ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្លាស់ប្តូរទស្សនៈគ្នា ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លើបច្ចុប្បន្នភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

image

អាម៉េរិក៖ នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ចាប់តាំងពីបេសកកម្មអ៊ុនតាក់ (UNTAC) ដែលបានគាំទ្រដល់ការអភិវឌ្ឍជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្ងើចសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏លេចធ្លោរបស់ឯកឧត្តមអគ្គលេខាធិការ ក្នុងការដឹកនាំក៏ដូចជាធ្វើឱ្យអង្គការនេះកាន់តែរឹងមាំ និងដើរតួនាទីយ៉ាងសំខាន់ ជាពិសេសក្នុងអំឡុងពេលជាច្រើនទសវត្សរ៍ ដែលពោរពេញដោយការវិវត្ត ភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមធំៗជាច្រើន។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ផងដែរ៕

អត្ថបទ៖ សន ពិសិដ្ឋ