ព័ត៌មានជាតិ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំកម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយវីរសិល្បករ និងសិល្បកររៀមច្បង ដើម្បីរំឭកគុណចំពោះអ្នកមានគុណក្នុងវិស័យសិល្បៈ និងវប្បធម៌ខ្មែរ

image

ភ្នំពេញ៖ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំកម្មវិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយវីរសិល្បករ និងសិល្បកររៀមច្បង ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់ប្រជាជនខ្មែរ និងជាឱកាសសម្រាប់យើងទាំងអស់គ្នារំឭកគុណចំពោះអ្នកមានគុណក្នុងវិស័យសិល្បៈ និងវប្បធម៌ខ្មែរ ដែលនៅមានជីវិត និងកំពុងអង្គុយជួបជុំគ្នានៅទីនេះយ៉ាងរីករាយ។

ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាននៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា, ចាស់ព្រឹទ្ធាចារ្យ វីរសិល្បកររៀមច្បង និងបងប្អូនសិល្បករ សិល្បការិនី។

អ្នកឧកញ៉ាប្រធាន បានសម្តែងនូវក្តីសោមនស្សរីករាយ និងកិត្តិយសក្រៃលែង ដែលបានរៀបចំកម្មវិធីជួបជុំជាមួយវីរសិល្បករ និងសិល្បកររៀមច្បងជាថ្មីម្តងទៀត តាមការសន្យា ពិសេសស្របគ្នានឹងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់ប្រជាជនខ្មែរ។ បុណ្យភ្ជុំបិណ្ឌ គឺជាពេលវេលាដែលកូនខ្មែរជួបជុំគ្នា ដើម្បីរំឭកគុណ និងធ្វើបុណ្យឧទ្ទិសកុសលជូនដល់បុព្វការីជន និងអ្នកមានគុណដែលបានចែកឋានទៅ។ ប៉ុន្តែការជួបជុំនៅថ្ងៃនេះ គឺជាឱកាសសម្រាប់យើងទាំងអស់គ្នារំឭកគុណចំពោះអ្នកមានគុណក្នុងវិស័យសិល្បៈ និងវប្បធម៌ខ្មែរ ដែលនៅមានជីវិត និងកំពុងអង្គុយជួបជុំគ្នានៅទីនេះយ៉ាងរីករាយ។

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានប្រសាសន៍ថា បុព្វបុរសបានបន្សល់ទុកមរតកឱ្យយើង ហើយវីរសិល្បករ និងសិល្បកររៀមច្បង គឺជាអ្នកបន្តទទួលមរតកនោះ បន្តថែរក្សា បន្តសម្តែង បន្តបង្រៀន និងបន្តប្រគល់មកឱ្យយើងជាអ្នកបន្តជំនាន់។ ដូច្នេះ នៅថ្ងៃនេះ យើងមិនត្រឹមតែជួបគ្នាដើម្បីសួរសុខទុក្ខទេ ប៉ុន្តែយើងមកដើម្បីនិយាយពាក្យថា៖ «សូមអរគុណ!» សូមអរគុណចំពោះការលះបង់គ្រប់យ៉ាង ដើម្បីសិល្បៈ និងវប្បធម៌ខ្មែរ។ សូមអរគុណចំពោះបទពិសោធន៍ ចំណេះដឹង និងស្នាដៃដែលបានបន្សល់ទុក។ ហើយសូមអរគុណជាពិសេសចំពោះការថែរក្សា ការពារអត្តសញ្ញាណសិល្បៈ និងវប្បធម៌ខ្មែរ ឱ្យបន្តរស់រានរហូតមកដល់ជំនាន់ក្រោយ។

អ្នកឧកញ៉ាប្រធាន បានបន្តថា សិល្បៈ និងវប្បធម៌ ដែលយើងបានឃើញនៅថ្ងៃនេះ មិនមែនកើតឡើងក្នុងរយៈពេលមួយថ្ងៃ ឬស្ថិតស្ថេរគង់វង្សដោយឯកឯងនោះឡើយ។ ឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រផ្លាស់ប្តូរឥតឈប់ឈរ យើងបានដឹងយ៉ាងជាក់ច្បាស់ថា នៅពីក្រោយភាពគង់វង្សស្ថិតស្ថេរនៃស្នាដៃសិល្បៈគ្រប់ទម្រង់ គឺសុទ្ធតែកើតចេញពីការតស៊ូ លះបង់ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងធំធេងរបស់បុព្វបុរសខ្មែរជាច្រើនជំនាន់បន្តបន្ទាប់គ្នា។

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង គូសបញ្ជាក់ថា វីរសិល្បករ និងសិល្បកររៀមច្បងជាច្រើន បានចំណាយពេលវេលាដ៏ល្អបំផុតនៃជីវិត ដើម្បីសិល្បៈ និងវប្បធម៌។ អ្នកខ្លះបានចាប់ផ្តើមពីវ័យក្មេង។ អ្នកខ្លះបានឈរលើឆាកអស់រយៈពេលរាប់សិបឆ្នាំ។ អ្នកខ្លះបានចំណាយជីវិត ដើម្បីបង្រៀនអ្នកជំនាន់ក្រោយ។ អ្នកខ្លះបានបន្តរក្សាទម្រង់សិល្បៈបុរាណ ដែលប្រឈមនឹងហានិភ័យបាត់បង់។ ហើយអ្នកខ្លះបានយកស្នាដៃសិល្បៈខ្មែរទៅបង្ហាញលើឆាកអន្តរជាតិ។

លើសពីនេះ អ្នកឧកញ៉ាប្រធាន បន្ថែមថា ការលះបង់ទាំងនេះ មិនអាចវាស់តម្លៃបានត្រឹមតែជាប្រាក់កាស ឬរង្វាន់មួយឡើយ ព្រោះអ្វីដែលពួកគាត់បានផ្តល់ឱ្យយើង គឺជាមរតក។ ហើយមរតកនេះ មិនមែនជាមរតកសម្រាប់មនុស្សម្នាក់ ឬគ្រួសារមួយទេ ប៉ុន្តែវាជាមរតករបស់ជាតិទាំងមូល។ ដូច្នេះ ការដែលយើងមកជួបជុំសួរសុខទុក្ខ និងបង្ហាញការគោរពចំពោះវីរសិល្បករ និងសិល្បកររៀមច្បង គឺជាការបង្ហាញថា សង្គមខ្មែរមិនភ្លេចអ្នកដែលមានគុណបំណាច់ចំពោះជាតិឡើយ។

អ្នកឧកញ៉ាប្រធាន ចង់ឱ្យរៀមច្បងបន្សល់ទុកមិនត្រឹមតែស្នាដៃ ប៉ុន្តែបន្សល់ទុកនូវចំណេះដឹង។ យើងចង់ឱ្យសិល្បករជំនាន់ក្រោយ មិនត្រឹមតែទទួលបាននូវស្នាដៃនោះទេ ប៉ុន្តែគឺទទួលបាននូវស្មារតីនៃការលះបង់។ ហើយយើងចង់ឱ្យសិល្បៈខ្មែររីកចម្រើនទៅមុខ ដោយទំនើប ប៉ុន្តែមិនបាត់ឫសគល់។ មានភាពច្នៃប្រឌិតខ្ពស់ ប៉ុន្តែមិនបាត់អត្តសញ្ញាណ។

ក្នុងនាមសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង សូមប្តេជ្ញាថា នឹងដើរតាមមាគ៌ាដ៏ប្រពៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចំពោះការគាំពារដល់វីរសិល្បករ និងសិល្បកររៀមច្បង ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើ និងថែរក្សាវប្បធម៌ជាតិ។ សម្តេចតែងជួយសម្រាលទុក្ខលំបាក ផ្តល់ក្តីសង្ឃឹម និងការគាំទ្រផ្នែកជីវភាពដល់សិល្បករចាស់ៗ ដែលបាត់បង់លទ្ធភាពសម្តែង ឬបម្រើវិស័យសិល្បៈ។

តាងនាមសមាគមសិល្បករខ្មែរ អ្នកឧកញ៉ាប្រធាន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែផ្តល់នូវការគាំទ្រ យកចិត្តទុកដាក់ និងផ្តល់ឱវាទល្អៗ ពិសេស លោកតែងឧបត្ថម្ភថវិកាទ្រទ្រង់ជាប្រចាំឆ្នាំដល់សមាគមសិល្បករខ្មែរ ក្នុងបេសកកម្មរបស់ខ្លួន។

ជាមួយគ្នានេះ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក៏សូមថ្លែងអំណរគុណចំពោះម្ចាស់ឧបត្ថម្ភទ្រទ្រង់សមាគមសិល្បករខ្មែរ ដែលមានដូចជា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, ក្រុមហ៊ុន សែលកាត, ធនាគារវីង, ធនាគារ J Trust Royal, ក្រុមហ៊ុន Royal Group Phnom Penh SEZ, ក្រុមហ៊ុន Infinity Insurance, ក្រុមហ៊ុន Royal Group Securities, ក្រុមហ៊ុន ជីប ម៉ុង គ្រុប, បុរីមេគង្គលេន, ក្រុមហ៊ុន KNN, ក្រុមហ៊ុនរថយន្ត Jetour, ក្រុមហ៊ុន PTC, ក្រុមហ៊ុន ហ្គោដេន អេរ៉ា យូអិលរី ឯ.ក, ក្រុមហ៊ុន សោជីន សំបុកត្រចៀកកាំ និងក្រុមហ៊ុន BS Land & Home ដែលបានជួយផ្តល់ជាមូលនិធិប្រចាំឆ្នាំ រួមចំណែកឱ្យសមាគមសិល្បករខ្មែរ អាចដំណើរការបានប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

នៅក្នុងឱកាសនេះ ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមយកឱកាសនេះវាយតម្លៃខ្ពស់ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ដែលបានបំពេញតួនាទីយ៉ាងសកម្ម គាំទ្រ លើកស្ទួយដល់វិស័យវប្បធម៌ និងឧបត្ថម្ភគាំទ្រជាប់មិនដាច់ដល់សិល្បករ សិល្បការិនី ដែលបានរៀបចំការជួបជុំនេះឡើង។

លោកជំទាវបណ្ឌិតសភាចារ្យ ថ្លែងថា កត្តាចម្បងបំផុតនៅក្នុងការថែរក្សានេះ គឺម្លប់សន្តិភាព ដែលផ្តល់ឱកាសឱ្យយើងទាំងអស់គ្នា និងប្រជាជនខ្មែរគ្រប់ៗរូប អាចរួមរស់ប្រកបដោយសាមគ្គីធម៌ ដែលផ្តុំមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរក្នុងសេចក្តីសុខ កិត្តិយស និងសេចក្តីថ្លៃថ្នូរ បន្តវប្បធម៌ ដែលជាមរតករបស់ដូនតាយើង។

លោកជំទាវបណ្ឌិតសភាចារ្យ សូមឯកភាពចំពោះការលើកឡើងរបស់អ្នកឧកញ៉ាប្រធាន ពាក់ព័ន្ធនឹងតួនាទីស្នូលរបស់សិល្បករ សិល្បការិនីគ្រប់រូប គ្រប់ទម្រង់ ក្នុងការចូលរួមថែរក្សាប្រពៃណីខ្មែរ សិល្បៈដ៏ផូរផង់ និងផ្សព្វផ្សាយមរតកសិល្បៈនេះទៅលើឆាកអន្តរជាតិ។ ជាការពិត សិល្បករ សិល្បការិនីគ្រប់ជំនាន់ តាំងពីបុរាណកាលមក បានលះបង់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងទេពកោសល្យ បន្សល់ទុកនូវមរតករាប់មិនអស់។ ដូច្នេះ អ្វីៗដែលដូនតាយើងបានបន្សល់ទុកមកឱ្យយើងនៅក្នុងពេលនេះ ប្រវត្តិសាស្ត្របានកត់ត្រា មរតកបានបញ្ជាក់ ពិភពលោកបានទទួលស្គាល់។

លោកជំទាវបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ការដែលមរតកដូនតាបន្សល់ទុកមកមានគ្រប់ទម្រង់ទាំងអស់ មានទាំងសិល្បៈ មានទាំងភ្លេង មានទាំងស្ថាបត្យកម្ម មានទាំងម្ហូបអាហារ ដែលជាចម្លាក់នៅតាមប្រាសាទក្តី និងជីវិតរស់នៅក្តី រួមទាំងអក្សរសាស្ត្រ រួមទាំងសម្លៀកបំពាក់ អ្វីៗទាំងអស់ដែលកូនខ្មែរបានថែរក្សាទុកជារៀងរាល់ជំនាន់មកហើយ៕

អត្ថបទ៖ ចេង ឆហួត និងរូបភាព៖ អេង សុគុណ, លឹម មុនី, អ៊ឹម ម៉ារ៉ាឌី និង អ៊ុន ផាន់ណាត់