ព័ត៌មានជាតិ

អគារកាស៊ីណូមួយនៅក្រុងបាវិត ខេត្តស្វាយរៀង​ ជាទីតាំងលាក់ខ្លួនក្លែងធ្វើមន្ត្រីបរទេសប្រព្រឹត្តបទល្មើស Online Scam

image

ស្វាយរៀង៖ បន្ទាប់ពីបានចុះយកព័ត៌មានអតីតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតនៅមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ ឬ 8 Park ក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង​ ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៣៩អង្គភាព ស្មើ៧៨រូប នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦​ បានចុះទៅដល់​ អគារកាស៊ីណូឈ្មោះ «Golden Galaxy» ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលជាអតីតមជ្ឈមណ្ឌល Scam Compound ដែលត្រូវបានសមត្ថកិច្ចបង្ក្រាប និងបិទឃ្លុំទាំងស្រុង នៅក្នុងរង្វង់ប្រតិបត្តិការកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។

អគារនេះមានម្ចាស់ទីតាំងជាជនជាតិចិន​ ឈ្មោះ ហុង ស៊ីងជឺ ហើយមានជនជាតិវៀតណាម ២នាក់ ដែលបានជួលបន្ត និងយកទៅរៀបចំ ប្រព្រឹត្តបទល្មើស Online Scam រួមមាន​ឈ្មោះ ឡេ វ៉ាន់ង្វៀន និងឈ្មោះ ង្វៀន វ៉ាន់វិញ។ ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមេក្លោង ៣នាក់ បញ្ជូនទៅតុលាការ និងត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ និងរកឃើញជនបរទេសជាង ២០០នាក់ រួមមាន​ ចិន ២៥នាក់ វៀតណាម ១៨២ កូរ៉េខាងត្បូង ៨នាក់ និងបង់ក្លាដែស ៦០នាក់ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញចេញពីកម្ពុជា។

លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦​ ថា អគារកាស៊ីណូមានផ្ទៃដីជាង ៥ហិកតា មានកម្ពស់៧ជាន់ ដែលមានជាង​ ៧០០បន្ទប់។​ កាស៊ីណូនេះ ត្រូវបានអាជ្ញាធរចុះបង្រា្កបនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដោយមានជនជាតិកូរ៉េ ជាម្ចាស់ទីតាំង ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញមានជនបរទេស​ ២៤៤នាក់ មាន៤សញ្ជាតិ (ចិន វៀតណាម កូរ៉េខាងត្បូង និងបង់ក្លាដេស) បានសម្ងំលាក់ខ្លួនធ្វើប្រតិបត្តិការបទល្មើសឆបោកតាមអនឡាញ ក្រោមរូបភាពក្លែងជាមន្ត្រីរាជការបរទេស។

លោក ប៉េង ពោធិ៍សា បានបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដោយដកហូតកុំព្យួរទ័រ និងទូរសព្ទសរុបជាង ៦០០គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត។

សូមបញ្ជាក់ថា​ ខេត្តស្វាយរៀង មានកាស៊ីណូចំនួន២៨ ក្នុងនោះមាន​ ៣កាស៊ីណូ ត្រូវបានអាជ្ញាធរបិទទាំងស្រុង ខណៈកំពុងរៀបចំនីតិវិធីបិទកាស៊ីណូ១កន្លែងទៀតដែលពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែន។

សូមបញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានជាង ៨៣០កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំងអនឡាញស្កែមទ្រង់ទ្រាយធំបានរហូតដល់ ៨៦កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺនាក់។​ ក្នុងចំណោមទីតាំងដែលបានបើកប្រតិបត្តិការទាំងនោះ មានទីតាំង Online Scam ទ្រង់ទ្រាយធំចំនួន ៨៦កន្លែង ដែលអាចនិយាថាទីតាំង Online Scam ទ្រង់ទ្រាយធំ ត្រូវបានគ្រប់គ្រង និងកម្ទេចទាំងស្រុង។

កម្ពុជាបានចាត់ទុកថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ជាបញ្ហាប្រឈមធ្ងន់ធ្ងរ ហើយកម្ពុជាខ្លួនឯងក៏ជាអ្នករងគ្រោះពីឧក្រិដ្ឋកម្មឆ្លងដែននេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយកម្ពុជាបាននឹងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំង និងបង្ក្រាបបទល្មើសនេះឱ្យដល់ឫសគល់ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានានៅលើពិភពលោក រួមមាន ប្រទេសចិន អាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។

អាជ្ញាធរកម្ពុជា នៅតែបន្តបេសកកម្មប្រយុទ្ធប្រឆាំងបទល្មើស Online Scam ដែលបានប្រែក្លាយពីទ្រង់ទ្រាយធំ ទៅជាប្រតិបត្តិការតូចៗ និងមានលក្ខណៈបែកខ្ញែក​ ដើម្បីទប់ស្កាត់ការបង្កើតបណ្តាញថ្មី និងការផ្លាស់ប្តូរទម្រង់ប្រតិបត្តិការរបស់បណ្តាញដែលមានស្រាប់។

ការបង្ក្រាបក្នុងប្រទេសត្រូវបានភ្ជាប់ជាមួយកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយសារបទល្មើស Online Scam មានលក្ខណៈឆ្លងដែន និងអាចពាក់ព័ន្ធនឹងជនរងគ្រោះ ជនសង្ស័យ បណ្តាញហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលស្ថិតនៅក្នុងប្រទេសផ្សេងៗគ្នា៕