សេដ្ឋកិច្ច

និយ័តករធានារ៉ាប់រងកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពត ផ្សព្វផ្សាយនីតិវិធីទទួល និងដោះស្រាយបណ្តឹងធានារ៉ាប់រង ដើម្បីបង្កើនទំនុកចិត្តប្រជាពលរដ្ឋ

image

កំពត៖ និយ័តករធានារ៉ាប់រងកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីនៃការទទួល និងការដោះស្រាយបណ្តឹងធានារ៉ាប់រង» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យធានារ៉ាប់រង។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី តាន់ លីនណា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក ចាន់ ថា អភិបាលរងខេត្តកំពត។


ថ្លែងក្នុងសិក្ខាសាលា លោកស្រី តាន់ លីនណា បានលើកឡើងថា ទំនុកចិត្ត គឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់វិស័យធានារ៉ាប់រង ព្រោះការមានទំនុកចិត្តរបស់ប្រជាពលរដ្ឋនឹងជួយឱ្យវិស័យនេះរីកចម្រើន និងអាចផ្តល់ការការពារដល់ប្រជាពលរដ្ឋ ព្រមទាំងជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុដែលបង្កឡើងដោយហានិភ័យផ្សេងៗ។


លោកស្រីបានបញ្ជាក់ថា សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនអំពីប្រភេទបណ្តឹង នីតិវិធីនៃការដាក់ពាក្យបណ្តឹង និងតួនាទីរបស់និយ័តករធានារ៉ាប់រងកម្ពុជាក្នុងការជួយដោះស្រាយបញ្ហាពាក់ព័ន្ធ ព្រមទាំងបើកជាវេទិកាពិភាក្សា និងស្រាយបំភ្លឺចម្ងល់នានាពាក់ព័ន្ធនឹងវិស័យធានារ៉ាប់រង។


លោកស្រីអគ្គនាយករង ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហា ឬភាពមិនប្រក្រតីក្នុងការទាមទារសំណងធានារ៉ាប់រង សូមកុំស្ទាក់ស្ទើរក្នុងការដាក់ពាក្យបណ្តឹងមកកាន់និយ័តករធានារ៉ាប់រងកម្ពុជា។ បន្ថែមពីលើការដាក់ពាក្យដោយផ្ទាល់ ឬតាមគេហទំព័រ និយ័តករធានារ៉ាប់រងកម្ពុជាក៏បានបង្កើតកម្មវិធីបណ្តឹងតាមទូរសព្ទដៃដែលមានឈ្មោះថា «បណ្តឹងធានារ៉ាប់រង» ដើម្បីផ្តល់ភាពងាយស្រួល និងឆាប់រហ័សជូនប្រជាពលរដ្ឋ។


លោកស្រី តាន់ លីនណា បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក ទីផ្សារធានារ៉ាប់រងកម្ពុជាបានអភិវឌ្ឍ និងវិវត្តជាបន្តបន្ទាប់។ ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០២ ទីផ្សារមានតែក្រុមហ៊ុនធានារ៉ាប់រងរបស់រដ្ឋមួយប៉ុណ្ណោះ។ ចាប់ពីឆ្នាំ២០០៣ មក ទីផ្សារបានពង្រីកជាបន្តបន្ទាប់ ដោយមានវត្តមានក្រុមហ៊ុនធានារ៉ាប់រងទូទៅ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត។


រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន៣៩ ដែលទទួលបានអាជ្ញាបណ្ណ និងកំពុងប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផ្អែកលើទិន្នន័យឆ្នាំ២០២៥ ទំហំបុព្វលាភដុលក្នុងវិស័យធានារ៉ាប់រងមានប្រមាណ៣៦៧លានដុល្លារអាម៉េរិក ដែលជាកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។
ទោះជាយ៉ាងណា ក្នុងឆ្នាំ២០២៥ វិស័យធានារ៉ាប់រងបានចូលរួមភាគទានក្នុងសេដ្ឋកិច្ចកម្ពុជាប្រមាណ១.១១% ខណៈដង់ស៊ីតេធានារ៉ាប់រងមានជាង២០ដុល្លារអាម៉េរិកសម្រាប់មនុស្សម្នាក់ ដែលនៅមានកម្រិតទាបនៅឡើយ បើប្រៀបធៀបនឹងអត្រាភាគទានរបស់ប្រទេសផ្សេងៗក្នុងតំបន់។


ជាមួយគ្នានេះ លោក ចាន់ ថា អភិបាលរងខេត្តកំពត បានឱ្យដឹងថា បច្ចុប្បន្ន ខេត្តកំពតមានសាខាក្រុមហ៊ុនធានារ៉ាប់រងចំនួន២ កំពុងដំណើរការអាជីវកម្ម។ លោកបានលើកទឹកចិត្ត និងស្នើឱ្យនិយ័តករធានារ៉ាប់រងកម្ពុជា ជំរុញឱ្យមានការវិនិយោគ និងការបើកសាខាក្រុមហ៊ុនធានារ៉ាប់រងបន្ថែមទៀតនៅក្នុងខេត្តកំពត។


លោក ចាន់ ថា បានបញ្ជាក់ថា ការពង្រីកវត្តមានក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងខេត្ត នឹងរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ ព្រមទាំងជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ និងបង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរ ដែលអាចចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចខេត្តកំពត។


លោកបានបន្ថែមថា ខេត្តកំពតក៏កំពុងរៀបចំបង្កើតតំបន់ទេសចរណ៍ និងរមណីយដ្ឋានមួយចំនួនទៀត តាមតំបន់ដែលមានសក្តានុពល ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើន។ ការអភិវឌ្ឍនេះត្រូវបានរំពឹងថា នឹងបង្កើតការងារ និងឱកាសប្រកបមុខរបរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជួយលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ៕