ព័ត៌មានជាតិ

មេសិទ្ធិមនុស្សកម្ពុជា​ ប្រាប់នាយកអង្គការតស៊ូមតិសិទ្ធិមនុស្ស និងការងារអាស៊ី​ អំពីការរើសអើងចំពោះពលករទេសន្តរប្រវេសន៍កម្ពុជាដែលធ្វើការ​ និងរស់នៅក្នុងប្រទេសថៃ

image

ភ្នំពេញ៖​ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មា ធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអនុញ្ញាតឱ្យលោក Phil Robertson នាយកអង្គការតស៊ូមតិសិទ្ធិ មនុស្ស​ និងការងារអាស៊ី (AHRLA) ចូលជួបពិភាក្សាការងារ​ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ កិច្ចជំនួបនេះដេីម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាង គ.ស.ម.ក. និង AHRLA។

ក្នុងឱកាសនោះ​ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់ថា ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម ដែលរាជរដ្ឋាភិបាលកម្ពុជាបានថែរក្សា បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍជាតិ និងការលើកកម្ពស់សិទ្ធិមនុស្ស។ ក្នុងនោះកម្ពុជាបានបន្តលើកកម្ពស់សិទ្ធិការងារ តាមរយៈការដំឡើងប្រាក់ឈ្នួលអប្បបរមា និងបានផ្តល់ការបណ្តុះបណ្តាល វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនពីគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណ ៤៩ម៉ឺននាក់ ព្រមទាំងទណ្ឌិត ចំនួន ៨,១៤៩នាក់។ ទន្ទឹមនឹងនេះ ការគ្របដណ្តប់សេវាគាំពារសុខភាពបានកើនពីប្រមាណ ៤.៧លាននាក់ ក្នុងឆ្នាំ២០២៣ ដល់ ៨.៥លាននាក់ ក្នុងឆ្នាំ២០២៦ ខណៈអត្រាភាពក្រីក្របានធ្លាក់ចុះពី ៣៦.៧% ក្នុង ឆ្នាំ២០១៤ មកប្រមាណ ១៦.៦%-១៧.៨% និងមានគោលដៅកាត់បន្ថយមក ៦% នៅឆ្នាំ២០៣០ ហើយអាយុសង្ឃឹមរស់ជាមធ្យមបានកើនពីប្រមាណ៥០ឆ្នាំ ក្នុងឆ្នាំ២០០០ ដល់៧១ឆ្នាំ ក្នុងឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃការអភិវឌ្ឍសង្គម និងការយកចិត្តទុកដាក់លើសិទ្ធិមនុស្ស។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែន លោកទេសរដ្ឋមន្ត្រី បានថ្លែងអរគុណលោក Phil Robertson សម្រាប់ការអំពាវនាវឱ្យមានការដោះលែងទាហានកម្ពុជាដែលត្រូវបានឃុំខ្លួនដោយយោធាថៃនាពេលកន្លងមក។ ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា​ ទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏រហូតមកដល់បច្ចុប្បន្ន ជនភៀសសឹកកម្ពុជាចំនួនជាង ២០ ០០០នាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញបាន។ ការណ៍នេះ គឺជាការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ និងការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli)។ ទន្ទឹមនឹងនេះ លោក Phil Robertson បានសម្តែងការសោកស្តាយចំពោះករណីពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សក្នុងអំឡុងពេលនៃជម្លោះព្រំដែនកម្ពុជា-ថៃ ហើយលោកមានជំហរគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចំពោះបញ្ហាជនភៀសសឹកកម្ពុជា។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការរើសអើងចំពោះពលករទេសន្តរប្រវេសន៍ កម្ពុជាដែលធ្វើការ​ និងរស់នៅក្នុងប្រទេសថៃ ការគំរាមកំហែង និងការប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ និងករណីនៃការចាប់រំលោភពីសំណាក់យោធាថៃ មកលើពលការិនីខ្មែរចំណាកស្រុកម្នាក់នៅពេលធ្វើដំណើរត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ។ ជាមួយគ្នានេះដែរ លោក Phil Robertson ក៏បានតាមដាន និងបានទទួលព័ត៌មានពាក់ព័ន្ធនឹងការរើសអើងពលករទេស្តប្រវេសន៍កម្ពុជាដែលធ្វើការនៅប្រទេសថៃ និង ករណីនៃការចាប់រំលោភពលការិនីខ្មែរចំណាកស្រុកពីសំណាក់យោធាថៃផងដែរ។

លោក Phil Robertson បានថ្លែងអំណរគុណចំពោះ លោកទេសរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យមានជំនួបនៅថ្ងៃនេះ និងបានផ្តល់ព័ត៌មានដ៏មានសារៈសំខាន់ជាច្រើនទាំងស្ថានភាពសិទ្ធិមនុស្សជាក់ ស្តែងក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះ លោកក៏បានលើកឡើងពីសារៈសំខាន់ក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ និងបានផ្តល់មតិយោបល់ល្អៗ ដើម្បីធ្វើឱ្យស្ថានភាពសិទ្ធិសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេស កម្ពុជាឱ្យកាន់តែល្អប្រសើរ រួមទាំងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់វឌ្ឍនភាពចំពោះការលើកកម្ពស់​ និងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ ជាក់ស្តែង ប្រទេសកម្ពុជាបានសម្រេចជាមួយនឹងប្រទេសបារាំង ក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពី “ការធ្វើឱ្យលែងមានទោសជាសកលនៃការស្រឡាញ់ភេទដូចគ្នា (Towards Universal Decriminalization of Homosexuality)” ដែលបានឆ្លុះបញ្ចាំងពីការលើកស្ទួយ ក៏ដូចជាការគ្មានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា៕