លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ចាត់តំណាង រៀបចំអំណោយជូនជនភៀសសឹក ៦៥០គ្រួសារ នៅភូមិតាគឹងបៃតង ខេត្តព្រះវិហារ
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានចាត់តំណាងក្រុមការងារ រៀបចំវេចខ្ចប់គ្រឿងឧបភោគ បរិភោគ និងសម្ភារៈចាំបាច់មួយចំនួន ដើម្បីដឹកយកទៅចែកជូនជនភៀសសឹកចំនួន ៦៥០គ្រួសារ នៅភូមិតាគឹងបៃតង ខេត្តព្រះវិហារ។
នៅទីតាំងរ៉ូយ៉ាល់ វ័ន ក្រុមការងារសមាគមសិល្បករខ្មែរ បានមមាញឹករៀបចំ និងវេចខ្ចប់សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមដឹកយកទៅប្រគល់ជូនបងប្អូនជនភៀសសឹកនៅខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
សមាគមសិល្បករខ្មែរ បានលើកឡើងថា អំណោយទាំងនេះ មិនត្រឹមតែជាសម្ភារៈសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងសាមគ្គីភាពពីសិល្បករ និងសមាគមសិល្បករខ្មែរ ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។
ការចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៦៥០គ្រួសារ ត្រូវបានរៀបចំឡើងក្រោមការគិតគូររបស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ចំពោះប្រជាពលរដ្ឋនៅភូមិតាគឹងបៃតង ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន និងត្រូវឃ្លាតឆ្ងាយពីលំនៅឋាន និងទីធ្លីកសិកម្មដែលពួកគាត់ធ្លាប់រស់នៅ និងអាស្រ័យផល។
ជាមួយគ្នានេះ សមាគមសិល្បករខ្មែរ បញ្ជាក់ពីការបន្តរួមចំណែកជាមួយសង្គម តាមរយៈសិល្បៈ ទឹកចិត្ត និងសកម្មភាពមនុស្សធម៌ ដើម្បីផ្តល់កម្លាំងចិត្ត និងជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក តាមលទ្ធភាព។
សូមបញ្ជាក់ថា មូលនិធិទ្រទ្រង់ជនភៀសសឹក ត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ក្រោមកិច្ចសហការរួមគ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប សមាគមសិល្បករខ្មែរ ក្រុមហ៊ុន សែលកាត ធនាគារ វីង និងក្រុមហ៊ុន CBS។ មកទល់ពេលនេះ មូលនិធិបាននាំយកអំណោយដែលទទួលបានពីសប្បុរសជននានា ទៅប្រគល់ជូនជនភៀសសឹក ជនរងគ្រោះពីជម្លោះព្រំដែនកម្ពុជា-ថៃ និងវីរជនការពារព្រំដែនផងដែរ៕
អត្ថបទ៖ ចេង ឆហួត
រូបភាព៖ អេង សុគុណ