រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ៖ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ សហគ្រាស និងសិប្បកម្ម ដែលបានចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានជាង ៤ម៉ឺន៤ពាន់ មូលដ្ឋាន ដែលផ្តល់ការងារជិត ៥០ ម៉ឺនកន្លែង
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា “គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ សហគ្រាស និងសិប្បកម្ម ដែលបានចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានជាង ៤៤.០០០ មូលដ្ឋាន ដែលផ្តល់ការងារជិត ៥០ ម៉ឺនកន្លែង”។
នេះជាការថ្លែងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងពិធីប្រកាសជាផ្លូវការ “យុទ្ធសាស្រ្តជាតិ ស្តីពីកាអភិវឌ្ឍសហគ្រាសធុនមីក្រូតូច និង មធ្យម ឆ្នាំ២០២៦-២០៣០” ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជានាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងបញ្ជាក់ថា “តួលេខនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំហំ និងសារសំខាន់របស់វិស័យនេះចំពោះសកម្មភាពសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពល រដ្ឋ។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា “ទោះយ៉ាងណា បញ្ហាប្រឈមរបស់យើងនៅដំណាក់កាលបន្ទាប់ មិនមែនត្រឹមតែការបង្កើនចំនួនសហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែគឺត្រូវធ្វើឱ្យសហគ្រាសទាំងនេះកាន់តែមានផលិតភាព គុណភាព និងស្តង់ដា ចាប់យកបច្ចេកវិទ្យាបានកាន់តែប្រសើរ និងអាចតភ្ជាប់ទៅនឹងទីផ្សារ រោងចក្រធំៗ និងខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានតម្លៃបន្ថែមខ្ពស់។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តទៀតថា “សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តពង្រឹង និងពង្រីកប្រព័ន្ធគាំទ្រនេះ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ ក្រោមការចង្អុលបង្ហាញដោយ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ជាពិសេសបញ្ចកោណទី៣ ស្តីពី «ការអភិវឌ្ឍវិស័យឯកជន និងការងារ» ដែលផ្តោតលើការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញ និងការលើកកម្ពស់ធុរកិច្ចថ្មី និងនវានុវត្តន៍”៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី ,អ៊ុន ផាន់ណាត