ព័ត៌មានជាតិ

សិស្សមកពីគ្រួសារមានបណ្ណសមធម៌ ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាល

image

ភ្នំពេញ៖ ក្នុងគោលបំណងលើកកម្ពស់ការសិក្សាអប់រំ និងចូលរួមកាត់បន្ថយអត្រានៃការបោះបង់ការសិក្សាចំពោះគ្រួសារក្រីក្រ ក៏ដូចជាឈរលើគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់” រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធគាំពារសង្គម បានសម្រេចដាក់ចេញនូវ កម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា កាលពីដើមឆ្នាំ២០២៥ ដើម្បីផ្តល់ជូនប្រាក់ឧបត្ថម្ភប្រចាំខែជូនដល់គ្រួសារក្រីក្រមានបណ្ណសមធម៌ ដែលមានសមាជិកសិក្សានៅបឋមសិក្សា (ថ្នាក់ទី១ ដល់ទី៦) និងមធ្យមសិក្សា(ថ្នាក់ទី៧ ដល់ថ្នាក់ទី១២)។
 
កម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា នេះ ស្ថិតក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
 
គិតត្រឹមខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ជូនសិស្សានុសិស្សនៅបឋមសិក្សា និងមធ្យមសិក្សាក្នុងឆ្នាំសិក្សា ២០២៥ និង២០២៦ ដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌សរុប ចំនួន ៤២៩ ៣៦៤នាក់ នៅទូទាំងប្រទេស។

សម្រាប់កម្មវិធីនេះ រាជរដ្ឋាភិបាលដោយគ្រោងវិភាជថវិកាប្រមាណ ៣០លានដុល្លារ ក្នុង១ឆ្នាំៗ ដើម្បីអនុវត្ត ផងដែរ។
 
កម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយសម្ពាធថវិកាក្នុងគ្រួសារ ព្រមទាំងជួយទប់ស្កាត់ និងកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៦ សិស្សានុសិស្សដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ ចំនួន ៦ ២៩១នាក់ មានឱកាសចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ ក្នុងចំណោមនោះមានសិស្សានុសិស្សចំនួន ៦១នាក់ ទទួលបានលទ្ធផលប្រឡងជាប់ និទ្ទេស A ទៀតផង។

កម្មវិធីដែលបានបើកផ្តល់ប្រាក់ឧបត្ថម្ភជូនសិស្សានុសិស្សតាំងពីខែមករា ឆ្នាំ២០២៥ មិនត្រឹមតែចូលរួមចំណែក សម្រាលជីវភាពប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមវិនិយោគចំគោលដៅលើធនធានមនុស្ស យ៉ាងពិតប្រាកដ៕