សម្តេចធិបតី និងនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា ស្វែងរកយន្តការថ្មី ប្ដេជ្ញាលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន
សម្តេចធិបតី និងនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងការស្វែងរកយន្តការថ្មី ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង លើវិស័យ នយោបាយ និងការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត, សន្តិសុខ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងការបង្រ្កាបបទល្មើសផ្សេងៗក្នុងវិស័យបច្ចេកវិទ្យា, ច្បាប់, ហិរញ្ញវត្ថុ, និងការតភ្ជាប់ប្រជាជននិងប្រជាជន ជាដើម។
ការពិភាក្សាគ្នានេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Olzhas Bektenov នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា សាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
ឯកឧត្តមនាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន បានស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាតរភាពជូនចំពោះ សម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងបានសម្តែងក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយសម្តេចធិបតី នាឱកាសនេះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីចាត់ទុកដំណើរទស្សនកិច្ចនេះ ជាស្ពានក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត។
សម្ដេចធិបតីបានសម្តែងនូវការអរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់រដ្ឋាភិបាល និងប្រជាជនកាហ្សាក់ស្ថាន ដល់សម្ដេច និងគណៈប្រតិភូកម្ពុជានាឱកាសនេះ។ សម្ដេចធិបតីបានបង្ហាញនូវសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចនាពេលនេះ នឹងរួមចំណែកជាកម្លាំងចលករជំរុញសន្ទុះ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលជាមរតករបស់ថ្នាក់ដឹកនាំជំនាន់មុន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕
អត្ថបទ ៖ ហ៊ន សុភ័ក្រ