សង្គម

មន្ទីរសម្រាកព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ និងសមាគមសិល្បករខ្មែរ ចុះអនុស្សរណៈផ្តល់ជូន​ការគាំពារសុខុមាលភាព​ពិសេស​ជូនសិល្បករខ្មែរ

image


 
ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរសម្រាកព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ (Royal Group Wellness Center) និងសមាគមសិល្បករខ្មែរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាសុខភាពបង្ការ ការអប់រំអំពីសុខុមាលភាព និងសេវាវេជ្ជសាស្ត្រ និងសុខុមាលភាពប្រកបដោយវិជ្ជាជីវៈសម្រាប់សហគមន៍សិល្បកររបស់កម្ពុជា។ កិច្ចសហការថ្មីនេះ ពង្រីកលទ្ធភាពទទួលបានចំណេះដឹងអំពីសុខភាព និងសេវាវេជ្ជសាស្ត្រ និងសុខុមាលភាពប្រកបដោយវិជ្ជាជីវៈ សម្រាប់សមាជិកសមាគមសិល្បករខ្មែរជាង ៧០០នាក់។
 
កិច្ចព្រមព្រៀងនេះ រៀបចំឡើងក្រោមអធិបតីភាព​លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ និង​ជាអនុប្រធាន​ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ។ តាមរយៈអនុស្សរណៈ​នេះ អង្គភាព​ទាំងពីរ នឹងសហការគ្នាលើការអប់រំ និងការលើកកម្ពស់ការយល់ដឹងអំពីសុខភាព និងសុខុមាលភាព ការផ្សព្វផ្សាយទៅកាន់សហគមន៍ និងការសម្របសម្រួលឱ្យសិល្បករ​មាន​លទ្ធភាពទទួលបានសេវាព្យាបាល ពិនិត្យជំងឺ និង​ថែទាំ​ដែលមាន​តម្លៃ​សមរម្យនៅ មន្ទីរសម្រាកព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ។
 
សិល្បករ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សវប្បធម៌កម្ពុជា និងបំផុសគំនិតដល់សហគមន៍របស់យើង។ ភាពជាដៃគូនេះត្រូវបានបង្កើតឡើងដើម្បីជួយពួកគេថែរក្សាអ្វីដែលសំខាន់មួយទៀត គឺសុខភាពរបស់ពួកគេ។ តាមរយៈការធ្វើឱ្យការទទួលបានសេវាសុខភាពបង្ការកាន់តែងាយស្រួល និងការគាំទ្រសមាជិកតាមរយៈការតាមដានថែទាំប្រកបដោយវិជ្ជាជីវៈ យើងសង្ឃឹមថា នឹងជួយសិល្បករឱ្យយកចិត្តទុកដាក់លើសុខភាព និងសុខុមាលភាពរបស់ខ្លួន និងបន្តការងាររបស់ពួកគេដោយមានទំនុកចិត្តកាន់តែខ្ពស់។
 
លោកវេជ្ជបណ្ឌិត Raymond Kirwan អគ្គនាយកមន្ទីរសម្រាកព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ បានមានប្រសាសន៍ថា  សិល្បកររបស់យើងបានលះបង់ទេពកោសល្យរបស់ពួកគេ ដើម្បីរួមចំណែកក្នុងការលើកស្ទួយជីវិតវប្បធម៌របស់កម្ពុជា។ សុខភាព និងសុខុមាលភាពរបស់ពួកគេ មានសារៈសំខាន់ចំពោះការរួមចំណែកនេះ។ ភាពជាដៃគូនេះនឹងផ្តល់ឱ្យសមាជិកសមាគមសិល្បករខ្មែរ នូវលទ្ធភាពជាក់ស្តែងក្នុងការទទួលបានសេវាសុខភាពបង្ការ ការអប់រំអំពីសុខភាព និងអត្ថប្រយោជន៍សុខុមាលភាពពិសេសៗ ដោយមានការគាំទ្រពីសេវាថែទាំប្រកបដោយវិជ្ជាជីវៈ និងការរក្សាការសម្ងាត់។
 
លោកជំទាវ នៅ សុនិតា អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ តំណាង​លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍ថា តាម​រយៈ​កិច្ចសហការនេះ គឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់រួមគ្នាចំពោះសុខភាព សុខុមាលភាព និងការថែទាំសុខភាពបង្ការ របស់សិល្បករខ្មែរ ដែលជាកម្លាំងដ៏សំខាន់មួយក្នុងការចូលរួមថែរក្សា លើកតម្កើង និងផ្សព្វផ្សាយសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។
 
លោកជំទាវ បានបញ្ជាក់​បបន្ថែម​ថា តាមរយៈកិច្ចសហការនេះ សិល្បករសិល្បការិនី និងសមាជិកសមាគមសិល្បករខ្មែរ នឹងមានឱកាសទទួលបានការគាំទ្រ និងអត្ថប្រយោជន៍ជាច្រើនពាក់ព័ន្ធនឹងសុខភាព និងសុខុមាលភាពរបស់ខ្លួន ដូចជា៖ ទី១៖ លើកកម្ពស់ការយល់ដឹងអំពីសុខភាព និងសុខុមាលភាពក្នុងចំណោមសមាជិកសមាគមសិល្បករខ្មែរ ដើម្បីឱ្យសិល្បករយើងកាន់តែយល់ដឹងពីសារៈសំខាន់នៃការថែរក្សាសុខភាព និងការការពារជំងឺជាមុន។ ទី២៖ សម្របសម្រួលឱ្យសមាជិកសមាគមសិល្បករខ្មែរ មានលទ្ធភាពទទួលបានសេវាថែទាំសុខភាព និងសុខុមាលភាពដែលមានគុណភាព ពី Royal Group Wellness Center។ ទី៣៖ រៀបចំយុទ្ធនាការអប់រំសុខភាព សិក្ខាសាលា សន្និសីទ និងសកម្មភាពផ្សេងៗផ្នែកសុខុមាលភាព ដើម្បីផ្តល់ចំណេះដឹង និងលើកកម្ពស់ទម្លាប់ល្អក្នុងការថែរក្សាសុខភាពរបស់សិល្បករ។ និងទី៤៖ សិល្បករនៃសមាគមសិល្បករខ្មែរ នឹងទទួលបានសេវាពិគ្រោះជំងឺ ពិនិត្យសុខភាព និងការព្យាបាល ជាមួយ​នឹង​​ការបញ្ចុះតម្លៃយ៉ាង​ពិសេស​ប្រកបដោយស្តង់ដារអន្តរជាតិពី Royal Group Wellness Center។
 
គួរបញ្ជាក់ថា តាមរយៈ​កេរ្តិ៍ឈ្មោះនៃវិជ្ជាជីវៈពេទ្យ បច្ចេកទេស​ដ៏ទំនើប និង​សេវាកម្ម​ដ៏​ប្រណិត​ មន្ទីរសម្រាកព្យាបាល Royal Group Wellness Center នឹងផ្តល់ជូននូវសេវាកម្ម និងវិធីព្យាបាលផ្នែកសុខុមាលភាពយ៉ាងទូលំទូលាយ រួមមាន ការស្តារសុខភាព និងភាពរឹងមាំឡើងវិញ ការការពារជំងឺ និងការថែរក្សាសម្រស់ តាមរយៈវិធីសាស្ត្រវេជ្ជសាស្ត្រទំនើប។ សេវាកម្មទាំងនេះ ត្រូវបានផ្តល់ជូនដោយក្រុមវេជ្ជបណ្ឌិត និងអ្នកជំនាញផ្នែកសុខាភិបាលដែលទទួលបានការបណ្តុះបណ្តាលជាអន្តរជាតិ ក្នុងបរិយាកាសប្រកបដោយភាពប្រណិត ឯកជន និងផាសុកភាព៕
 
អត្ថបទ៖ចេង ឆហួត និងរូបភាព៖លឹម មុនី, ង៉ាន់ សំណាង, អ៊ុន ផាន់ណាត់