ព័ត៌មានជាតិ

សម្តេចធិបតី ៖ ផ្លូវជាតិលេខ ១០ នឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចខ្ពស់ តាមរយៈការកាត់បន្ថយពេល និង ថ្លៃដឹកជញ្ជូន, ការតភ្ជាប់រវាងភូមិភាគពាយ័ព្យ និង តំបន់ឆ្នេរសមុទ្រភាគនិរតី នៃប្រទេសកម្ពុជា

image

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ផ្លូវជាតិលេខ១០ នឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចខ្ពស់ តាមរយៈ ការកាត់បន្ថយពេល និង ថ្លៃដឹកជញ្ជូន, ការតភ្ជាប់រវាងភូមិភាគពាយ័ព្យ និង តំបន់ឆ្នេរសមុទ្រភាគនិរតី នៃប្រទេស កម្ពុជា, ការជំរុញពាណិជ្ជកម្ម, ការអភិវឌ្ឍរបៀងទេសចរណ៍, និង ការបង្កើតកាលានុវត្តភាព សេដ្ឋកិច្ចសម្រាប់សហគមន៍តាមបណ្តោយផ្លូវ ។ ជាក់ស្តែង, គម្រោងខ្សែផ្លូវជាតិលេខ១០នេះ កាត់បន្ថយចម្ងាយផ្លូវធ្វើដំណើរ ឬ ដឹកជញ្ជូន ប្រមាណ ៣០៦ គីឡូម៉ែត្រ ប្រសិនគិតពីខេត្តបាត់ដំបង ទៅខេត្តកោះកុង, ប្រមាណ ២៣០ គីឡូម៉ែត្រ ប្រសិនគិតពីខេត្តពោធិ៍សាត់ ទៅ ខេត្តកោះកុង, និង ប្រមាណ ៣៧២ គីឡូម៉ែត្រ ប្រសិនគិតពីខេត្តប៉ៃលិន ទៅខេត្តកោះកុង ។

នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ នៅទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា "ពេលគ្មានផ្លូវជាតិលេខ១០នេះ លោកយាយ លោកតា អ៊ំពូមីង និង បងប្អូនប្រជាពលរដ្ឋ ដែលចង់ធ្វើដំណើរចេញពីខេត្តបាត់ដំបង ឬ ខេត្តពោធិ៍សាត់ ទៅខេត្តកោះកុង ត្រូវទៅរាជធានីភ្នំពេញជាមុនសិន, ហើយទើបបកមកតាមផ្លូវជាតិលេខ៤ និង បន្តតាមផ្លូវជាតិលេខ៤៨ ។ ពេលនេះលោកយាយ លោកតា អ៊ំពូមីង និង បងប្អូនប្រជាពលរដ្ឋ មិនចាំបាច់ចូល រាជធានីភ្នំពេញទៀតទេ, ពោលគឺអាចធ្វើដំណើរតាមផ្លូវជាតិលេខ១០នេះ ឆ្ពោះទៅខេត្តកោះកុង, នៅត្រង់ស្រុកសំឡូត ខេត្តបាត់ដំបង ឬ ស្រុកវាលវែង ខេត្តពោធិ៍សាត់តែម្តង"៕

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី,អ៊ុន ផាន់ណាត