សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី និងដៃគូពាក់ព័ន្ធ បានបើកសិក្ខាសាលាបញ្ជ្រាបការយល់ដឹងពី “អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ”
មណ្ឌលគិរី៖ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ ព្រមទាំងមានការគាំទ្រពីសហគ្រិនខ្មែរ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាស្តីពី “អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ”។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី, លោក វឿង ប្រយុទ្ធ ប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី ព្រមទាំងពីការចូលរួមពីមន្ត្រីពាក់ព័ន្ធ ពាណិជ្ជករ អាជីវករ និងសិប្បករ ប្រមាណ ៩០នាក់។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីច្បាប់ស្តីពីភូតគាមអនាម័យ បែបបទ និងនីតិវិធីនៃការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងវិធានដើមកំណើតទំនិញ ដល់សមាជិក សមាជិកា ដែលជាម្ចាស់សហគ្រាស ក្រុមហ៊ុន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តមណ្ឌលគិរី។
លោក គង់ គឹមនី បានថ្លែងថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ និងជួយពង្រឹងសមត្ថភាពដល់ម្ចាស់អាជីវកម្ម ដើម្បីឱ្យយល់ដឹងកាន់តែច្បាស់ពីនីតិវិធីនៃការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (C/O) និងវិធានដើមកំណើតទំនិញ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុគ្រោះពន្ធនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ និងពង្រីកវិសាលភាពនៃការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារសកលលោកឱ្យកាន់តែមានប្រសិទ្ធភាព។
លោកអភិបាលខេត្ត បានលើកឡើងថា នៅក្នុងបរិបទនៃសេដ្ឋកិច្ចសកលភាវូបនីយកម្ម ការនាំចេញផលិតផលកសិកម្ម និងផលិតផលសំខាន់ផ្សេងៗទៀត មិនមែនត្រឹមតែជាការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបំពេញនូវ “លក្ខខណ្ឌបច្ចេកទេស និងបទដ្ឋានគតិយុត្ត” ដែលកំណត់ដោយប្រទេសអ្នកទិញ។ លោក សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងទទួលបាននូវចំណេះដឹងជាក់ស្តែង តាមរយៈការធ្វើបទបង្ហាញយ៉ាងលម្អិតពីអ្នកជំនាញមកពីក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម លើប្រធានបទស្នូលស្តីពី នីតិវិធី នៃការត្រួតពិនិត្យភូតគាមអនាម័យសម្រាប់ការនាំចេញ ក៏ដូចជានីតិវិធីនៃការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងវិធានដើមកំណើតទំនិញ ដែលអាចដោះស្រាយរាល់មន្ទិលសង្ស័យពាក់ព័ន្ធនឹងនីតិវិធីនាំចេញ និងអាចយកទៅ អនុវត្តផ្ទាល់នៅក្នុងអាជីវកម្មរៀងៗខ្លួន ដើម្បីបង្កើតបរិមាណទំនិញឱ្យកាន់តែរីកចម្រើន ។
លោក បានបន្ថែមទៀតថា សភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួលនូវរាល់បញ្ហាដែលសហគ្រាសធុនតូច និងមធ្យម ត្រូវការ។
ក្នុងឱកាសនោះដែរ លោក វឿង ប្រយុទ្ធ ប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី បានថ្លែងថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា ដើម្បីឱ្យមានការយល់ដឹងបន្ថែមពីស្តង់ដារអន្តរជាតិ នីតិវិធីច្បាប់ ការបញ្ជាក់ប្រភពដើម ឬការអនុលោមតាមលក្ខខណ្ឌភូតគាមអនាម័យ សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការជាច្រើន ដើម្បីលើកកម្ពស់សមត្ថភាពនាំចេញ និងធានាថាផលិតផលកម្ពុជាអាចបំពេញតាមស្តង់ដារអន្តរជាតិបាន។
លោកបានបន្ថែមទៀតថា តាមរយៈសិក្ខាសាលានេះ ម្ចាស់អាជីវករ នឹងបានសិក្សាពីនីតិវិធី និងលក្ខខណ្ឌច្បាប់ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍អនុវត្តល្អៗ ដើម្បីជួយឱ្យសហគ្រាសអាចអនុលោមតាមតម្រូវការនៃទីផ្សារអន្តរជាតិបានយ៉ាងមានប្រសិទ្ធភាព។
សិក្ខាសាលានេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត និងទស្សនវិស័យវែងឆ្ងាយរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងការជួយលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹងផ្នែកច្បាប់ដល់ម្ចាស់អាជីវកម្ម ឬសហគ្រិនកម្ពុជា ឱ្យយល់ដឹងកាន់តែប្រសើរ ដើម្បីជំរុញការប្រកួតប្រជែងទាំងក្នុងទីផ្សារស្រុក និងអន្តរជាតិ ព្រមទាំងធានាបាននូវអនុលោមភាពត្រឹមត្រូវស្របតាមបទដ្ឋានគតិយុត្តនានា។
សូមជម្រាបជូនផងដែរថា សិក្ខាសាលានេះទទួលបានការសហការពីសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងមូលនិធិអភិវឌ្ឍន៍ជំនាញ ក្រោមការគាំទ្រពីសហគ្រិនខ្មែរ និងទទួលបានការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារ វីង ខេមបូឌា ម.ក ធនាគារប្រៃសណីយ៍កម្ពុជា ក.អ និងកំពង់ផែស្វយ័តភ្នំពេញ៕