លោកជំទាវ នៅ សុនីតា និងក្រុមការងារ តំណាងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បាននាំយកអំណោយមូលនិធិទ្រទ្រង់ជនភៀសសឹក ចែកជូនជនភៀសសឹក ៦៤៥គ្រួសារ នៅភូមិតាគឹងបៃតង ខេត្តព្រះវិហារ
ព្រះវិហារ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ នៅ សុនីតា អនុប្រធានសមាគមសិល្បករខ្មែរ តំណាងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារ និងសិល្បករ សិល្បការិនី នាំយកអំណោយពីមូលនិធិទ្រទ្រង់ជនភៀសសឹក រួមមានគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់មួយចំនួន ទៅចែកជូនជនភៀសសឹកចំនួន ៦៤៥គ្រួសារ នៅភូមិតាគឹងបៃតង ខេត្តព្រះវិហារ។
លោកជំទាវ នៅ សុនីតា បានថ្លែងថា ការនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ពីសំណាក់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងរងផលប៉ះពាល់ពីជម្លោះព្រំដែន។
លោកជំទាវបានបញ្ជាក់ថា តាមការចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅទីនេះ បានឃើញថា ស្ថានភាពរបស់ពួកគាត់មានភាពប្រសើរឡើងជាងមុន ដោយសាររាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់រៀបចំទីតាំងស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
លោកជំទាវបានលើកឡើងថា នៅទីតាំងនេះ មានសាលារៀន មន្ទីរពេទ្យ លំនៅឋាន បន្ទប់ទឹក និងសេវាចាំបាច់មួយចំនួន។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏ទទួលបានការអនុគ្រោះលើការប្រើប្រាស់អគ្គិសនីក្នុងកម្រិតកំណត់ និងទឹកដោយមិនគិតថ្លៃ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ។
លោកជំទាវ នៅ សុនីតា ក៏បានផ្ញើសារសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដី ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតំបន់នេះ ឱ្យរក្សាស្មារតី និងកម្លាំងចិត្ត ដើម្បីឆ្លងកាត់ស្ថានភាពលំបាកដែលបានកើតឡើង។
ជាមួយគ្នានេះ លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានលើកឡើងថា ទោះបីរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបានរៀបចំទីតាំងស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជូនប្រជាពលរដ្ឋក៏ដោយ ក៏ការរស់នៅទីនេះមិនទាន់មានភាពងាយស្រួលដូចនៅលំនៅឋានដើមរបស់ពួកគាត់ឡើយ។
លោកបានបញ្ជាក់ថា បន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ប្រជាពលរដ្ឋប្រមាណ ៩៧% បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈប្រមាណ ៣% នៅមិនទាន់អាចត្រឡប់ទៅវិញបាន ដោយសារតំបន់លំនៅឋានរបស់ពួកគាត់ស្ថិតក្នុងតំបន់ក្រហម ដែលជាតំបន់មានហានិភ័យ។
លោកបានបន្តថា ទោះបីប្រជាពលរដ្ឋប្រមាណ ៩៣% បានវិលត្រឡប់ទៅតំបន់ដើមវិញក៏ដោយ ក៏ពួកគាត់នៅតែប្រឈមនឹងការលំបាកក្នុងការធ្វើកសិកម្ម ដោយសារតំបន់មួយចំនួននៅមានគ្រាប់មិនទាន់ផ្ទុះ និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ លោកបានឱ្យដឹងថា កម្លាំងជំនាញស៊ីម៉ាក់ (CMAC) កំពុងបន្តប្រតិបត្តិការបោសសម្អាត ប៉ុន្តែការងារនេះត្រូវការពេលវេលា និងការប្រើប្រាស់ឧបករណ៍ជំនាញ ដោយសារគ្រាប់មួយចំនួនបានធ្លាក់ចូលជ្រៅក្នុងដី។
សូមបញ្ជាក់ថា មូលនិធិទ្រទ្រង់ជនភៀសសឹក ត្រូវបានបង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្រោមកិច្ចសហការរវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប សមាគមសិល្បករខ្មែរ ក្រុមហ៊ុន សែលកាត ធនាគារ វីង និងក្រុមហ៊ុន CBS។
រហូតមកដល់ពេលនេះ មូលនិធិបាននាំយកអំណោយដែលទទួលបានពីសប្បុរសជននានា ទៅប្រគល់ជូនជនភៀសសឹក ជនរងគ្រោះពីជម្លោះព្រំដែនកម្ពុជា-ថៃ និងកងកម្លាំងការពារព្រំដែនផងដែរ៕
អត្ថបទ៖ ចេង ឆហួត
រូបភាព៖ អ៊ឹម ម៉ារ៉ាឌី