កម្ពុជា-កាហ្សាក់ស្ថាន ប្តូរឯកសារសហប្រតិបត្តិការចំនួន៧ លើវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច ឌីជីថល ទេសចរណ៍ និងវប្បធម៌
កាហ្សាក់ស្ថាន៖ កម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន បានប្តូរឯកសារសហប្រតិបត្តិការចំនួន៧ ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច រដ្ឋាភិបាលឌីជីថល ទេសចរណ៍ វប្បធម៌ និងការអភិវឌ្ឍចំណងមេត្រីភាពរវាងរាជធានីនៃប្រទេសទាំងពីរ។
ពិធីប្តូរឯកសារអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកាហ្សាក់ស្ថាន។
ឯកសារទាំង៧ រួមមាន៖
១-សេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន។
២-អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋ កាហ្សាក់ស្ថាន និងរវាងក្រុមហ៊ុនភាគហ៊ុនរួម “បច្ចេកវិទ្យាព័ត៌មានជាតិ”ស្តីពីកិច្ច សហប្រតិបត្តិការក្នុងវិស័យរដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ។
៣-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។
៤-អនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មនិងសមាហរណកម្មនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច។
៥-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-កាហ្សាក់ស្ថាន រវាងក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងទេសចរណ៏ និងកីឡា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។
៦-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃ ព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌នឹងព័ត៌មាន នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌និងវិចិត្រសិល្បៈ។
៧-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាង រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។
ការប្តូរឯកសារសហប្រតិបត្តិការទាំងនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងបង្កើតក្របខ័ណ្ឌសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល។ ជាពិសេស កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច អាចជាមូលដ្ឋានសម្រាប់ពង្រីកទំនាក់ទំនងធុរកិច្ច ខណៈការផ្លាស់ប្តូរលើវិស័យឌីជីថល ទេសចរណ៍ និងវប្បធម៌ អាចរួមចំណែកជំរុញការផ្លាស់ប្តូរបច្ចេកវិទ្យា ចំណេះដឹង និងការតភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ ការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងរដ្ឋធានីអាស្តាណា ក៏ជាការបើកឱកាសសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ និងការសហការរវាងរដ្ឋបាលរាជធានីទាំងពីរ ក្នុងការអភិវឌ្ឍទីក្រុង និងការផ្តល់សេវាសាធារណៈ។
ការប្តូរឯកសារទាំង៧ នេះ ជាការបោះជំហានថ្មីមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-កាហ្សាក់ស្ថាន និងបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍទំនាក់ទំនងលើវិស័យជាច្រើននាពេលអនាគត៕