ក្រុមហ៊ុន ជីហ្គៀ គ្រុប និង LG ប្រកាសបើកទំព័រ “The New Era of LG Cambodia” បង្កើតរបត់ថ្មីនៃការចែកចាយគ្រឿងអេឡិចត្រូនិច
ភ្នំពេញ៖ ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGear Group) និងក្រុមហ៊ុន LG Electronics បានរួមគ្នាប្រកាសបើកទំព័រ «The New Era of LG Cambodia» ក្នុងព្រឹត្តិការណ៍ជួបជុំដៃគូអាជីវកម្មប្រចាំឆ្នាំ២០២៦ នៅសណ្ឋាគារ សុខា ភ្នំពេញ នាយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ។ ព្រឹត្តិការណ៍ដ៏ធំនេះមានការចូលរួមពីបណ្តាញតំណាងចែកចាយមកពី ២៥ រាជធានី-ខេត្ត ដៃគូពាណិជ្ជកម្ម (B2B) និងភ្ញៀវកិត្តិយសជាង ៦០០នាក់ ដើម្បីអបអរសាទរខួប ១៥ឆ្នាំនៃក្រុមហ៊ុន GGear Group (2011–2026) ព្រមទាំងប្រកាសរបត់យុទ្ធសាស្ត្រថ្មីក្នុងការចែកចាយគ្រឿងអេឡិចត្រូនិច LG នៅកម្ពុជា ឱ្យកាន់តែរឹងមាំ និងបន្តរីកចម្រើនរួមគ្នា។
ពិធីជួបជុំគ្រួសារដៃគូអាជីវកម្មក្រោមប្រធានបទ «LG Night 2026: The New Era of LG Cambodia» គឺជាវេទិកាយុទ្ធសាស្ត្រថ្មីរវាងក្រុមហ៊ុន GGear Group ក្រុមហ៊ុន LG Electronics និងបណ្តាញតំណាងចែកចាយទូទាំងប្រទេស។ កម្មវិធីនេះធ្វើឡើងដេីម្បីវាយតម្លៃលើលទ្ធផលអាជីវកម្មកន្លងមក កំណត់ទិសដៅលក់សម្រាប់ដំណាក់កាលក្នុងបរិបត់ថ្មី និងពង្រឹងទំនុកចិត្តអាជីវកម្មជាមួយដៃគូចែកចាយ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនក៏បានផ្តល់នូវកម្មវិធីលើកទឹកចិត្តសម្រាប់ដៃគូអាជីវកម្ម និងការចាប់រង្វាន់សំណាងជូនដល់ដៃគូអាជីវកម្មឆ្នើមដែលបានរួមដំណើរ និងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ជាមួយគ្នាអស់រយៈពេល ១៥ ឆ្នាំកន្លងមក។
របត់យុទ្ធសាស្ត្រនៃ «The New Era» របស់ GGear Group ត្រូវបានជំរុញតាមរយៈទិសដៅសំខាន់ៗ រួមមាន៖ ការផ្ទេររចនាសម្ព័ន្ធមកក្រោម LG Singapore ដើម្បីពង្រីកថវិកាទីផ្សារ និងពន្លឿនសេវាកម្ម, ពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់សកលដោយនាំចូលផ្ទាល់តាមផ្លូវទឹកពីរោងចក្រអន្តរជាតិ (ចិន ឥណ្ឌូនេស៊ី វៀតណាម កូរ៉េ និងឥណ្ឌា) ជាមួយការគ្រប់គ្រងស្តុកតាម GGEAR Dealer Portal, ការបញ្ជាផលិតម៉ូដែលផ្តាច់មុខបំពាក់ស្លាកអក្សរខ្មែរ (Khmer Label) ដើម្បីទប់ស្កាត់ការនាំចូលក្រៅផ្លូវការ និងការពារតម្លៃទីផ្សារជូន Dealer ស្របច្បាប់, ព្រមទាំងការនាំមុខគេលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និង LG ThinQ ដើម្បីឆ្លើយតបនឹងការរស់នៅឆ្លាតវៃ និងសន្សំសំចៃថាមពលខ្ពស់។
ថ្លែងនៅក្នុងឱកាសនោះ ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន GGear Group បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១១ មក GGear បានរីកចម្រើនឆ្ងាយពីចំណុចចាប់ផ្តើម ដោយពង្រីកលើសពីគ្រឿងអេឡិចត្រូនិក ទៅកាន់វិស័យលក់រាយ ការចែកចាយ សេវាកម្ម ដំណោះស្រាយពាណិជ្ជកម្ម និងជណ្តើរយន្ត។ ប៉ុន្តែអ្វីដែលជាមោទនភាពពិតប្រាកដ មិនមែនទំហំនៃការរីកធំធាត់របស់ក្រុមហ៊ុននោះទេ គឺ "រីកចម្រើនរួមគ្នា" តាមរយៈការបានឃើញដៃគូអាជីវកម្មរីកចម្រើនជាមួយគ្នា ចាប់ពីហាងតូចៗ រហូតពង្រីកខ្លួនកាន់តែធំ និងមានប្រព័ន្ធគ្រប់គ្រងរឹងមាំ ផ្អែកលើការគាំទ្រគ្នាទៅវិញទៅមក ទាំងផ្នែកទីផ្សារ បច្ចេកវិទ្យា និងការគ្រប់គ្រងអាជីវកម្ម»។
ឧកញ៉ា សុខ ពិសិដ្ឋ ក៏បានប្រកាសជាយុទ្ធសាស្ត្រដ៏សំខាន់មួយ គឺការផ្លាស់ប្តូររចនាសម្ព័ន្ធគ្រប់គ្រងរបស់ LG Electronics ប្រចាំកម្ពុជា ពីសាខាប្រទេសថៃ ទៅកាន់សាខាប្រទេសសិង្ហបុរីវិញ។
ពាក់ព័ន្ធនឹងរបត់ថ្មីនេះ លោក Hwan Soo An នាយកគ្រប់គ្រងក្រុមហ៊ុន LG Electronics ប្រចាំកម្ពុជា មានប្រសាសន៍ដែរថា នេះមិនមែនគ្រាន់តែជាការផ្លាស់ប្តូររចនាសម្ព័ន្ធក្រុមហ៊ុនប៉ុណ្ណោះទេ។ ការផ្លាស់ប្តូរនេះផ្តល់ឱ្យកម្ពុជានូវទំនាក់ទំនងកាន់តែរឹងមាំជាមួយបណ្តាញអាជីវកម្មរបស់ LG ទាំងក្នុងតំបន់ និងសកលលោក។ អ្វីដែលសំខាន់បំផុតនោះគឺ ការតភ្ជាប់ទៅកាន់មជ្ឈមណ្ឌលផលិតកម្មសកល។ LG នឹងមានប្រភពផ្គត់ផ្គង់ផលិតផលពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ចិន កូរ៉េ និងបណ្តាប្រទេសជាច្រើនទៀតនៅលើពិភពលោក។
លោក Hwan Soo An បានចាត់ទុកការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ ផ្តល់លទ្ធភាពឱ្យក្រុមហ៊ុន GGear Group និងបណ្តាញតំណាងចែកចាយនូវភាពបត់បែនកាន់តែខ្លាំង ក្នុងការស្វែងរកប្រភពផលិតផលពីបណ្តារោងចក្រដែលសមស្របបំផុត ដើម្បីបង្កើនប្រសិទ្ធភាពការដឹកជញ្ជូន ធានាការផ្គត់ផ្គង់ផលិតផលបានគ្រប់គ្រាន់ និងផ្តល់ជូននូវតម្លៃកាន់តែប្រកួតប្រជែងសម្រាប់អតិថិជនកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនបានដាក់ បង្ហាញជាផ្លូវការនូវកាតាឡុកផលិតផលទំនើបជំនាន់ថ្មី ដែលបំពាក់បច្ចេកវិទ្យាឆ្លាតវៃឈានមុខគេ ដូចជា ទូទឹកកកឆ្លាតវៃ ម៉ាស៊ីនបោកគក់ និងទូរទស្សន៍ឆ្លាតវៃ ជាដេីម៕