សេដ្ឋកិច្ច

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅប្រទេសចំនួន៣ និងចូលរួមកិច្ចប្រជុំលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី

image

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។


ក្នុងអំឡុងពេលបំពេញទស្សនកិច្ច គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងចូលរួមវេទិកាធុរកិច្ចអាស៊ែបៃហ្សង់-កម្ពុជា (Azerbaijan-Cambodia Business Forum) ដែលរៀបចំឡើងដោយសហការរវាងសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងសេដ្ឋកិច្ចនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។

ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជានឹងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ែបៃហ្សង់ ក្នុងគោលបំណងជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ ផ្លាស់ប្តូរព័ត៌មានស្តីពីស្ថានភាពសេដ្ឋកិច្ច និងស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ។ គណៈប្រតិភូក៏នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយភាគីពាក់ព័ន្ធផងដែរ។


ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានឹងចូលរួមកិច្ចប្រជុំ និងវេទិកាធុរកិច្ចសំខាន់ៗផ្សេងទៀត ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅសាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ដើម្បីពង្រីកបណ្តាញទំនាក់ទំនងធុរកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងលើកកម្ពស់ភាពជាដៃគូក្នុងតំបន់ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព៕