សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា-ឡាវ មានទំនាក់ទំនងមិនត្រឹមតែជាអ្នកជិតខាងទេ តែជាទំនាក់ទំនងបងប្អូនល្អជាមួយគ្នា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោក ថងលី ស៊ីសូលីត អគ្គលេខាធិការ នៃលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្ដែងការគួរសមនៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ ។
យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា សម្ដេចតេជោបានចាត់ទុកដំណើរទស្សនកិច្ចនេះជាផ្នែកមួយនៃការជំរុញទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន ខណៈឆ្នាំនេះទំនាក់ទំនងកម្ពុជា-ឡាវ ឈានដល់ខួប៧០ឆ្នាំហើយ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា-ឡាវ មានទំនាក់ទំនងមិនត្រឹមតែជាអ្នកជិតខាងទេ តែជាទំនាក់ទំនងបងប្អូនល្អជាមួយគ្នា។
ក្នុងឱកាសនោះ លោក ថងលី ស៊ីសូលីត អគ្គលេខាធិការ នៃលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ បានរាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ក្នុងប្រទេសកម្ពុជានេះដោយបានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជាបន្ដបន្ទាប់របស់កម្ពុជា ជាពិសេស ជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា, ជំនួបជាមួយឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ជាដើម ដែលបានជជែក ផ្លាស់ប្ដូរយោប់គ្នា គោលបំណងពង្រឹងកិច្ចសហប្រតិបត្ដិការរវាងយុវជននៃប្រទេសទាំងពីរឲ្យកាន់តែផុសផុល។
លោក ថងលី ស៊ីសូលីត បន្ដថា លោក ចង់ឃើញយុវជននៃប្រទេសទាំងពីរបន្ដឲ្យកាន់តែខ្លាំងនូវកិច្ចសហប្រតិបត្ដិការគ្រប់វិស័យទាំងក្របខណ្ឌវប្បធម៌ ពិសោធន៍ នយោបាយ និងវិស័យសក្កានុពលជាច្រើនទៀតឲ្យកាន់តែរីកចម្រើន។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ដចំពោះការលើកឡើងរបស់ លោក ថងលី ស៊ីសូលីត និងគាំទ្រចំពោះកិច្ចសហប្រតិបត្ដិការរវាងយុវជននៃប្រទេសទាំងពីរ ដោយសម្ដេចសង្ឃឹមថា យុវជនកម្ពុជា-ឡាវ និងរួមសាមគ្គីគ្នា ដើម្បីបន្ដចែករំលែក និងផ្លាស់ប្ដូរទស្សនចំពោះគ្នាទៅវិញទៅមក ទាំងក្នុងក្រមខណ្ឌយុវជនគណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ, សម្ដេចតេជោ បានចែករំលែកនូវសារមួយចំនួនដែលជាបទពិសោធន៍ពីអតីតកាល នៃការដឹកនាំប្រទេសកាលពេលដែលសម្ដេចនៅជាយុវជនរហូតក្លាយជាប្រទេសដែលមានការអភិវឌ្ឍ និងជាប្រទេសដែលមានសន្ដិភាពដល់លោក ថងលី ស៊ីសូលីត ផងដែរ៕
អត្ថបទ៖ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង