ព័ត៌មានជាតិ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ អញ្ជើញជាអធិបតីក្នុងកម្មវិធី Universal Women International 2026 នៅកម្ពុជា

image

ភ្នំពេញ៖ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី Universal Women International 2026 ដែលកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ និងទទួលស្វាគមន៍បេក្ខនារី ព្រមទាំងប្រតិភូមកពីជាង ៤០ប្រទេសជុំវិញពិភពលោក កាលពីរាត្រីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។
អ្នកឧកញ៉ាប្រធាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេក្ខនារី និងប្រតិភូអន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា។ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានបញ្ជាក់ថា បច្ចុប្បន្ន លោកអ្នកកំពុងស្ថិតនៅលើទឹកដីអច្ឆរិយៈ ដែលមានអរិយធម៌ និងវប្បធម៌ដ៏ចំណាស់ សម្បូរបែប និងអស្ចារ្យ។ ការមកដល់របស់លោកអ្នក មិនត្រឹមតែជាការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏មានតម្លៃសម្រាប់ការជួបជុំ ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងវប្បធម៌ ព្រមទាំងការយល់ដឹងពីគ្នាទៅវិញទៅមក។
អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានប្រសាសន៍ថា ស្ត្រីគឺជាកម្លាំងដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម។ ភាពជាស្ត្រីក្នុងសម័យបច្ចុប្បន្ន មិនត្រូវបានកំណត់ត្រឹមតែសម្រស់ខាងក្រៅនោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវចំណេះដឹង សមត្ថភាព គំនិតច្នៃប្រឌិត ភាពក្លាហាន ការទទួលខុសត្រូវ និងសមត្ថភាពក្នុងការចូលរួមដឹកនាំ ព្រមទាំងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សង្គម។
អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង យល់ឃើញថា កម្មវិធី Universal Women International គឺជាវេទិកាមួយដែលផ្តល់ឱកាសដល់ស្ត្រីមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក ក្នុងការបង្ហាញពីសក្តានុពល ទស្សនៈ និងសមត្ថភាពរបស់ខ្លួន ព្រមទាំងបង្កើតបណ្តាញមិត្តភាព និងកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែន។ ជាមួយគ្នានេះ ការដែលកម្ពុជាមានឱកាសធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិនេះ ក៏ជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពីសក្តានុពល វប្បធម៌ ប្រពៃណី សិល្បៈ និងភាពរាក់ទាក់របស់ប្រជាជនកម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ។
ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានជំនឿយ៉ាងមុតមាំថា សិល្បៈ និងវប្បធម៌គឺជាស្ពានដ៏មានអានុភាពក្នុងការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។ តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជាអាចប្រើប្រាស់សិល្បៈ តន្ត្រី របាំ សម្លៀកបំពាក់ប្រពៃណី ម្ហូបអាហារ និងមរតកវប្បធម៌ខ្មែរ ដើម្បីបង្ហាញពីអត្តសញ្ញាណដ៏សម្បូរបែបរបស់ជាតិ និងបង្កើនការយល់ដឹងកាន់តែប្រសើរអំពីកម្ពុជា។
ជាពិសេស អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង សង្ឃឹមថា បេក្ខនារី និងប្រតិភូអន្តរជាតិដែលបានអញ្ជើញមកកម្ពុជា នឹងទទួលបានបទពិសោធន៍ដ៏ល្អប្រសើរ ព្រមទាំងមានឱកាសស្វែងយល់ពីប្រាសាទបុរាណ ទេសភាពធម្មជាតិ សិល្បៈប្រពៃណី ជីវភាពរស់នៅ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា ប្រកបដោយសុវត្ថិភាព និងសន្តិភាព។
ក្នុងឱកាសដ៏មានអត្ថន័យនេះ អ្នកឧកញ៉ាប្រធានបានលើកទឹកចិត្តឱ្យស្ត្រីគ្រប់រូបមានជំនឿលើខ្លួនឯង ស្គាល់តម្លៃរបស់ខ្លួន ហ៊ានសុបិន ហ៊ានចាប់ផ្តើម និងហ៊ានចូលរួមបង្កើតការផ្លាស់ប្តូរ។ អ្នកឧកញ៉ាបានគូសបញ្ជាក់ថា សម្រស់អាចជាចំណុចចាប់ផ្តើម ប៉ុន្តែចំណេះដឹង សមត្ថភាព គុណតម្លៃ និងស្នាដៃ គឺជាកត្តាដែលធ្វើឱ្យស្ត្រីម្នាក់ៗមានឥទ្ធិពល និងមានអត្ថន័យយូរអង្វែងចំពោះសង្គម។
ជាចុងក្រោយ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានជូនពរដល់បេក្ខនារី និងប្រតិភូអន្តរជាតិទាំងអស់ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មរបស់ខ្លួននៅកម្ពុជា និងសង្ឃឹមថា មិត្តភាព ការយោគយល់ និងកិច្ចសហប្រតិបត្តិការរវាងស្ត្រី និងប្រជាជនមកពីគ្រប់ប្រទេស នឹងកាន់តែរឹងមាំ។ អ្នកឧកញ៉ាក៏សង្ឃឹមផងដែរថា កម្មវិធី Universal Women International 2026 នឹងក្លាយជាវេទិកាដ៏មានអត្ថន័យសម្រាប់ការលើកកម្ពស់តម្លៃស្ត្រី ការផ្លាស់ប្តូរវប្បធម៌ និងការកសាងទំនាក់ទំនងអន្តរជាតិដ៏ល្អប្រសើរ៕