ឆ្នាំ២០២៧ ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនដល់ ៣ ២៧៧ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ ៣ ០៩៨ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៦
តាមការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងអត្រា ប្រមាណ ៤,០% ក្នុងឆ្នាំ២០២៦ និង ៤,៨% ក្នុងឆ្នាំ២០២៧ ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនដល់ ៣ ២៧៧ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ ៣ ០៩៨ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ។
ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា “សម្រាប់ឆ្នាំ២០២៧ ចំណូលថវិកាថ្នាក់ជាតិត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល ត្រូវជា ១៣,៤៩% នៃផ.ស.ស. ឬកើនឡើងចំនួន ៦,៧% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ ចំណូលថវិកាថ្នាក់ក្រោមជាតិ ត្រូវបានគ្រោងចំនួន ២ ៨១៩ប៊ីលានរៀល មានសមាមាត្រស្មើនឹង ៨% នៃចំណូលសរុបរបស់ថវិការដ្ឋត្រូវជា ១,១៨% នៃផ.ស.ស.”។
ចំពោះកំណើន សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៧ ត្រូវបានគាំទ្រដោយវិស័យ និងអនុវិស័យជាចន្ទល់ជំរុញកំណើន រួមមាន ១. វិស័យ ឧស្សាហកម្ម (អនុវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ ផលិតកម្មម្ហូបអាហារនិងភេសជ្ជៈ និងថ្នាំជក់) ២. វិស័យសេវាកម្ម (អនុវិស័យបដិសណ្ឋារកិច្ចនិងសេវាកម្មម្ហូបអាហារ លក់ដុំ-រាយ ដឹកជញ្ជូននិងស្តុក និង បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍) និង ៣. វិស័យកសិកម្ម (អនុវិស័យដំណាំ ចិញ្ចឹមសត្វ និងនេសាទ)៕
អត្ថបទ៖ ហ៊ន សុភ័ក្រ