ថវិកាថ្នាក់ជាតិឆ្នាំ២០២៧ មានទិសដៅជាយុទ្ធសាស្ត្រកំណត់ចំណាយសរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៩ ៧០០ប៊ីលានរៀល ត្រូវជា ១៦,៥៧% នៃផ.ស.ស. ឬកើនចំនួន ៣,២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦
ថវិកាថ្នាក់ជាតិឆ្នាំ២០២៧ មានទិសដៅជាយុទ្ធសាស្ត្រកំណត់ចំណាយសរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៩ ៧០០ប៊ីលានរៀល ត្រូវជា ១៦,៥៧% នៃផ.ស.ស. ឬកើនចំនួន ៣,២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ រីឯចំណាយថវិកាថ្នាក់ក្រោមជាតិ ត្រូវបានគ្រោងចំនួន ៥ ០៦៨ប៊ីលានរៀល មានសមាមាត្រស្មើនឹង ១១,៩% នៃចំណាយសរុបថវិការដ្ឋត្រូវជា ២,១២% នៃផ.ស.ស.។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ។
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ទំហំថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិខាងលើនេះ នៅមិនទាន់គិតបញ្ចូលនូវកញ្ចប់ថវិកា របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ដែលជាការប្រគល់មុខងារមានភ្ជាប់លក្ខខណ្ឌ ក្នុងវិស័យសុខាភិបាល ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត និងកញ្ចប់ថវិកានៃការប្រគល់មុខងារមានភ្ជាប់លក្ខខណ្ឌក្នុងវិស័យអប់រំ រួមមាន ការិយាល័យអប់រំក្រុង ស្រុក ខណ្ឌ និងមុខងារចំនួន៣ផ្សេងទៀត រួមមាន មុខងារគ្រប់គ្រងការអប់រំកុមារតូច មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា និងមុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធទៅឱ្យគ្រប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ទាំងអស់ទូទាំងប្រទេស។ ដូចនេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តថវិកា បើគិតបញ្ចូលទាំងកញ្ចប់ថវិកានៃការប្រគល់ មុខងារមានភ្ជាប់លក្ខខណ្ឌនេះ ដែលត្រូវផ្ទេរជូនភ្លាមបន្ទាប់ពីច្បាប់ហិរញ្ញវត្ថុត្រូវបានអនុម័តកញ្ចប់ថវិការបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ និងមានទំហំសរុបចំនួន ៧ ៩៥៥ប៊ីលានរៀល មានសមាមាត្រស្មើនឹង ១៨,៧% នៃចំណាយសរុបថវិការដ្ឋត្រូវជា ៣,៣២% នៃផ.ស.ស.៕
អត្ថបទ៖ ហ៊ន សុភ័ក្រ