ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាង២ពាន់៥រយនាក់

image

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស នៅព្រឹកថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុបបានថ្លែងថា” និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស សរុបចំនួន ២ ៥៧២ អង្គ/នាក់ (នារី ១ ២៥៧ នាក់) ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២២-២០២៣ និង២០២៣-២០២៤ កន្លងមកនេះ ក្នុងនោះ មាននិស្សិតអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៤៤នាក់ (នារី ២២នាក់)។

អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបន្តថា “សាកលវិទ្យាល័យបានពង្រឹងរចនាសម្ព័ន្ធអប់រំរបស់ខ្លួនជាបន្តបន្ទាប់ ដោយបច្ចុប្បន្នគ្រឹះស្ថានមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យ សរុបចំនួន ៤០០ នាក់ (នារី ៨០ នាក់) សិស្សវិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាយ៉ាងសកម្មសរុបចំនួន ៩ ៨៨៩ អង្គ/នាក់ (នារី ៥ ៤២៩ នាក់)។ គិតចាប់ពីឆ្នាំសិក្សា ២០០៥-២០០៦ ដល់ឆ្នាំសិក្សា ២០២៣-២០២៤ កន្លងមកនេះ (រួមទាំងនិស្សិតជ័យលាភីក្នុងពិធីនាថ្ងៃនេះ) សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបណ្តុះ បណ្តាល ធនធានមនុស្សទាំងសិស្សថ្នាក់ជំនាញវិជ្ជាជីវៈនិងនិស្សិតថ្នាក់ឧត្តមសិក្សា សរុបចំនួន ៦៨ ២៧៥ អង្គ/នាក់ (នារី ២៩ ១១៨ នាក់) ដែលកំពុងតែចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍមាតុភូមិកម្ពុជា”៕