ព័ត៌មានជាតិ

យុវជនកម្ពុជាចំនួន ៥០នាក់​ បានបំប៉នជំនាញអនុវត្តផ្ទាល់លើផ្នែក AI ដែលមានការទទួលខុសត្រូវ សន្តិសុខសាយប័រ និងសុវត្ថិភាពឌីជីថល

image

ភ្នំពេញ៖​ យុវជនកម្ពុជាចំនួន ៥០នាក់​ នៅរាជធានីភ្នំពេញ ដែលជានិស្សិតសកលវិទ្យាល័យ អ្នកទើបបញ្ចប់ការសិក្សា និងអ្នកជំនាញដែលទើបចាប់ផ្តើមអាជីព នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានសិក្សាស្វែងយល់អំពី​ របៀបដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជួយដល់ការសិក្សា ការស្រាវជ្រាវ ផលិតភាព និងការរៀបចំខ្លួនសម្រាប់អាជីពការងារ ស្របពេលនឹងការពិនិត្យមើលអំពីហានិភ័យដែលកើតមានទន្ទឹមគ្នានឹងការប្រើប្រាស់វា រួមមាន ព័ត៌មានមិនត្រឹមត្រូវ ភាពលំអៀង បញ្ហាសិទ្ធិឯកជនភាព ព័ត៌មានមិនពិត និងការពឹងផ្អែកខ្លាំងពេកលើខ្លឹមសារដែលបង្កើតដោយ AI។

វគ្គសិក្សាស្តីពីសន្តិសុខសាយប័រ​ បានលើកឡើងពីការគំរាមកំហែងដែលកំពុងជះឥទ្ធិពលផ្ទាល់ដល់បុគ្គល និងគ្រួសារ រួមមាន ការក្លែងបន្លំយកទិន្នន័យ (phishing) ការលួចគ្រប់គ្រងគណនី ការឆបោកតាមអនឡាញ ការប្រើប្រាស់ប្រព័ន្ធ Wi-Fi សាធារណៈដោយគ្មានសុវត្ថិភាព បច្ចេកវិទ្យាក្លែងបន្លំ (deepfakes) និងការឆបោកដោយប្រើប្រាស់សំឡេង និងវីដេអូដែលបង្កើតដោយ AI។ អ្នកចូលរួមក៏បានរៀនសូត្រពីវិធីសាស្ត្រជាក់ស្តែងក្នុងការការពារគណនី ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវច្រើនដង (multi-factor authentication) ឯកជនភាព និងការឆ្លើយតបចំពោះឧប្បត្តិហេតុ​ ផងដែរ។

លោក Aftab Siddiqui ប្រធានផ្នែកទំនាក់ទំនងភាគីពាក់ព័ន្ធនៃមូលនិធិ APNIC បានលេីកឡេីងថា​ ចំណេះដឹងផ្នែក AI នាពេលបច្ចុប្បន្ន តម្រូវឱ្យមានលើសពីការស្គាល់ត្រឹមតែឧបករណ៍បង្កើតខ្លឹមសារ។ យុវជនចាំបាច់ត្រូវយល់ដឹងពីរបៀបដែលប្រព័ន្ធដូចជា ម៉ូដែលភាសាធំៗ បង្កើតលទ្ធផល រួមទាំងដឹងថា​ លទ្ធផលទាំងនោះអាចមានកំហុសនៅត្រង់ណា និងយល់ថា​ បញ្ហាដូចជា ភាពលំអៀងព័ត៌មានមិនពិត ឯកជនភាព និងការពឹងផ្អែកលើវាខ្លាំងពេក អាចប៉ះពាល់ដល់ការប្រើប្រាស់របស់ពួកគេយ៉ាងដូចម្តេច។​ ការកសាងសមត្ថភាពនោះ មានន័យថា​ ជាការរួមបញ្ចូលគ្នារវាងការប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាព ជាមួយនឹងការផ្ទៀងផ្ទាត់ ការវាយតម្លៃដោយស្មារតីរិះគន់ និងការត្រួតពិនិត្យដោយមនុស្សឱ្យបានសមស្រប ដើម្បីឱ្យបច្ចេកវិទ្យាទាំងនេះអាចត្រូវបានអនុវត្តដោយទទួលខុសត្រូវក្នុងការសិក្សា ការងារ និងសង្គមទូទៅ។

លោក Barry O’Callaghan គ្រូបង្គោលផ្លូវការផ្ទាល់របស់ ISC2 បានលេីកឡេីងថា​ ការវិនិយោគលើជំនាញឌីជីថល AI និងសន្តិសុខសាយប័ររបស់យុវជនកម្ពុជា គឺជាកិច្ចការដ៏សំខាន់មួយដែលយើងអាចធ្វើបាន ដើម្បីធានាអនាគតរបស់ពួកគេ និងអនាគតនៃតំបន់ទាំងមូល។ នៅពេលដែលបច្ចេកវិទ្យាបន្តផ្លាស់ប្តូររបៀបដែលយើងរៀន ធ្វើការ និងភ្ជាប់ទំនាក់ទំនងគ្នា វាពិតជាមានសារៈសំខាន់ណាស់ដែលយុវជនរបស់មិនត្រឹមតែត្រូវមានចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់ឧបករណ៍ទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រើប្រាស់វាដោយសុវត្ថិភាព ប្រកបដោយសីលធម៌ និងដោយមានទំនុកចិត្ត។

លោក Barry O’Callaghan បានបន្តថា​ គំនិតផ្តួចផ្តើមដូចជាសិក្ខាសាលា APTYPS Cambodia នេះ បង្កើតឱកាសពិតប្រាកដមួយសម្រាប់យុវជនក្នុងការកសាងជំនាញអនុវត្តជាក់ស្តែង កាត់បន្ថយគម្លាតនៃជំនាញរបស់យុវជន និងកែលម្អការរៀបចំខ្លួនជាមុនសម្រាប់ការប្រឡូកចូលវិស័យការងារ។ លោកមានមោទនភាពដែលអាចនាំយកយុវជនដែលមានគំនិតច្នៃប្រឌិត មកជួបជុំជាមួយថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធក្នុងវិស័យ ICT ដើម្បីរៀនសូត្រ សហការ និងរីកចម្រើនទាំងអស់គ្នា។ តាមរយៈការពង្រឹងសមត្ថភាពយុវជនជំនាន់នេះនៅថ្ងៃនេះ កំពុងផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់អនាគតឌីជីថលមួយដែលមានសមត្ថភាពកាន់តែប្រសើរ មានភាពរឹងមាំ និងមានការចូលរួមពីមនុស្សគ្រប់គ្នា”។

លោក ទី ត្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ បានឱ្យដឹងដែរថា​ ជំនាញឌីជីថល AI ប្រកបដោយការទទួលខុសត្រូវ និងសន្តិសុខសាយប័រ កំពុងក្លាយជាកត្តាចាំបាច់សម្រាប់យុវជននៅទូទាំងប្រទេសកម្ពុជា។ សិក្ខាសាលានេះ អនុញ្ញាតឱ្យអ្នកចូលរួមបានរៀនសូត្រ សួរសំណួរ និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្សេងទៀតដែលធ្វើការក្នុងវិស័យ ICT នៅទូទាំងតំបន់។

យុវជនត្រូវការជំនាញដើម្បីប្រើប្រាស់បច្ចេកវិទ្យាដែលកំពុងលេចរូបរាងឡើងដោយសុវត្ថិភាព និងមានទំនុកចិត្តក្នុងការជួយតម្រង់ទិសថា តើបច្ចេកវិទ្យាទាំងនោះគួរត្រូវបានអភិវឌ្ឍ និងប្រើប្រាស់យ៉ាងដូចម្តេច។ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) លោករីករាយក្នុងការគាំទ្រនូវគំនិតផ្តួចផ្តើមដែលវិនិយោគលើចំណេះដឹង ការចូលរួម និងអនាគត។

បណ្ឌិត Masanori Kondo អគ្គលេខាធិការនៃអង្គការទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APT) បានថ្លែងដែរថា​ សិក្ខាសាលានា​ពេលនេះសម្រាប់ការពង្រឹងសមត្ថភាពដល់យុវជន​ បានឆ្លុះបញ្ចាំងពីអាទិភាពដ៏សំខាន់សម្រាប់អង្គការទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក ក្នុងការធានាថាយុវជនមិនត្រឹមតែអាចចូលរួមក្នុងសង្គមឌីជីថលដែលកំពុងរីកចម្រើនរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចំណេះដឹង និងជំនាញគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងសង្គមនេះដោយមានទំនុកចិត្ត មានការទទួលខុសត្រូវ និងមានសុវត្ថិភាព។

សូមបញ្ជាក់ថា​ សិក្ខាសាលានេះ​ ត្រូវបានសហការរៀបចំដោយមូលនិធិ APNIC (APNIC Foundation) និងអង្គការទិន្នន័យ​អំពីការអភិវឌ្ឍ (Open Development Cambodia - ODC) ដោយមាន ISC2 ជាដៃគូចំណេះដឹង និងមានការគាំទ្រពីក្រសួងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន អភិវឌ្ឍន៍តំបន់ ព័ត៌មានវិទ្យា កីឡា និងសិល្បៈ នៃរដ្ឋាភិបាលអូស្ត្រាលី។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងជាផ្នែកមួយនៃកម្មវិធីយុវជនជំនាញ និងនិស្សិតនៃអង្គការទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APTYPS) ដេីម្បីង្រឹងចំណេះដឹង និងជំនាញផ្នែក ICT ក្នុងចំណោមអ្នកជំនាញវ័យក្មេង និងនិស្សិតនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល៕