ក្មេងទំនើង និងអ្នកវក់ល្បែង ១១៩នាក់ ត្រូវបានចាប់ខ្លួនអនុវត្តច្បាប់ រយៈពេល១០ថ្ងៃ ដើមខែកញ្ញា
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តបង្ក្រាបក្រុមក្មេងទំនើង និងអ្នកវក់ល្បែងយ៉ាងម៉ឺងម៉ាត់ដោយគ្មានការលើកលែងឡើយ។ ជាលទ្ធផល ក្នុងរយៈពេល១០ថ្ងៃដើមខែកញ្ញាឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប ១១៩នាក់ បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។ តួលេខនេះមានការកើនឡើង ២ករណី មនុស្សកើន៣៣នាក់ ធៀបនឹងរយៈពេលដូចគ្នាកាលពីដើមខែសីហា។
យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមបទល្មើសទាំងពីរ សមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើង ២២ករណី ឃាត់ខ្លួនក្រុមក្មេងទំនើងសរុប១០៣នាក់ បញ្ជូនទៅតុលាការ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ តួលេខនេះមានការកើនឡើង ១៩នាក់ ធៀបនឹង ១០ថ្ងៃដើមខែសីហា។
ដោយឡែក ករណីល្បែងស៊ីសង សមត្ថកិច្ចបង្ក្រាបបាន ៤ករណី ឃាត់ខ្លួនមនុស្សសរុប ១៦នាក់ ក្នុងនោះ ១៤នាក់ ត្រូវបានបញ្ជូនទៅតុលាការ និង២នាក់ផ្សេងទៀត អប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ ធៀបនឹងខែសីហា ករណីល្បែងស៊ីសងកើនឡើង ២ករណី និងមនុស្សកើន ១៤នាក់។
ផ្អែកតាមច្បាប់សកម្មភាពក្មេងទំនើងដែលបង្កអសន្តិសុខ និងហិង្សាក្នុងសង្គម ត្រូវប្រឈមនឹងបទល្មើសជាច្រើននៅក្នុងក្រមព្រហ្មទណ្ឌ។ មាត្រា ២១៧ (បទហិង្សាដោយចេតនា) ការកាប់ចាក់ ឬវាយតប់គ្នា បង្កឱ្យមានរបួសស្នាម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦លានរៀល។
ចំពោះមាត្រា ២១៨ (ស្ថានទម្ងន់ទោស) ប្រសិនបើមានការគិតទុកជាមុន ដោយប្រើប្រាស់អាវុធ ឬគំរាមកំហែង និងមានគ្នាច្រើននាក់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន ទៅ ១០លានរៀល។
ទាក់ទិននឹងបទល្មើសល្បែងស៊ីសង យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ឆ្នាំ១៩៩៦ មាត្រា ៤ អ្នកលេងល្បែង ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១ម៉ឺន ទៅ ៥ម៉ឺនរៀល និងដាក់ពន្ធនាគារពី ១សប្តាហ៍ ទៅ ១ខែ។ ករណីមិនរាងចាល ត្រូវពិន័យពី ៥ម៉ឺន ទៅ ៥សែនរៀល និងជាប់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ។
ដោយឡែក មាត្រា ៥ នៃច្បាប់ដដែល អ្នកបើកកន្លែងលេងល្បែង អ្នកកាន់កាប់ អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥លាន ទៅ ២០លានរៀល និងដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ ករណីមិនរាងចាល ត្រូវអនុវត្តទោសពិន័យ និងពន្ធនាគារជាអតិបរមា៕