សម្តេចធិបតី ថ្លែងសូមឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសអ្នកនយោបាយ ទុកឱកាសដល់រាជរដ្ឋាភិបាលដោះស្រាយបញ្ហាទឹកដី កុំយកពេលនេះ វាយប្រហារគ្នា បង្កើតភាពមិនទុកចិត្តគ្នារវាងខ្មែរ និងខ្មែរ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសូមឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ទុកឱកាសដល់រាជរដ្ឋាភិបាលដោះស្រាយបញ្ហាទឹកដី កុំយកពេលនេះ វាយប្រហារគ្នា បង្កើតភាពមិនទុកចិត្តគ្នារវាងខ្មែរ និងខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា “ប្រជាជនភាគច្រើនយល់ពីបញ្ហានេះ តែមានអ្នកនយោបាយក្រៅប្រទេស (លោក អ៊ុំ សំអាន) បានឆ្លើយយកឱកាសនេះ ចោទថា រាជរដ្ឋាភិបាលធ្វើឱ្យបាត់ដី” ។
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
សម្តេចធិបតី បានបន្តថា “ ក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលមិនភ្លេចពីបញ្ហាទឹកដីទេ ពោលរាជរដ្ឋាភិបាលបានប្រើយន្តការច្បាប់ដោះស្រាយបញ្ហានេះ ទាំងយន្តការUNCLOS ទាំងយន្តការតតាំងដោយច្បាប់អន្តរជាតិ”។ សម្តេចធិបតីបានថ្លែងថា “ពេលនេះរាជរដ្ឋាភិបាលមិនអាចបង្ហាញគ្រប់រឿងតាមហ្វេសបុកនោះទេ ព្រោះទុកពេលដើម្បីធ្វើកិច្ចការងារ ហើយពេលក្រោយ ទឹកដី គឺយើងអាចដឹងបានថា បាត់ ឬមិនបាត់ ដោយទៅមើលជាក់ស្តែង“។
បើតាមសម្តេចធិបតី សកម្មភាពរបស់លោក អ៊ុំ សំអាន បានកំពុងយកបញ្ហាទឹកដី ជាប្រធានបទវាយប្រហារគ្នា ចោទថាបាត់ទឹកដី កាត់ដីឲ្យថៃ បង្កើតភាពមិនទុកចិត្តគ្នារវាងខ្មែរ និងខ្មែរ។
ដើម្បីកុំឲ្យមានមន្ទិល សម្តេចធិបតីបានបន្តថា “ មានវិធីមួយ គឺមានតែការបញ្ជាក់ផ្ទាល់តទល់គ្នា ដោយសូមឱ្យលោក អ៊ុំ សំអាន ចូលខ្លួនមកជួបគ្នា ហើយពេលនោះកម្មវិធីនឹងបើកឱ្យប្រជាពលរដ្ឋ យុវជន អ្នកព័ត៌មានចូលរួមស្តាប់ និងសួរសំនួរពីប្រជាជន"។
សូមរំលឹកថា តាមរយះបណ្តាញសង្គមផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីរសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៦ ក៏បានលើកឡើងជាសំណេរថា" ជំហររបស់ខ្ញុំ គឺច្បាស់លាស់ និងមិនប្រែប្រួល ដូចបញ្ជាក់តាំងពីដំបូងរហូតមក គឺអញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ជាពិសេសកន្លែងដែលគាត់ចោទប្រកាន់រាជរដ្ឋាភិបាលនិងក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាលថាបានបោះបង្គោលចូលក្នុងដីខ្មែរ ធ្វើឲ្យខ្មែរបាត់បង់ទឹកដីទៅថៃ។ហេតុដូច្នេះ ដើម្បីអោយមានភាពច្បាស់លាស់ ខ្ញុំសូមបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែក ផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ៖ ១. ត្រូវជជែកគ្នាដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់ លើប្រធានបទតែមួយគត់ គឺមកជជែក និងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ ដែលលោកនិងក្រុមលោកបានចោទរាជរដ្ឋាភិបាលថាបានកាត់ដីឲ្យថៃ។ ហេតុដូច្នេះលោក និងក្រុមរបស់លោកត្រូវ៖ រៀបចំក្រុមជំនាញព្រំដែនច្បាស់លាស់ដែលអាចយល់ដឹងពីបច្ចេកទេសព្រំដែនត្រៀមរាល់ឯកសារ ភស្តុតាងទាំងឡាយណាដែលលោកមានដើម្បី មកផ្ទៀងផ្ទាត់គ្នានៅក្នុងទឹកដីកម្ពុជានៅកន្លែងនេះដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់។ ២. មិនត្រូវ ធ្វើសកម្មភាពអ្វីក្រៅពីការជជែក និងផ្ទៀងផ្ទាត់គ្នាដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់ ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ នោះទេ ជាពិសេសការឆ្លៀតឱកាសធ្វើសកម្មភាពនយោបាយគ្រប់រូបភាព (មិនថាសម្ងាត់ឬចំហរនោះទេ) ក្នុងអំឡុងពេលក្រុមការងាររបស់លោកនៅកម្ពុជា។ និយាយអោយខ្លី គឺកុំធ្វើជាត្រីងៀត ឆ្លៀតពង។ ៣. កិច្ចពិភាក្សាអាចធ្វើក្រោយថ្ងៃ ២៨ វិច្ឆិកា ២០២៦ ពេលណាក៏បាន ដោយសារមុនថ្ងៃ ២៨ វិច្ឆិកា រាជរដ្ឋាភិបាលជាប់រវល់រៀបចំកិច្ចប្រជុំកំពូល OIF Summit ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ និងចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ។ ៤. ត្រូវមកដល់កម្ពុជាមិនច្រើនជាង ២ថ្ងៃ មុនចាប់ផ្តើមជជែកផ្ទៀងផ្ទាត់គ្នា និងត្រូវចាកចេញពីប្រទេសកម្ពុជាយ៉ាងយូរ ២ថ្ងៃ ក្រោយការជជែកផ្ទៀងផ្ទាត់គ្នារួចរាល់"។
សម្តេចធិបតី បានបញ្ជាក់ថា "ខ្ញុំសូមបញ្ជាក់ថា ការធានារបស់ខ្ញុំ គឺពាក់ព័ន្ធនឹងការមកកម្ពុជាដើម្បីជជែក និងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ តែប៉ុណ្ណោះ និងក្នុងរង្វង់ពេលវេលាដែលបានកំណត់ដូចបានបញ្ជាក់ខាងលើ។
ករណីលោក អ៊ុំ សំអាន ទទួលយកបាននូវលក្ខខណ្ឌខាងលើសូមលោកបញ្ជាក់ ៖ ១. សមាសភាពដែលត្រូវចូលរួម និងពេលវេលាដែលត្រូវមកដល់កម្ពុជា។ ២. តម្រូវការអ្វីខ្លះដែលរាជរដ្ឋាភិបាលអាចផ្ដល់ឲ្យលោក និង ក្រុមរបស់លោក (កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរ ឬការការពារសន្តិសុខ) ដើម្បីយើងរៀបចំអោយបានសមរម្យ"៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប អេង សុគុណ,លឹម មុនី,អ៊ុន ផាន់ណាត