ព័ត៌មានជាតិ

កម្ពុជា បើកកម្មវិធីពិព័រណ៍កសិកម្មឆ្នាំ២០២៦ ជាផ្លូវការ ដោយមានស្តង់ពិព័រណ៍ប្រមាណ៤០០ បានចូលរួមតាំងផលិតផល

image

ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញកាត់ខ្សែបូបើកកម្មវិធីពិព័រណ៍កសិកម្មកម្ពុជា២០២៦ ជាផ្លូវការ និងអញ្ជើញទស្សនាស្តង់ពិព័រណ៍មានស្ដង់ប្រមាណ ៤០០ ដែលបានដាក់បង្ហាញកសិផលកសិកម្មជាច្រើនមុខ។
 
ពិធីបើកពិព័រណ៍នេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូតនានា វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។ កម្មវិធីពិព័រណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការផ្សព្វផ្សាយផលិតផល ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ ទាំងក្នុងតំបន់និងអន្តរជាតិ។
 
បន្ទាប់ពីបានកាត់ខ្សែបូបើកកម្មវិធីជាផ្លូវការរួចមក លោកឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងភ្ញៀវកិត្តិយស អញ្ជើញទស្សនាស្តង់ពិព័រណ៍ផលិតផលនានា ព្រមទាំងបានសាកសួរដោយផ្ទាល់ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ប្រតិបត្តិករពាណិជ្ជកម្ម ក៏ដូចជាគុណភាពនៃផលិតផលដែលបានដាក់បង្ហាញ ក្នុងគោលដៅពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
 
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) ដោយមានស្ដង់តាំងបង្ហាញផលិតផលប្រមាណ ៤០០ស្ដង់ ដែលផ្តោតលើកសិផលយុទ្ធសាស្ត្រចំនួន ៩មុខ រួមមាន អង្ករ ស្វាយចន្ទី ម្រេច បន្លែ ត្រី ដំឡូងមី កៅស៊ូ ឈើ និងស្វាយ ព្រមទាំង ផលិតផល កសិកម្មជាច្រើនប្រភេទទៀត។
 
ក្រៅពីកសិផលយុទ្ធសាស្ត្រទាំង ៩មុខ ពិព័រណ៍នេះ ក៏មានការដាក់តាំងបង្ហាញផលិតផលកសិកម្ម គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យាដ្រូន បច្ចេកវិទ្យាឌីជីថល ធាតុចូលកសិកម្ម និងបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្មផងដែរ។ ការតាំងបង្ហាញទាំងនេះ បង្ហាញពីភាពសម្បូរបែប នៃផលិត ផលកសិកម្ម និងដំណោះស្រាយបច្ចេកវិទ្យាដែលអាចជួយបង្កើនប្រសិទ្ធភាពផលិតកម្ម និងបន្ថែមតម្លៃដល់ កសិផលកម្ពុជា។
 
ការៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង លើក កម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ ជំរុញការកែច្នៃផលិតផលកសិ-ស្បៀងអាហារ និងលើកកម្ពស់ការ ប្រើប្រាស់ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិកម្ម។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ក៏មានគោល ដៅបង្កើត ឱកាសវិនិយោគថ្មីៗ និងពង្រីកទីផ្សារសម្រាប់កសិផល និងផលិតផលកែច្នៃរបស់កម្ពុជាទាំងក្នុង និងក្រៅប្រទេសផងដែរ។
 
ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីវាគ្មិនជំនាញផ្នែកកសិកម្ម ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្ម ដើម្បីចែករំលែកចំណេះដឹង បទពិសោធ និងបច្ចេកវិទ្យាថ្មីៗ សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
 
តាមការរំពឹងទុក ព្រឹត្តិការណ៍នេះ នឹងមានអ្នកចូលរួមទស្សនាប្រមាណ ២ម៉ឺន ៥ពាន់នាក់ ក្នុងនោះមានកសិករជាង ២ពាន់នាក់ ដែលអាចទទួលបានឱកាសស្វែងយល់ពីបច្ចេកទេសផលិតកម្មថ្មីៗ និងស្វែងរកដៃគូអាជីវកម្មក្នុងវិស័យកសិកម្ម៕
 
អត្ថបទ៖ ចេង ឆហួត រូបភាព៖ ង៉ាន់ សំណាង