ADB ផ្តល់ហិរញ្ញប្បទាន ៧២លានដុល្លារ ដើម្បីពង្រឹងភាពធន់នៃវិស័យកសិកម្ម និងលើកកម្ពស់សេដ្ឋកិច្ចស្ត្រីនៅតំបន់ជនបទកម្ពុជា
ម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧២លានដុល្លារអាម៉េរិក ដើម្បីជួយកម្ពុជាពង្រឹងវិស័យកសិកម្មនៅតំបន់ជនបទ និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យកសិកម្ម ព្រមទាំងពង្រឹងភាពធន់របស់កសិករខ្នាតតូចប្រមាណ ២០ម៉ឺននាក់ នៅក្នុងឃុំដែលងាយរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។
កញ្ចប់ហិរញ្ញប្បទាននេះរួមមាន ប្រាក់កម្ចីសម្បទានចំនួន ៥៧លានដុល្លារអាម៉េរិក និងជំនួយឥតសំណងចំនួន ១៥លានដុល្លារអាម៉េរិក ពីមូលនិធិអភិវឌ្ឍន៍អាស៊ី (Asian Development Fund) ដែលគាំទ្រដល់ប្រទេសដែលមានតម្រូវការជំនួយខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនប្រកបដោយចីរភាព។
ក្រៅពីនេះ គម្រោងក៏ទទួលបានហិរញ្ញប្បទានរួមចំនួន ២៣លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ជំនួយឥតសំណងចំនួន ១០លានដុល្លារអាម៉េរិកពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund) ជំនួយឥតសំណងចំនួន ៣លានដុល្លារអាម៉េរិកពីមូលនិធិជប៉ុនសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកប្រកបដោយវិបុលភាព និងភាពធន់ ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលជប៉ុនតាមរយៈ ADB ព្រមទាំងថវិកាចូលរួមចំនួន ៤,៣លានដុល្លារអាម៉េរិកពីរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី យ៉ាសមីន ស៊ីឌីគី (Yasmin Siddiqi) នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានមានប្រសាសន៍ថា ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺជាកត្តាចាំបាច់សម្រាប់ជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រដែលងាយរងគ្រោះបំផុតពីបាតុភូតអាកាសធាតុធ្ងន់ធ្ងរ។
លោកស្រីបានបន្តថា តាមរយៈការជួយឱ្យស្ត្រីមានតួនាទីដឹកនាំ និងចូលរួមក្នុងការសម្រេចចិត្ត ព្រមទាំងកម្មវិធីអភិវឌ្ឍន៍នៅមូលដ្ឋាន គម្រោងនេះនឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្មប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដែលដឹកនាំដោយស្ត្រី និងជួយឱ្យគ្រួសារកសាងអនាគតដែលមានសុខភាពល្អ សុវត្ថិភាព និងភាពធន់កាន់តែប្រសើរ។
ADB បានបញ្ជាក់ថា គ្រោះធម្មជាតិជាច្រើនប្រភេទដែលកើតឡើងស្របគ្នា ដូចជា រលកកម្តៅ គ្រោះរាំងស្ងួត និងទឹកជំនន់ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា ដោយបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយលទ្ធភាពចូលទៅកាន់ទីផ្សារ និងធ្វើឱ្យបញ្ហាអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរ ជាពិសេសនៅតំបន់ជនបទ ដែលមានប្រជាជនរស់នៅប្រមាណ ៥៩% នៃប្រជាជនសរុបរបស់ប្រទេសកម្ពុជា។
ក្នុងចំណោមកម្លាំងពលកម្មក្នុងវិស័យកសិកម្មរបស់កម្ពុជា ស្ត្រីមានចំនួន ៥១% ប៉ុន្តែពួកគេនៅតែជាក្រុមដែលងាយរងគ្រោះ ដោយសារការទទួលបានឱកាសសេដ្ឋកិច្ច ការគាំទ្រ និងហិរញ្ញប្បទាននៅមានកម្រិត។
គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់សម្រាប់កសិករខ្នាតតូច (Smallholder Resilient Economic Development Sector Project) នឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មកសិកម្មនៅក្នុងឃុំចំនួន ១៨៦ ក្នុងខេត្តចំនួន ៧ ដែលប្រឈមខ្ពស់នឹងគ្រោះធម្មជាតិ។
គម្រោងនេះនឹងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ដើម្បីផ្គត់ផ្គង់ទឹកស្រោចស្រពដល់ផ្ទៃដីកសិកម្មបន្ថែមចំនួន ៧.០០០ហិកតា និងជួសជុលកែលម្អផ្លូវចូលទៅកាន់តំបន់កសិកម្មប្រវែង ១៩០គីឡូម៉ែត្រ ដើម្បីជួយតភ្ជាប់កសិករទៅកាន់ទីផ្សារ ការងារ និងឱកាសសេដ្ឋកិច្ចផ្សេងៗ ជាពិសេសសម្រាប់ស្ត្រី និងប្រជាជនដែលមិនទាន់ទទួលបានការគាំទ្រគ្រប់គ្រាន់។
ជាមួយគ្នានេះ កសិករនឹងទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាល ដើម្បីលើកកម្ពស់ជំនាញ និងអនុវត្តវិធីសាស្ត្រផលិតកម្មដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ រួមមាន ការដាំដុះដំណាំ សាកវប្បកម្ម ការចិញ្ចឹមបសុបក្សី ការចិញ្ចឹមសត្វល្អិត និងវារីវប្បកម្ម។
គម្រោងនេះក៏នឹងផ្តល់ជំនួយឥតសំណងដល់កសិករ ដើម្បីជួយកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ និងជីដែលនាំចូល ព្រមទាំងបង្កើនសមត្ថភាពទប់ទល់នឹងគ្រោះមហន្តរាយ និងវិបត្តិសេដ្ឋកិច្ចសកល។
លើសពីនេះ គម្រោងនឹងពង្រឹងការរៀបចំផែនការបង្កើនភាពធន់របស់សហគមន៍ ដោយលើកកម្ពស់ការចូលរួមយ៉ាងសកម្មរបស់ស្ត្រី និងក្រុមប្រជាជនងាយរងគ្រោះ ក្នុងការរៀបចំ និងអនុវត្តប្រព័ន្ធព្រមានជាមុននៅមូលដ្ឋាន និងប្រព័ន្ធឆ្លើយតបនឹងគ្រោះមហន្តរាយ ព្រមទាំងជំរុញការទទួលទានអាហារដែលមានសុខភាពល្អ និងការគ្រប់គ្រងហានិភ័យពីគ្រោះធម្មជាតិ៕