នៅចំពោះមុខសម្ដេចតេជោ, ឯកអគ្គរដ្ឋទូតថ្មីហ្សកហ្ស៊ី ប្ដេជ្ញាប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត
ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក អ៉ីរ៉ាកលី អាសាសវីលី (Irakli Asashvili) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។
យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា សម្ដេចតេជោ ក្នុងព្រះបរមនាមព្រះមហាក្សត្រកម្ពុជា អបអរសាទរដែល លោក អ៉ីរ៉ាកលី អាសាសវីលី (Irakli Asashvili) ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃហ្សកហ្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេចតេជោ សង្ឃឹមថាវត្ដមានរបស់លោក នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។
នៅចំពោះមុខសម្ដេចតេជោ លោក អ៉ីរ៉ាកលី អាសាសវីលី (Irakli Asashvili) ប្ដេជ្ញាខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត ដោយលោកបានលើកឡើងថាពេលនេះទំនាក់ទំនងប្រទេសទាំងពីរកំពុងតែឈានជំហានទៅមុខ និងរីកចម្រើនគួរឲ្យកត់សម្គាល់។
ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងការពេញចិត្ដក្រៃលែងចំពោះការលើកឡើងរបស់លោក អ៉ីរ៉ាកលី ដោយសម្ដេចបង្ហាញពីការពេញចិត្ដចំពោះទំនាក់ទំនងរវាងកម្ពុជា-ហ្សកហ្ស៊ី ដែលមកដល់ពេលនេះកាន់តែរីកចម្រើនបើទោះបីភូមិសាស្ដ្រប្រទេសទាំងពីរនៅឆ្ងាយពីគ្នាក៏ពិតមែន តែប្រទេសទាំងពីរនៅតែមានលទ្ធភាពបង្កើតទំនាក់ទំនងដ៏ល្អជាមួយគ្នា។
ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានលើកទឹកចិត្ដឲ្យប្រទេសទាំងពីរបន្ដជជែកគ្នាដើម្បីស្វែងរកចំណុចសំខាន់ៗដើម្បីបង្កើនកិច្ចសហប្រតិបត្ដិការឲ្យកាន់តែស៊ីជម្រៅ។
ស្របជាមួយគ្នានេះ សម្ដេចក៏បានរំលឹកពីអតីតកាលដែលសម្ដេចធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសហ្សកហ្សីកាលពីពេលកន្លងទៅ ដូចនេះសម្ដេចសង្ឃឹមថាទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អប្រសើរ៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង