សង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សួនសាធារណៈទំហំ ៧៥ហិកតា នឹងត្រូវរៀបចំនៅបឹងតាមោក សម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ និងលេងកម្សាន្ត

image


ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា រាជធានីភ្នំពេញ នឹងមានលំហសាធារណៈថ្មីមួយទៀតនៅតំបន់បឹងតាមោក លើផ្ទៃដីប្រមាណ ៧៥ហិកតា ដែលនឹងរៀបចំជាសួនសាធារណៈមានដើមឈើជាច្រើន សម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ ដើរលេង កម្សាន្ត និងសម្រាកលំហែ។ បច្ចុប្បន្ន ការដាំដើមឈើនៅតំបន់នេះសម្រេចបានប្រមាណ ៨០ភាគរយហើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំតំបន់បឹងតាមោកជាលំហសាធារណៈ ដោយបានដាំដើមឈើយ៉ាងច្រើន និងចាក់ដីរាប់លានម៉ែត្រគូបរួចមកហើយ។ សម្តេច ក៏បានបញ្ជាក់ថា ទីតាំងនេះមិនត្រូវបានលក់នោះទេ ព្រោះត្រូវរក្សាទុកសម្រាប់រៀបចំជាសួនសាធារណៈ និងផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។

សម្តេច ហ៊ុន ម៉ាណែត បានបន្តថា សួនសាធារណៈនៅបឹងតាមោក ក្រោមការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងក្លាយជាកន្លែងបរិស្ថានសាធារណៈមួយបន្ថែមទៀត សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ។ សម្តេចបានលើកឡើងពីការរៀបចំលំហសាធារណៈឱ្យមានភាពសមស្រប ដើម្បីឱ្យប្រជាពលរដ្ឋអាចទៅហាត់ប្រាណ លេងកីឡា និងដើរលេងកម្សាន្តនៅតាមតំបន់ជិតៗលំនៅឋាន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញកំពុងបង្កើតសួនលំហែមួយនៅភាគខាងជើងឈៀងខាងលិចរាជធានីភ្នំពេញ លើផ្ទៃដី ៧៥ហិកតា ដែលការដាំដើមឈើសម្រេចបានប្រមាណ ៨០ភាគរយ។ ចំណែកសួនលំហែមួយទៀត ដែលមានផ្ទៃដីជាង ៣ហិកតា នៅភាគខាងលិចរាជធានីភ្នំពេញ ក៏កំពុងរៀបចំជិតរួចរាល់ផងដែរ៕