ACU បង្ហាញអំពីនីតិវិធីដ៏ស្មុកស្មាញរបស់ក្រុមឆបោក ONLINE SCAMS ដែលភាគច្រើនឆបោកតាមរូបភាពស្នេហា
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពេីពុករលួយ (ACU) ក្នុងខែកញ្ញា ឆ្នាំ២០២៦ បានធ្វើកោសលវិច័យទូរសព្ទ ៨៤៦គ្រឿង កុំព្យូទ័រមួយចំនួន ស៊ីមកាតទូរសព្ទអន្តរជាតិចំនួន ៤៦៧ស៊ីម របស់ពួកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យស្រាវជ្រាវរក។ នេះបេីយោងរបាយការណ៍របស់ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន (ACU/ អ.ប.ព.) ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី១៤ អាណត្តិទី៤ ក្រោមអធិបតីភាព សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងរបាយការណ៍ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ថា ពាក់ព័ន្ធនឹងកិច្ចការងារស្រាវជ្រាវដ៏ធំនេះ ដេីម្បីរកអំពី ទី១. ចនាសម្ព័ន្ធ និងការទទួលខុសត្រូវនៃទំនាក់ទំនងការងារក្នុងសកម្មភាព ONLINE SCAMS របស់ជនត្រូវចោទ ២២ នាក់។ ទី២. ស្រាវជ្រាវរកអត្តសញ្ញាណជនត្រូវចោទ និងទ្រព្យសម្បត្តិជនត្រូវចោទនោះ។ ទី៣. ស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះជាជនជាតិអាល្លឺម៉ង់-អាម៉េរិក និងជនបរទេសផ្សេងទៀត។ ទី៤. ស្រាវជ្រាវទំនាក់ទំនង និងវិធីដាក់ប្រាក់វិនិយោគ ការផ្ទេរ និងការទទួលប្រាក់រវាងជនរងគ្រោះជាមួយជនត្រូវចោទ និងទី៥. ស្រាវជ្រាវស្វែងរកភស្តុតាងផ្សេងទៀត។
ចំពោះការធ្វេីកោសលវិច័យទូរសព្ទ ៨៤៧គ្រឿង កុំព្យូទ័រ ៨៤គ្រឿង ស៊ីមទូរសព្ទចំនួន ៤៦៧ ACU បានរកនូវ ៥ ចំណុច ទី១. រករចនាសម្ព័ន្ធ និងការទទួលខុសត្រូវនៃទំនាក់ទំនងការងារក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) របស់ជនត្រូវចោទ ២២នាក់ ដែលសមត្ថកិច្ចបានបង្ក្រាបកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅអូរបែកខ្អម រាជធានីភ្នំពេញ។ ទី២. ស្រាវជ្រាវអត្តសញ្ញាណរបស់ជនត្រូវចោទឈ្មោះ DA GI (DA QI) អាយុប្រហែល ៣០ឆ្នាំ ជាជនជាតិចិន និងទ្រព្យសម្បត្តិជាផលបទល្មើសរបស់ជននេះ ទី៣. ស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះជាជនជាតិអាល្លឺម៉ង់ អាមេរិក ឬជនបរទេសផ្សេងទៀត ទី៤. ស្រាវជ្រាវទំនាក់ទំនង និងវិធីនៃការដាក់ប្រាក់វិនិយោគ ការផ្ទេរ និងការទទួលប្រាក់រវាងជនរងគ្រោះជាមួយជនត្រូវចោទខាងលើ និងទី៥. ស្រាវជ្រាវរកភស្តុតាងពាក់ព័ន្ធផ្សេងៗទៀត ដែលអាចបង្ហាញការពិតនៅក្នុងសំណុំរឿងនេះ។
ជាលទ្ធផលត្រួតពិនិត្យ ទូរសព្ទ ៨៤៧គ្រឿង បានពិនិត្យរួច ដោយ ៨១៧គ្រឿង និងខូចទាំងស្រុងមិនដំណើរការ ២៣គ្រឿង (ក្នុង ៨៤៧គ្រឿងនេះ នគរបាលបានកោសលវិច័យរួចមាន ៣គ្រឿង) កុំព្យូទ័រសរុប ៨៤គ្រឿង បានពិនិត្យរួច ស៊ីមទូរសព្ទ ៧១០ បានពិនិត្យ និងរកឃើញថា ស៊ីមចំនួន ១៦៨មិនមានអត្តលេខសម្គាល់ជាស៊ីមរបស់ប្រទេសណា, ស៊ីមចំនួន ១៨៨ (១៥៤+៣៤) ជាសំបកស៊ីមគ្មានស៊ីមទេ ហើយស៊ីមសល់ពីនោះមានអត្តលេខទូរសព្ទរបស់ក្រុមហ៊ុននៅអាល្លឺម៉ង់ អាមេរិក ចិន ចិនតៃវ៉ាន់ វៀតណាម (ប្រការនេះបង្ហាញថា អ្នករងគ្រោះមានជនជាតិអាល្លឺម៉ង់ អាមេរិក ចិន ចិនតៃវ៉ាន់ និវៀតណាម)។
ចំពោះក្រុមការងារ និងការគាំទ្រ SG01 កំពុងបន្តស្រាវជ្រាវ រកភស្តុតាងផ្សេងទៀតតាមការចង់បានរបស់សាលាដំបូងរាជធានីភ្នំពេញ ហើយជាជំហានដំបូងនេះ ACU រកឃើញថា ក្រុមនេះធ្វើការឆបោករបៀបឱ្យវិនិយោគលើប្រាក់និម្មិតគ្រីបតូ ហើយវិធីបោកដើរតាម ៣ជំហាន (លួងលោម សាកសួរ និងវិនិយោគ ៥០០ដុល្លារសិន ប្លុកយកប្រាក់តាមវិធីឱ្យបង់ពន្ធ បិទចោល)។ ឯការឆបោកចែកជាកម្រិត A (អ្នកចាញ់បោកប្រាក់ពី ២០ម៉ឺនដុល្លារឡើងទៅ) កម្រិត B (ចាញ់បោកពី ៣ ម៉ឺនដុល្លារឡើងទៅ)។ សមាជិកឆបោកដែលសរសេរជាអក្សរវៀតណាម ហើយបកប្រែជាភាសាអង់គ្លេស ច្រើនតែជាការឆបោកមនោសញ្ចេតនា ស្នេហា។
ACU បានបន្តទៀតថា ក្រុមឆបោកនេះចែកជាអនុក្រុមដូចជា អនុក្រុមដែលអ្នករកមុខសញ្ញាអាចឆបោកបានតាម Facebook និង Google នៅឯកសារជាបញ្ជីជាឈ្មោះ មានលេខគណនី ឱ្យមកអនុក្រុមមួយ។ អនុក្រុមឆបោកបានលួងលោមមុខសញ្ញាឱ្យស្ម័គ្រចិត្តចូលវិនិយោគ។
ចំពោះអនុក្រុមជនទី៣ ជាក្រុមបង្កើត Accountក្លែងក្លាយជាច្រើន ដែលមានរូប មានទ្រព្យសម្បត្តិជាអ្នកមាន ហើយជនទី៣ នៅចាំចូលComment បន្ថែម ឱ្យជនរងគ្រោះលង់ជឿថា វិនិយោគក៏នឹងបានធូរធារ មានទ្រព្យសម្បត្តិដូចពួកអ្នកបន្ទរទាំងនោះ។ អនុក្រុមជនទី៣នេះ ក៏មានធ្វើផ្សាយពាណិជ្ជកម្មឱ្យគេចុចដើម្បីចូលក្រុមក្រុមលួងលោម ផងដែរ។ នៅពេលក្រុមនេះសម្រចបានលទ្ធផលមុខសញ្ញាចាញ់បោកណា ហើយមុខសញ្ញាចាញ់បោកទាំងនោះ ត្រូវចូលមកអនុក្រុមស្ថិតក្នុងជំពូក B គឺជំពូកក្រុមកាប់ជ្រូក (Killer) ដែលមាន។ ពេលនោះអនុក្រុមពន្យល់ពីការគ្រីបតូណាងាយចូលរួម (ជាគ្រីបតូដែលពួកអនឡាញស្គេមក្លែងក្លាយ បង្កើតឡើងដើម្បីគ្រប់គ្រងលុយគ្រីបតូដោយពួកវា ដោយអ្នកចាញ់បោកមិនដឹង ហេីយនៅពេលដែលជនរងគ្រោះចាប់ផ្ដើមបង្កើតគណនីគ្រីបតូ (ក្លែងក្លាយរបស់ពួកវា)ហើយ បុគ្គលិកអនឡាញស្គេមចាប់ផ្ដើមផ្ដល់ប្រាក់ ៥០០ដុល្លារគ្រីបតូឱ្យជនរងគ្រោះធ្វើការវិនិយោគសាកល្បង ហើយពេលឈប់លេងវិនិយោគ (មានចំណេញ) ត្រូវសងប្រាក់ដើម ៥០០ដុល្លារគ្រីបតូ ឱ្យមកវាវិញ។
ដោយឡែកចំពោះអនុក្រុមលេងការវិនិយោគជាមួយជនរងគ្រោះលើប្រាក់សាកល្បង ៥០០ដុល្លារគ្រីបតូ ណែនាំឱ្យជនរងគ្រោះធ្វើតាមវាគ្រប់ជំហាន ហើយតាមដំណាក់កាលនីមួយៗ វាបង្កើតការឡើង ការធ្លាក់ចុះនៃតម្លៃគ្រីបតូបបង្ហាញច្បាស់ៗថា ជនរងគ្រោះចំណេញប៉ុន្មានៗហើយ នោះដំណាក់កាលវិនិយោគសាកល្បងត្រូវប្រគល់ប្រាក់ ៥០០ដុល្លារគ្រីបតូ មកឱ្យបុគ្គលិកអនឡាញស្គេម ហើយឈានចូលការវិនិយោគដែលមានប្រាក់ខ្លួនឯង ជាមួយប្រាក់ចំណេញដែលខ្លួនមានពីការវិនិយោគសាកល្បង ៥០០ដុល្លារគ្រីបតូ។ ពេលនោះអនុក្រុមលេងវិនិយោគដោយប្រាក់ខ្លួនឯង ដាក់ប្រាក់ ហើយមានផលចំណេញ ដែលបុគ្គលិកអនឡាញស្គេមណែនាំឱ្យដាក់ប្រាក់ឃើញថា ចំណេញ ហេីយពេលណែនាំកុំឱ្យដាក់ប្រាក់ បន្ទាប់មកអាត្រាហ៊ុនគ្រីបតូធ្លាក់ចុះមែន រហូតដល់ជនរងគ្រោះឃើញថា ស្តាប់តាម ១០ដង ចំណេញទាំង១០ដង ពេលនោះអ្នកខ្លះក៏ដាក់ដល់ ៣ ដង រហូតជាង ២០ម៉ឺនដុល្លារ ហេីយអនុក្រុមនេះវិភាគថា ដល់ពេលសម្លាប់ជ្រូកហើយ វាក៏ទាមទារឱ្យបង់ពន្ធលើប្រាក់ដែលជនរងគ្រោះបានវិនិយោគ និងទទួលបានចំណេញ (ដូចជាការវិនិយោគអស់ ២០ម៉ឺន វាឱ្យបង់ពន្ធ ២ម៉ឺន) ពេលជនរងគ្រោះព្រមបង់ពន្ធ វាចាប់ប្លុកចោល យកប្រាក់ ២០ម៉ឺន និងប្រាក់ពន្ធនោះតែម្តង។ ប្រសិនបើជនរងគ្រោះមិនព្រមបង់ពន្ធទេ បុគ្គលិកអនឡាញស្គេមនោះក៏ប្លុកយកប្រាក់ ២០ ម៉ឺននោះតែម្តង ហើយក៏ចប់។
ACU បានបញ្ជាក់ថា ក្រុមអនឡាញស្គេមមានការភូតកុហកស្ទាត់ជំនាញអំពីនីតិវិធីបោកប្រាស់ និងមានវិធីឆែកមើល វាយតម្លៃជនរងគ្រោះតាមដំណាក់កាលនីមួយៗ ដើម្បីឱ្យដឹងថា ជនណាងាយរងគ្រោះ ដើម្បីវាតាមឱ្យស្អិត ចំណែកជនណាមិនងាយរងគ្រោះ មិនត្រូវបន្តចំណាយពេលជាមួយទេ។ ក្រុមនោះមានអត្ថបទណែនាំលួងលោមឆបោកជាភាសាចិន ហើយបកប្រែជាភាសាអង់គ្លេស អាល្លឺម៉ង់ វៀតណាម ដើម្បីឱ្យបុគ្គលិកវាម្នាក់ៗចេះទាក់ទងជនរងគ្រោះ ទាំងជនរងគ្រោះនៅមានឋានៈជា Friend រហូតដល់ឋានៈជាសត្វជ្រូកដែលត្រូវគេកាប់(លង់ក្នុងការឆបោក)៕