ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ ហ្លួង ម៉ែ ដែលជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក

image

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ ហ្លួង ម៉ែ នៅព្រឹកថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២៦នេះ។
មន្តីរពេទ្យ ហ្លួង ម៉ែ មានអាសយដ្ឋានផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ ព្រៃស ខណ្ឌដង្កា រាជធានី ភ្នំពេញ ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា “មន្ទីរពេទ្យនេះ អតីតជាមន្ទីរពេទ្យស្ត្រី នគរទេព ត្រូវបានបង្កើត និងបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោល បំណងពិនិត្យ និងព្យាបាលជំងឺរោគស្ត្រី ដែលជាការ ផ្តួចផ្តើម គំនិត របស់លោកស្រី ជេននី រីតស្កេស (Janne Ritskes) និង លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ។ក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានជាវមន្ទីពេទ្យនេះ សម្រាប់ព្យាបាល អ្នកជំងឺ កូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ និងបានប្តូរឈ្មោះទៅជា "មន្ទីរពេទ្យ ហ្លួង ម៉ែ" តាមរយៈលិខិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទូលថ្វាយ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ ក្រោយបញ្ចប់ ស្ថានភាពរាតត្បាត ជំងឺកូវីដ-១៩ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់លើកយោបល់គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបង្កើតមន្ទីរពេទ្យ ហ្លួង ម៉ែ ជា "មន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក”។

មន្ទីរពេទ្យមានអគារមន្ទីរពេទ្យចំនួន ១ ខ្នង កម្ពស់ ៥ ជាន់ និងអគារ អាហារដ្ឋានចំនួន ១ ខ្នង  ដែលមានទំហំផ្ទៃ ប្រើប្រាស់ សំណង់អគារ ៣១ ៨០០.៤៧ ម២ និងមាន សួនច្បារទំហំ ២ ០៩៤.៤៥ ម២ ព្រមទាំងចំណតយានយន្ត ដំណើរការគ្រែសរុបចំនួ ន ២០០ គ្រែ ។ បច្ចុប្បន្ន មន្ទីរពេទ្យមានផ្តល់សេវា ដូចជា៖ សេវាសង្គ្រោះបន្ទាន់ ពិគ្រោះជំងឺក្រៅ ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ពិនិត្យរកកោសិកាមហារីកមាត់ស្បូន មន្ទីរពិសោធន៍ និងវិភាគជាលិកា វះកាត់មហារីក អន្តរាគមន៍ឆ្លុះប្រព័ន្ធរំលាយអាហារ និងសេវាអន្តរាគមន៍ រូបភាពសាស្ត្រ ព្រមទាំងសេវាគាំទ្រផ្សេងទៀត ៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ ៖ អេង សុគុណ និងលឹម មុនី