លោក វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែ ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោក វង្សី វិស្សុតសមាជិកគណៈអចិន្ត្រៃយ៍នៃ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ៩ខែ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផលការងារដែលសម្រេចបាន និងកិច្ចការត្រូវយកចិត្តទុកដាក់ជំរុញបន្តពាក់ព័ន្ធ នឹងបញ្ហាសេដ្ឋកិច្ច និង ជីវភាពប្រជាជន ព្រមទាំងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។
លោក វង្សី វិស្សុត បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះ មូលដ្ឋាន ទាំងក្រុមការងារខ្សែបណ្តោយ និងក្រុមការងារខ្សែទទឹងតាមវិស័យទាំង៨ ក៏ដូចជាគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នាធ្វើឱ្យខេត្តកំពង់ធំកំពុងមានចលនការវិជ្ជមានទៅមុខ តាមការដ្ឋានយុទ្ធសាស្រ្តទាំង៣ ក្នុងដំណើរឆ្ពោះទៅ សម្រេចបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ទាំងការអភិវឌ្ឍមូលដ្ឋាន ទាំងសតិអារម្មណ៍របស់ប្រជាជន ពិសេសការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងជីវភាពប្រជាជន។ ទន្ទឹមនេះ ការងារកសាង និងពង្រឹងគណបក្សក៏បានសម្រេចបានលទ្ធផលល្អប្រសើរ តាមផែនការដែលបានដាក់ចេញ ពិសេសការពង្រឹងរចនាសម្ព័ន្ធគណបក្សនៅគ្រប់ថ្នាក់, របៀបរបបការងារ និងការសម្រេចបាននូវសន្ទស្សន៍សមាជិកគណបក្សលើសពី៧៥% គ្រប់ឃុំ-សង្កាត់ ព្រមទាំងការសាងសង់ទីស្នាក់ការគណបក្សឃុំ-សង្កាត់រហូត ៧៩ លើ ៨១ ខណៈ២ទៀតកំពុងដំណើរការសាងសង់ បើធៀបនឹងឆ្នាំ២០២៤ ដែលមាន ត្រឹម ៤៣ លើ ៨១ ឃុំ-សង្កាត់។ សមិទ្ធផលទាំងនេះ នឹងពង្រឹងការជឿជាក់ និងការគាំទ្រ ក្នុងគោលដៅសម្រេចឱ្យបាន នូវចក្ខុវិស័យ របស់ សម្ដេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត «ប្រែក្លាយខេត្តកំពង់ធំឱ្យទៅជាបង្គោលនិងមូលដ្ឋាន គាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា» និង «លែងឱ្យខេត្តកំពង់ធំ ជាខេត្តទៅហួស មកហួសទៀត ទាំងគម្រោងអភិវឌ្ឍន៍ វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍»។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍វាយតម្លៃសភាពការណ៍ និងសំណូមពរតាមបណ្តាក្រុង-ស្រុកទាំង ៩ រួចមក, លោក វង្សី វិស្សុត បានផ្តល់គោលការណ៍ណែនាំ និងដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាប្រឈមតាមមូលដ្ឋានក្រុង-ស្រុកនីមួយៗ និងបានផ្តល់ការណែនាំឱ្យក្រុមការងាររៀបចំ និងសម្រួលផែនការសកម្មភាព ដោយផ្អែកលើរបាយការណ៍វាយតម្លៃសភាពការណ៍តាមមូលដ្ឋានរបស់ខ្លួន។ ផែនការសកម្មភាពនេះ ត្រូវតែភ្ជាប់នូវលទ្ធផលជាក់ស្តែង ហើយធ្វើយ៉ាងណាឱ្យចំបេះដូងប្រជាជន និងតម្រូវការប្រជាជនពិតប្រាកដ ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន។
ទន្ទឹមនេះ ត្រូវតម្រង់អាទិភាពលើលើការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងជីវភាពប្រជាជន ពិសេសការបង្កើតការងារ មុខរបរ និងប្រាក់ចំណូលបន្ថែមជូនប្រជាជន តាមរយៈការរៀបចំប្រព័ន្ធអេកូឡូស៊ី (Ecosystem) គាំទ្រដល់វិស័យ កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដែលជាចន្ទល់សេដ្ឋកិច្ចខេត្ត, ការបណ្តុះជំនាញបច្ចេកទេសវិជ្ជាជីវៈ, ការទាក់ទាញ វិនិយោគ ទាំងពីក្រៅប្រទេស ពីក្រៅខេត្ត និងក្នុងខេត្ត, ការលើកស្ទួយសហគ្រិនភាព និងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា ដូចជាផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី និងទឹកស្អាត ព្រមទាំងការកសាងបណ្តាញទីផ្សារ។
ជាមួយគ្នានេះ ត្រូវខិតខំបង្កលក្ខណៈងាយស្រួល និងជួយដល់ប្រជាកសិករតាមដែលអាចធ្វើទៅបាន ។ ធ្វើដូចនេះ ដើម្បីអាចធានាបានថា បងប្អូនប្រជាកសិករនៅអាចធ្វើការផលិត និងការដាំដុះកសិផលផ្សេងៗ ពិសេសដំណាំស្រូវ ទោះបីមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្តី។ ឯកឧត្តមបានផ្តល់ការណែនាំដល់ក្រុមអន្តរាគមន៍ពិសេសទាំង២ក្រុម ឱ្យរួមគ្នាជួយលើកិច្ចការនេះ ក៏ដូចជាការស្ថាបនា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ដែលជាតម្រូវការចាំបាច់ និងប្រចាំថ្ងៃរបស់ប្រជាជនក្នុងមូលដ្ឋាន។
លោក វង្សី វិស្សុត ក៏បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឱ្យបន្តខិតខំបម្រើប្រជាជនដោយភាពស្មោះត្រង់ គោរពច្បាប់ ធ្វើអំពើល្អ អំពើត្រឹមត្រូវ និងត្រូវបន្តពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាគ្រប់ប្រភេទ ដូចជា សេវាសន្តិសុខនិងសណ្តាប់ធ្នាប់, សេវាប្រជាពលរដ្ឋ, សេវាសង្គម អប់រំ និងសុខាភិបាល, សេវាយុត្តិធម៌, សេវាសុរិយោដី, សេវាធុរកិច្ច និងការដោះស្រាយទំនាស់ផ្សេងៗ។ ជាមួយគ្នានេះ ត្រូវបន្តយកចិត្តទុកដាក់ដល់ជនចាស់ជរា គ្រួសារក្រីក្រ គ្រួសារជួបទុក្ខលំបាក គ្រួសារយុទ្ធជនពលី និងយុទ្ធជន ដែលកំពុងឈរជើងនៅជួរមុខ និងបងប្អូនចំណាកស្រុក ព្រមទាំងការជួយស្វែងរកការងារធ្វើជូនពលករត្រឡប់មកពីប្រទេសថៃ។
លោក វង្សី វិស្សុត បានស្នើដល់ក្រុមការងារចុះមូលដ្ឋានគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ និងមន្ត្រី គណបក្សគ្រប់រូប ត្រូវផ្តុំកម្លាំងគ្នាជាធ្លុងមួយ និងត្រៀមខ្លួនឱ្យបានល្អពីចម្ងាយ ដើម្បីដណ្តើមជ័យជំនះ និងភាពខ្លាំងជូនគណបក្ស ឱ្យបានជាងពេលណាៗទាំងអស់ ក្នុងការបោះឆ្នោតខាងមុខដោយក្នុងនោះ ចំពោះមុខត្រូវយកចិត្តទុកដាក់ខ្ពស់លើការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះឱ្យបានល្អហ្មត់ចត់, ពង្រឹងគុណភាពសមាជិកគណបក្ស, ពង្រឹងការងារព័ត៌មាន និងសាធារណមតិ ពិសេសត្រូវបន្តពន្យល់ប្រជាពលរដ្ឋពិសេសយុវជន ឱ្យបានយល់ច្បាស់អំពីជំហរដ៏ត្រឹមត្រូវ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយ បញ្ហាព្រំដែន។ ទន្ទឹមនេះ ក៏មិនត្រូវធ្វើព្រងើយកន្តើយចំពោះកង្វល់និងសតិអារម្មណ៍របស់យុវជននោះដែរ។
មុននឹងបញ្ចប់ លោក ក៏បានលើកទឹកចិត្តដល់ក្រុមការងារឱ្យបន្តចុះជាប់ជាមួយប្រជាជន និងផ្សារភ្ជាប់ជាមួយបងប្អូនក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះតាមមូលដ្ឋានរៀងខ្លួនៗ និងបានផ្តល់ការណែនាំដល់អាជ្ញាធរខេត្តក្នុងការត្រៀមរៀបចំពិធីបុណ្យអុំទូកក្នុងខេត្តកំពង់ធំ ឱ្យបា នអធិកអធម និងមានសណ្តាប់ធ្នាប់ល្អ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានកំសាន្តសប្បាយ និងមានឱកាសបានឃើញពីគម្រោងអភិវឌ្ឍន៍ក្រុងស្ទឹងសែនផងដែរ៕