ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង លើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជននៅកម្ពុជា ស្វែងរកប្រភពហិរញ្ញវត្ថុថ្មីតាមរយៈការកៀរគរទុនពីទីផ្សារមូលធន ដើម្បីពង្រីកអាជីវកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែង ដោយកុំបារម្ភពីការបាត់បង់ភាពជាម្ចាស់ និងអំណាចសម្រេចចិត្ត

image

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជននៅកម្ពុជា ស្វែងរកប្រភពហិរញ្ញវត្ថុថ្មីតាមរយៈការកៀរគរទុនពីទីផ្សារមូលធន ដែលអាចផ្តល់ឱកាសដល់ក្រុមហ៊ុនក្នុងការពង្រីកអាជីវកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែង។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏អាចរក្សាបាននូវភាពជាម្ចាស់ និងធានាថាការគ្រប់គ្រងអាជីវកម្មនៅតែផ្តោតសំខាន់លើប្រ សិទ្ធភាពនៃការអនុវត្តការងារ។

ការលើកឡើងបែបនេះរបស់អ្នកឧកញ៉ា ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «ទស្សនវិស័យវិនិយោគនៅកម្ពុជា» ដែលផ្តោតលើការអភិវឌ្ឍទីផ្សារមូលបត្របំណុលរបស់កម្ពុជា នាព្រឹកថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ២០២៩ ក្រោមអធិបតីឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។ កម្មពិធីនេះ ក៏មានការចូលរួមពីតំណាងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងស្ថាប័នធានាឥណទាន និងការវិនិយោគ, តំណាងធនាគារអភិវឌ្ឍន៍អាស៊ី តំណាងដៃគូអភិវឌ្ឍន៍ សមាជិក សមាជិការសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងក្រុមហ៊ុនជាតិ និងអន្តរជាតិ ប្រមាណ ១៥០នាក់។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ក្រុមហ៊ុនកម្ពុជាជាច្រើនដែលមានភាពស្វាហាប់ និងមានចក្ខុវិស័យឆ្ពោះទៅមុខ គឺជាក្រុមហ៊ុនដែលគ្រប់គ្រងដោយគ្រួសារ និងជារឿយៗត្រូវបានដឹកនាំដោយស្ថាបនិកផ្ទាល់ ប៉ុន្តែសហគ្រិនមួយចំនួននៅតែមានការស្ទាក់ស្ទើរក្នុងការចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន ដោយសារព្រួយបារម្ភពីការបាត់បង់ភាពជាម្ចាស់ និងអំណាចសម្រេចចិត្តរបស់ខ្លួន។

យ៉ាងណាក៏ដោយ អ្នកឧកញ៉ា គិត ម៉េង បានចាត់ទុកការព្រួយបារម្ភបែបនេះថា ជាការភ័យខ្លាចហួសហេតុ ហើយបានសង្កត់ធ្ងន់ថា អាជីវកម្មមិនអាចធ្វើការតែម្នាក់ឯងបានទេ។ អ្នកឧកញ៉ា បានលើកឡើងពីសារៈសំខាន់នៃការទាក់ទាញអ្នកដទៃឱ្យចូលរួមក្នុងអាជីវកម្ម ដើម្បីចែករំលែកឱកាស និងកាត់បន្ថយហានិភ័យ។

អ្នកឧកញ៉ា បានបញ្ជាក់ថា ការកៀរគរទុនតាមទីផ្សារមូលធនអាចផ្តល់ឱកាសដល់ក្រុមហ៊ុនក្នុងការពង្រីកអាជីវកម្ម ខណៈគំនិតផ្តួចផ្តើមនេះក៏អាចគាំទ្រដល់ការធ្វើទំនើបកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធបៃតង។ ជាមួយគ្នានេះ ក្រុមហ៊ុនអាចរក្សាបាននូវភាពជាម្ចាស់ និងធានាថាការគ្រប់គ្រងអាជីវកម្មនៅតែផ្តោតសំខាន់លើប្រសិទ្ធភាពនៃការអនុវត្តការងារ។

អ្នកឧកញ៉ា គិត ម៉េង ក៏បានគូសបញ្ជាក់ពីតួនាទីកាន់តែសំខាន់របស់ទីផ្សារមូលបត្របំណុល ក្នុងការផ្តល់ជម្រើសហិរញ្ញប្បទានចម្រុះដល់វិស័យឯកជន។ អ្នកឧកញ៉ា បានលើកឡើងថា កម្ពុជាមិនគួរពឹងផ្អែកតែលើប្រព័ន្ធធនាគារពាណិជ្ជសម្រាប់ការផ្តល់ហិរញ្ញប្បទានដល់អាជីវកម្មនោះទេ ប៉ុន្តែត្រូវស្វែងរកប្រភពហិរញ្ញវត្ថុផ្សេងៗ ដើម្បីគាំទ្រដល់ការពង្រីកអាជីវកម្មនៅពេលអនាគត។

អ្នកឧកញ៉ា បានលើកឡើងទៀតថា ការអភិវឌ្ឍទីផ្សារមូលធនក្នុងស្រុក នឹងផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អ្នកវិនិយោគ និងក្រុមហ៊ុនក្នុងការកៀរគរទុន ខណៈអ្នកវិនិយោគកម្ពុជាអាចបម្លែងប្រាក់សន្សំទៅជាទ្រព្យសកម្មដែលចូលរួមចំណែកដល់ការអភិវឌ្ឍជាតិ។

អ្នកឧកញ៉ាសង្កត់ធ្ងន់ថា កម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរ ដោយលែងពឹងផ្អែកលើគេទៀតហើយ ហើយកំពុងបង្កើតទីផ្សារមូលធនក្នុងស្រុករបស់ខ្លួន។ អ្នកវិនិយោគឯកជន និងស្ថាប័ននានាអាចទទួលបានជម្រើសវិនិយោគដែលមានសុវត្ថិភាព និងផ្តល់ផលចំ ណេញខ្ពស់ ក្រៅពីការដាក់ប្រាក់បញ្ញើមានកាលកំណត់ធម្មតា និងការទិញដី។

ជាមួយគ្នានេះ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានជំរុញឱ្យថ្នាក់ដឹកនាំធុរកិច្ច ស្ថាប័នហិរញ្ញវត្ថុ និងដៃគូក្នុងតំបន់ ចូលរួមយ៉ាងសកម្មក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ និងទាញយកផលប្រយោជន៍ពីការវិវត្តនៃវិស័យហិរញ្ញវត្ថុកម្ពុជា ដើម្បីរួមចំណែកដោះសោសក្តានុពលសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវដើមទុនវិនិយោគ៕

អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ អ៊ុន ផាន់ណាត់ និងកែវ ភិរុណ