UN នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីរៀបចំប្រព័ន្ធគាំពារសង្គមមួយដែលអាចឆ្លើយតបនឹងវិបត្តិដែលកើតឡើង
ភ្នំពេញ៖ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា លោកស្រី Vladanka Andreeva បានលេីកឡេីងថា UN នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា បន្តទៅមុខទៀត ដេីម្បីធ្វេីយ៉ាងណារៀបចំប្រព័ន្ធគាំពារសង្គមមួយដែលអាចឆ្លើយតបឱ្យបានទាន់ពេលវេលានៅពេលមានវិបត្តិកេីតឡើង។ ការលើកឡើងនេះនាឱកាសថ្លែងសន្ទករថា ក្នុងពិធីប្រកាសបើក «សប្តាហ៍គាំពារសង្គម ឆ្នាំ២០២៦» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការប្រតិបត្តិសម្រាប់អនុវត្តគោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦-២០៣០» ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
លោកស្រី Vladanka Andreeva បានលេីកឡេីងយ៉ាងដូច្នេះថា៖ «ប្រព័ន្ធគាំពារសង្គមដែលមានភាពរឹងមាំ មានភាពបត់បែន គឺជាឧបករណ៍មួយដ៏មានសារៈសំខាន់ដែលត្រូវបានរកឃើញថា មានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពក្រីក្រ។ ដូចនេះយេីងនៅតែឈរជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយសារតែកម្ពុជា រងគ្រោះនៃជម្លោះព្រំដែនជាមួយប្រទេសថៃ និងបញ្ហាផ្សេងៗ»។
បេីតាមលោកស្រី Vladanka Andreeva ទៅថ្ងៃខាងមុខ បានសម្លឹងមើលឃើញថា ការងារអាទិភាពចំនួន៣ ដែលUN បន្តគាំទ្រទៅដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យគាំពារសង្គមគឺ ទី១. ការដែលធ្វើឱ្យការងាររបស់យើងកាន់តែរលូន កាន់តែមានភាពទាន់ពេលវេលា តាមនវានុវត្តន៍ដែលមានថ្នាលឌីជីថល ដែលអាចធ្វើឱ្យកាន់តែមានភាពឆាប់រហ័ស កាន់តែមានសុវត្ថិភាព ហើយងាយស្រួលក្នុងការតភ្ជាប់ប្រព័ន្ធពាក់ព័ន្ធដទៃទៀត។ ទី២. គោលការណ៍មិនទុកនរណាម្នាក់ចោល គឺព្យាយាមធ្វើឱ្យស្ត្រី កុមារ ជនមានពិការភាព មនុស្សចាស់ កម្មករ អ្នកនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានដាក់បញ្ចូលតាំងពីដំណាក់កាលនៃការរៀបចំប្រព័ន្ធមិនមែនគិតគូរដល់ពួកគេជាក្រោយនៅពេលមានវិបត្តិកើតឡើងនោះទេ។ ទី៣. ការធានាហិរញ្ញប្បទានសម្រាប់រយៈពេលវែង។ ដូច្នេះដើម្បីធ្វើកិច្ចការងារនេះទៅបានដោយមាននិរន្តភាព ស្ថេរភាព ត្រូវធានាថា ធនធានអាចព្យាករណ៍ទៅបាន និងស្ថិតនៅក្រោមភាពជាម្ចាស់របស់ប្រទេសក្នុងវិស័យគាំពារសង្គម។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានប្តេជ្ញាចិត្តក្នុងការបន្តកសាងប្រព័ន្ធគាំពារសង្គមដែលមានលក្ខណៈប្រមូលផ្តុំ និងមានសង្គតិភាព ស្របតាមអភិក្រមនៃវដ្តជីវិត និងស្មារតី គឺមិនបោះបង់ពលរដ្ឋណាម្នាក់។ លោកថា ទិសដៅនេះត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤–២០៣៥ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាព កាត់បន្ថយភាពក្រីក្រ និងវិសមភាព ព្រមទាំងពង្រឹងសាមគ្គីភាព និងសមធម៌ក្នុងសង្គម។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចាត់ទុកប្រព័ន្ធគាំពារសង្គម ថាបានដើរតួនាទីជា «ខែលការពារសន្តិសុខប្រាក់ចំណូលដ៏រឹងមាំ» សម្រាប់ប្រជាពលរដ្ឋ ដោយរួមចំណែករក្សាលំនឹងជីវភាព និងទប់ស្កាត់ការធ្លាក់ចូលកាន់តែជ្រៅក្នុងភាពក្រីក្រ នៅពេលប្រឈមនឹងវិបត្តិ ឬគ្រោះអាសន្ន។ ក្នុងរយៈកាលកន្លងទៅ រាជរដ្ឋាភិបាលបានចំណាយថវិការដ្ឋប្រមាណ ១,៤ប៊ីលានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ឆ្លើយតបនឹងជំងឺកូវីដ-១៩ សម្ពាធអតិផរណា និងគ្រោះទឹកជំនន់។ ផែនការប្រតិបត្តិឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦–២០៣០ ដែលប្រកាសដាក់ឱ្យអនុវត្តក្នុងឱកាសនេះគឺជាជំហានបន្ថែមក្នុងការធ្វើស្ថាប័នូបនីយកម្មប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមឆ្លើយតបនឹងគ្រោះអាសន្ន និងវិបត្តិនានា។
លោកបានបន្តថា ផែនការនេះកំណត់សកម្មភាពអាទិភាពក្រសួង-ស្ថាប័នទទួលបន្ទុក និងក្របខណ្ឌពេលវេលាច្បាស់លាស់ ដោយផ្តោតលើបណ្តុំជាមូលដ្ឋានចំនួន៥ គឺ ក្របខណ្ឌគោលនយោបាយ និងស្ថាប័ន យន្តការអនុវត្តកម្មវិធី ប្រព័ន្ធបើកផ្តល់ ប្រព័ន្ធទិន្នន័យ និងព័ត៌មាន និងយន្តការហិរញ្ញប្បទាន ព្រមទាំងគិតគូរអំពីបរិយាបន្ន និងយេនឌ័រ ផងដែរ។ គោលដៅសំខាន់នៃផែនការនេះ គឺធានាឱ្យការផ្តល់កិច្ចគាំពារដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ មានលក្ខណៈជាប្រព័ន្ធ អាចព្យាករទុកជាមុន ទាន់ពេល និងមានប្រសិទ្ធភាព ទាំងក្នុងអំឡុងគ្រោះអាសន្ន ដើម្បីរក្សាលំនឹងជីវភាព និងក្រោយគ្រោះអាសន្ន ដើម្បីស្តារជីវភាពឡើងវិញ។
សូមបញ្ជាក់ថា ក្នុងឱកាសប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការប្រតិបត្តិសម្រាប់អនុវត្តគោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦-២០៣០» ក្រៅពីចូលរួមមកពីតំណាងUN ក៏មានការចូលរួមពីឯកអគ្គរដ្ឋទូតអូស្ដ្រាលី ប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, តំណាងអង្គទូត និងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើន។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាវាយតម្លៃខ្ពស់ និងអំណរគុណចំពោះកិច្ចខិតខំរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ជាពិសេសកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំផែនការប្រតិបត្តិដ៏មានសារៈសំខាន់នេះឱ្យលេចចេញជារូបរាងឡើង៕