ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣ សំខាន់ៗ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣ ៖ ទី១-សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥។ ២-របាយការណ៍វឌ្ឍនភាពនៃការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងតភ្ជាប់ទៅទីផ្សារអន្តរជាតិ។ ៣-របាយការណ៍វឌ្ឍនភាពនៃវិស័យភស្តុភារកម្ម។
សូមជម្រាបថា សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥ ដែលជារបៀបវារៈទី១នោះ នឹងក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់បំផុត ក្នុងការជំរុញកិច្ចដំណើរការអភិវឌ្ឍប្រព័ន្ធទិន្នន័យស្ថិតិជាតិ និងលើកកម្ពស់គុណភាពនៃការធ្វើសមាហរណកម្មទិន្នន័យស្ថិតិតាមវិស័យនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងផ្នែកឯកជន សម្រាប់បំពេញសេចក្តីត្រូវការរបស់អ្នកធ្វើសេចក្តីសម្រេចគោលនយោបាយ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងសុខុមាលភាពប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទិន្នន័យស្ថិតិរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកវិស័យឯកជន សហគមន៍ជាតិ និងអន្តរជាតិយ៉ាងទូលំទូលាយប្រកបដោយប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ ហ៊ន សុភ័ក្រ