ព័ត៌មានជាតិ

ស្ថានទូតសាធារណរដ្ឋឆែក ចុះផ្សព្វផ្សាយពីឱកាសកិច្ចសហប្រតិបត្តិការកម្ពុជា-ឆែក នៅខេត្តបាត់ដំបង ដើម្បីបង្កើតទំនាក់ទំនងដោយផ្ទាល់ជាមួយសហគមន៍មូលដ្ឋាន

image

បាត់ដំបង៖ កម្មវិធីចុះផ្សព្វផ្សាយរបស់ស្ថានទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ដែលបង្ហាញអំពីចំណុចគួរឱ្យចាប់អារម្មណ៍នានារបស់សាធារណរដ្ឋឆែក ព្រមទាំងជំនាញ ប្រពៃណី សម្រស់ធម្មជាតិ និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឆែក បានមកដល់ចំណតទីពីរ គឺខេត្តបាត់ដំបង បន្ទាប់ពីចាប់ផ្តើមនៅខេត្តកែបកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។


កម្មវិធីនេះដឹកនាំដោយលោកស្រី ឯកអគ្គរដ្ឋទូត ម៉ារាកេតា កុលត្ស ហាយកូវ៉ា (Markéta Kolc Hájková) ក្នុងគោលបំណងនាំសកម្មភាពរបស់ស្ថានទូតទៅកាន់តំបន់នានានៃព្រះរាជាណាចក្រកម្ពុជា និងបង្កើតទំនាក់ទំនងដោយផ្ទាល់ជាមួយសហគមន៍មូលដ្ឋាន។ ស្ថានទូតគ្រោងនឹងបន្តចុះទៅកាន់ខេត្តផ្សេងៗទៀតរហូតដល់ចុងឆ្នាំ២០២៦ និងបន្តទៅកាន់ខេត្តកាន់តែច្រើននៅឆ្នាំ២០២៧។


កម្មវិធីនេះរៀបចំឡើងដោយមានការផ្តួចផ្តើមពីលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សមាជិកក្រុមប្រឹក្សាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-សាធារណរដ្ឋឆែក ដោយសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្តបាត់ដំបង និងសាកលវិទ្យាល័យជាតិបាត់ដំបង។


កម្មវិធីនេះមានការធ្វើបទបង្ហាញជាបន្តបន្ទាប់ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងជាពិសេសសម្រាប់អនាគត។ ប្រធានបទសំខាន់ៗរួមមាន កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការអប់រំ និងអាហារូបករណ៍ ធុរកិច្ច និងវប្បធម៌។


លោកស្រី ឯកអគ្គរដ្ឋទូត ម៉ារាកេតា កុលត្ស ហាយកូវ៉ា បានលើកឡើងថា សាធារណរដ្ឋឆែក គឺជាប្រទេសអឺរ៉ុបមួយក្នុងចំណោមប្រទេសអឺរ៉ុបតែ៤ ដែលមានស្ថានទូតប្រចាំនៅរាជធានីភ្នំពេញ។ លោកជំទាវបញ្ជាក់ថា វាបង្ហាញពីទំនាក់ទំនងមិត្តភាព ការចាប់អារម្មណ៍របស់ឆែកចំពោះកម្ពុជា និងការជឿទុកចិត្តលើអនាគត និងវិបុលភាពរបស់កម្ពុជា។


លោកស្រីឯកអគ្គរដ្ឋទូតបានបន្តថា ទោះបីកិច្ចពិភាក្សាកម្រិតខ្ពស់ និងការសម្រេចចិត្តជាយុទ្ធសាស្ត្រដែលធ្វើឡើងនៅរាជធានីមានសារៈសំខាន់ក៏ដោយ កិច្ចការទាំងនោះត្រូវបន្តអនុវត្តឱ្យក្លាយជាសកម្មភាពជាក់ស្តែង តាមរយៈការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការប្រចាំថ្ងៃ ដែលផ្អែកលើទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។


លោកស្រីបានបញ្ជាក់ថា នេះជាមូលហេតុដែលស្ថានទូតចុះទៅកាន់តាមបណ្តាខេត្ត ដើម្បីនាំប្រជាជនកម្ពុជា និងប្រជាជនឆែកឱ្យកាន់តែជិតស្និទ្ធគ្នា និងស្វែងរកវិស័យដែលមានសក្តានុពលសម្រាប់សកម្មភាពរួមគ្នានាពេលអនាគត។
បន្ថែមពីលើបទបង្ហាញ កម្មវិធីនេះក៏មានពិព័រណ៍រូបថតបង្ហាញពីទេសភាព និងប្រពៃណីរបស់ប្រទេសឆែក ព្រមទាំងស្នាដៃសិល្បៈ និងការរចនាដោយកញ្ចក់កែវចរណៃ ដែលជាផ្នែកមួយនៃស្នាដៃដ៏ល្បីល្បាញរបស់ប្រទេសឆែក។


ពិព័រណ៍នេះត្រូវបានរៀបចំដោយជនជាតិឆែកដែលរស់នៅកម្ពុជា និងអ្នកដែលមានចំណាប់អារម្មណ៍លើប្រទេសឆែក ដែលបានរួមគ្នាដោយស្ម័គ្រចិត្តក្រោមគំនិតផ្តួចផ្តើមក្នុងតំបន់ Bohemindo។ ពិព័រណ៍នេះធ្លាប់ត្រូវបានដាក់តាំងដោយជោគជ័យនៅរាជធានីភ្នំពេញកាលពីខែធ្នូ ឆ្នាំ២០២៥ ហើយការនាំយកមកបង្ហាញនៅខេត្តបាត់ដំបង បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋក្នុងខេត្តបានទស្សនា និងស្វែងយល់អំពីបរិយាកាស វប្បធម៌ និងអត្តសញ្ញាណរបស់ប្រទេសឆែកនៅក្នុងខេត្តកំណើតរបស់ពួកគេ៕