សង្គម

ឯកអគ្គរដ្ឋទូតថ្មីអាល្លឺម៉ង់ ជម្រាបជូនសម្ដេចតេជោ ពីការប្ដេជ្ញាពង្រឹងទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ ពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងកៀរគរធុរជនអាល្លឺម៉ង់ មកបណ្ដាក់ទុននៅកម្ពុជា

image


ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោកស្រី ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។

យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា សម្ដេចតេជោ ក្នុងព្រះបរមនាមព្រះមហាក្សត្រកម្ពុជា អបអរសាទរដែល លោកស្រី ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេចតេជោ សង្ឃឹមថាវត្ដមានរបស់លោកស្រី នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

នៅចំពោះមុខសម្ដេចតេជោ លោកស្រី ស៊ីលឃ័រ រើហ៊្វ័រ ប្ដេជ្ញាខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំបន្ថែមទៀត នៅក្នុងអាណត្ដិបេសកកម្មការងារ៤ឆ្នាំរបស់លោកស្រីនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកស្រី បានលើកឡើងថា ក្នុងអាណត្ដិរបស់ខ្លួន លោកស្រី នឹងពិនិត្យមើលបន្ថែមលើការពង្រឹងកិច្ចសហប្រតិបត្ដិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយប្រឹងប្រែងគៀងគរអ្នកវិនិយោគអាល្លឺម៉ង់ឲ្យមកបណ្ដាក់ទុននៅប្រទេសកម្ពុជា។

ជាការឆ្លើយតបសម្ដេចតេជោ បានសម្ដែងការពេញចិត្ដក្រៃលែងចំពោះការលើកឡើងរបស់លោកស្រី ពិសេសជុំវិញការពង្រឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយសម្ដេចតេជោ បានកត់សម្គាល់ថាវិស័យទាំងអស់នេះ គឺជាចំណុចស្នូលនៃទំនាក់ទំនងប្រទេសទាំងពីរ។

ស្របជាមួយគ្នានេះ សម្ដេចតេជោ ក៏បានពេញចិត្ដជុំវិញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនាពេលកន្លងមក ដែលមានការកើនឡើងជាបន្ដបន្ទាប់ ដោយអាល្លឺម៉ង់ជាប្រទេសដៃគូរដ៏សំខាន់របស់កម្ពុជា ក្នុងការធ្វើពាណិជ្ជកម្មនៅតំបន់អ៊ឺរ៉ុប ស្របពេលដែលកន្លងទៅនេះទំហំពាណិជ្ជកម្មប្រទេសទាំងពីរកើនដល់៣ពាន់លានដុល្លារ ហើយរំពឹងថានឹងកើនឡើងកាន់តែខ្លាំងនាពេលអនាគត៕

អត្ថបទ៖ ឈឹម ធីតា