រីដំបូងគេបង្អស់ បានកាន់តំណែងជាប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងបានកោតសរសើរ ចំពោះការដឹកនាំដ៏ឈ្លាសវៃ ក្នុងការលើកកម្ពស់តួនាទីស្ត្រី ក្នុងវិស័យនយោបាយ ក្នុងនោះសម្រាប់ប្រទេសមីយ៉ាន់ម៉ា ក៏លើកកម្ពស់តួនាទីស្រ្តី ដោយមានអនុប្រធានាធិបតីស្រ្តីរបស់ ខ្លួនដូចគ្នាដែរ។
លោកប្រធានាធិបតី បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់មីយ៉ាន់ម៉ា ក្នុងការបន្តថែរក្សា និងពូនជ្រំចំណងមិត្តភាពជាប្រពៃណី ការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការពារជាតិ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ ទាំងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការ ក្រុមមិត្តភាព ស្រ្តី និងយុវជន។
លោក មីន អោងឡាំង ក៏បានសម្ដែងការឯកភាពទាំងស្រុងចំពោះទស្សនទានស្ដី ពីសន្តិភាព ដោយបានគូសបញ្ជាក់ថា មីយ៉ាន់ម៉ាកំពុងខិតខំប្រឹងប្រែងដើម្បីស្ដារសន្តិភាព ស្ថិរភាព និងឯកភាពជាតិឡើង វិញ ហើយកម្ពុជាគឺជាប្រទេសគំរូដ៏សំខាន់មួយ ក្នុងការចែករំលែកមេរៀនបទពិសោធ នៃការស្វែងរកសន្តិភាព និងការអភិវឌ្ឍ។
ជាមួយគ្នានេះ លោកប្រធានាធិបតី បានគោរពអញ្ជើញ សម្ដេចប្រធានរដ្ឋសភាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពេលវេលា សមស្របណាមួយខាងមុខ ដែលភាគីទាំងពីរ នឹងបន្តសម្របសម្រួលតាមយន្តការការទូតជាបន្តបន្ទាប់៕
អត្ថបទ៖ វងសុភ័ក្ត្រ